ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបាន ជំរុញឱ្យមន្ត្រីថ្មីទាំងអស់ខិតខំបំពេញកិច្ចការឱ្យបានល្អប្រសើរ ម្យ៉ាងទៀតជាមន្ត្រីរាជការទទួលបានប្រាក់ខែពីរដ្ឋ ត្រូវគាំទ្ររាជរដ្ឋាភិបាល និងបម្រើប្រជាជន ហើយសូមមានការជឿជាក់រឹងមាំជាមួយការដឹកនាំនយោបាយរបស់រាជរដ្ឋាភិបាល ដែលជានយោបាយបម្រើឱ្យប្រជាពលរដ្ឋ មិនអាចងាករេបាន ហើយអ្នកណាក៏ដោយ ឱ្យតែមានការប៉ះពាល់ជាមួយនឹងផ្លូវច្បាប់ គឺយើងយកការអនុវត្តច្បាប់ជាគោល ដើម្បីធានាឱ្យមាននីតិរដ្ឋ ។
នៅព្រឹក ថ្ងៃទី ២១ ខែវិច្ឆិកា គ.ស. ២០១៧ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ជាមួយមន្ត្រីក្របខ័ណ្ឌថ្មី ឆ្នាំ២០១៧ របស់ក្រសួង។
ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានសម្ដែងនូវការអបអរសាទរចំពោះមន្ត្រីក្របខណ្ឌថ្មីទើបប្រឡងជាប់ឆ្នាំ២០១៧ នេះ។ លោក ទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការវិឌ្ឍនៃនយោបាយរបស់កម្ពុជា ដោយកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា គ.ស. ២០១៧ តុលាការកំពូលបានចេញសាលដីការំលាយគណបក្ស សង្គ្រោះជាតិ ព្រោះតែបុគ្គលជាថ្នាក់ដឹកនាំ និងសមាជិកមួយចំនួននៃគណបក្សនេះ បានឃុបឃិតជាមួយបរទេសព្យាយាមផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតពីប្រជាពលរដ្ឋ។
លោក ទេសរដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងអំពាវនាវឱ្យអ្នកមូលដ្ឋានរបស់គណបក្សនេះ ចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះដំណែងនិងតួទាទីរបស់ពួកគរអាចរក្សានៅដដែល បន្ទាប់ពីថ្ងៃនោះនឹងមិនមានទេតំណែង និងតួនាទី។
ទន្ទឹមនេះលោក ទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីក្របខ័ណ្ឌថ្មីទាំងអស់ ដែលទើបទទួលបានតួនាទី និងភារកិច្ចតាមការចាត់តាំងរបស់ក្រសួង ត្រូវរៀនសូត្រជាមួយរៀបច្បងដែលពួកគាត់មានបទពិសោធន៍ និងធ្លាប់បានបំពេញការងារពីមុនមក ព្រមទាំងព្យាយាមយល់ដឹងបន្ថែមពីកិច្ចការផ្សេងៗទៀត ដែលក្រសួងមាន និងបានជំរុញឱ្យមន្ត្រីក្របខណ្ឌថ្មី ត្រូវធ្វើអ្វីមួយឱ្យបានច្បាស់លាស់ ហើយជឿជាក់លើខ្លួនឯងកុំឱ្យតែគេថា “ស គឺ ស គេថា ខ្មៅ គឺខ្មៅ”។
ម្យ៉ាងទៀតជាមន្ត្រីរាជការទទួលបានប្រាក់ខែពីរដ្ឋ ត្រូវគាំទ្ររាជរដ្ឋាភិបាល និងបម្រើប្រជាជនឱ្យអស់ពីពោះពីពុង។ លោក ទេសរដ្ឋមន្ត្រី បានបន្តថា ចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ២០១៨ គឺជាអណត្តិថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ហើយដោយផ្អែកទៅលើគោលនយោបាយ និងភាពរឹងមាំដែលមាននៅក្នុងឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានឆ្ពោះទៅមុខយ៉ាងរឹងមាំសំដៅថែរក្សាបាននូវសុខសន្តិភាព ហើយសុវត្ថិភាពត្រូវបានធានា និងជំរុញការលើកកំពស់សេដ្ឋកិច្ចជាតិ ដើម្បីធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដោយរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីឱ្យកម្ពុជារ៉ាប់រងនូវការចំណាយសម្រាប់មន្ត្រីរាជការ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ម្យ៉ាងទៀត នៅក្នុងឆ្នាំ២០១៨ ខាងមុខ នឹងពិតជាមានលក្ខណៈរឹងមាំ ហើយភាពរឹងមាំនេះ ដោយសារគ្រប់ស្ថាប័ន គ្រប់អង្គការចាត់តាំងរបស់រដ្ឋ បាននាំគ្នាខិតខំបំពេញនូវបណ្ដាតួនាទីទាំងឡាយណាដែលរាជរដ្ឋាភិបាលបានប្រគល់ឱ្យ ហើយសូមមានការជឿជាក់រឹងមាំជាមួយការដឹកនាំនយោបាយរបស់រាជរដ្ឋាភិបាល ដែលជានយោបាយបម្រើឱ្យប្រជាពលរដ្ឋ មិនអាចងាករេបាន ហើយអ្នកណាក៏ដោយ ឱ្យតែមានការប៉ះពាល់ជាមួយនឹងផ្លូវច្បាប់ គឺយើងយកការអនុវត្តច្បាប់ជាគោល ដើម្បីធានាឱ្យមាននីតិរដ្ឋ ។
ចំពោះអ្នកដែលមានការប៉ុនប៉ងផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីកាបោះឆ្នោត និងជាសមាជិកនៃអង្គការសហប្រជាជាតិ គឺមិនអាចធ្វើការផ្ដូលរំលំតាមរយៈការធ្វើបដិវត្តន៍ពណ៌ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជនបានឡើយ។ នេះគឺជាការកំណត់នូវទិសដៅ និងនយោបាយរបស់រាជរដ្ឋាភិបាល ដោយមិនអាចឱ្យអ្នកណាមកលូកដៃ ឬកកូរកកាយធ្វើឱ្យខូចផលប្រយោជន៍ បំផ្លាញសន្ដិភាព ដែលបានខិតខំរក ហើយទំរាំបានមកដល់សព្វថ្ងៃនេះ យើងបានឆ្លងកាត់ឧបសគ្គជាច្រើន ចាប់តាំងពីបាតដៃទទេរហូតបច្ចុប្បន្នេះ៕ ដោយ៖បញ្ញាស័ក្តិ