ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាជាតិនៃការចងចាំ ២០ ឧសភា ! ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសារនៅលើផេក facebook ផ្លូវការនៅថ្ងៃចន្ទនេះយ៉ាងដូច្នេះថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងសារយ៉ាងដូច្នេះថា នាឱកាស ទិវាជាតិនៃការចងចាំ ខ្ញុំសូមគោរពដល់ដួងវិញ្ញាណក្ខ័ន្ធប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជន និងប្រជាជាតិកម្ពុជាបានធ្លាក់ក្នុងរណ្តៅមរណៈដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត។ ខ្ញុំក៏សូមឧទ្ទិសទិវានេះ ជូនដល់វីរៈយុទ្ធជន យុទ្ធនារីក្លាហានទាំងអស់ដែលបានពលីជីវិតក្នុងបុព្វហេតុសង្រ្គោះជាតិចេញពីវាលពិឃាតដ៏សាហាវឃោឃៅមួយនេះ។

ទោះបីជាយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាពក៏ពិតមែន តែយើងមិនដែលភ្លេចនូវជនរងគ្រោះ និងសោកនាដកម្មដែលមាតុភូមិជាទីស្នេហារបស់យើងបានឆ្លងកាត់។ ការរំឭកឡើងវិញនូវប្រវត្តិសាស្រ្តជូរចត់ គឺជាការពញ្ញាក់ស្មារតីដល់យុវជនជំនាន់ក្រោយឱ្យស្វែងយល់ និងចងចាំអ្វីដែលជាស្លាកស្នាមប្រវត្តិសាស្រ្ត និងផលវិនាកនៃសង្រ្គាម ហើយខិតខំថែរក្សា និងលើកស្ទួយតម្លៃនៃសន្តិភាពដែលពួកយើងកំពុងមានសព្វថ្ងៃ។

ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនទាំងអស់គ្នាចូលរួមសង្រួមកាយ វាចា ចិត្តដើម្បីគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់គ្នា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម