ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងបន្តការពារខ្លួនប្រឆាំងនឹងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន និង ប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិនៃសង្រ្គាមត្រជាក់ថ្មី សាជាថ្មីម្តងទៀត ។
នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទ “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការការពារ និង ការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលឯកសារកម្ពុជា នៅសាលយុត្តិតេជោ ដែលជាអតីតបន្ទប់សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកទ្បើងវិញថា អំពើប្រល័យពូជសាសន៍ គឺជាចំណោទដ៏ឈឺចាប់មួយសម្រាប់កម្ពុជា ។ យ៉ាងណាក៏ដោយ ការឈឺចាប់នេះ បានដាក់បន្ទុកឱ្យកម្ពុជាមានការទទួលខុសត្រូវក្នុងការការពារសង្គម និងមនុស្សជំនាន់ក្រោយ ពីអំពើប្រល័យពូជសាសន៍ ដើម្បីកុំឱ្យសង្គមប្រឈមនឹងការឈឺចាប់ ដែលមិនអាចពិពណ៌នាបាននេះ សាជាថ្មីម្តងទៀត ។ ទន្ទឹមនេះ សម្តេចធិបតី បានចែករំលែកការពិចារណាមួយចំនួន អំពីគោលការណ៍ និងវិធីសាស្រ្តរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីកសាងអនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍ មានជាអាទិ៍៖
ទីមួយ, កម្ពុជា ក្នុងនាមជាប្រជាជាតិមួយ ត្រូវមានការឯកភាពគ្នាលើប្រវត្តិសាស្ត្រ ។ សម្រាប់កម្ពុជា, ប្រវត្តិសាស្ត្រទាក់ទងនឹងថ្ងៃរំដោះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១, និង ការសម្រេចបាននូវសន្តិភាពពេញលេញទាំងស្រុងតាមរយៈ “នយោបាយឈ្នះ-ឈ្នះ” នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវមានការបកស្រាយតែមួយ និងមានភាពរឹងមាំ ដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗ ក្នុងបំណងកេងចំណេញនយោបាយ ដោយបំពានលើយុត្តិធម៌របស់ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ ក៏ដូចជា លើកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិ ។ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃរំដោះ ឬ “ថ្ងៃកំណើតទីពីរ” របស់អ្នករស់រានមានជីវិតនៅកម្ពុជារាប់លាននាក់ ហើយជាមួយនឹងវិសាលភាពនៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបែបនេះ យើងពិតជាមិនអាចអធិប្បាយអំពី “ថ្ងៃ ៧ មករា”ផ្សេងពីនេះបានឡើយ ។ ដូចគ្នាដែរ ដើម្បីនិយាយអំពីដំណើរការសន្តិភាពរបស់កម្ពុជា យើងត្រូវមានការយល់រួមគ្នា និងការកំណត់ឱ្យបានច្បាស់លាស់ រវាងសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសមិទ្ធផលនៃ “នយោបាយឈ្នះ-ឈ្នះ” ។ ជាការពិត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងពីរនេះ បានជួយពង្រឹងគ្នាទៅវិញទៅមក ប៉ុន្តែរបត់ប្រវត្តិសាស្ត្រសំខាន់បំផុតនៃសន្តិភាពរបស់កម្ពុជា គឺកើតចេញពីលទ្ធផលដ៏ត្រចះត្រចង់នៃ “នយោបាយឈ្នះ-ឈ្នះ”នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និងរចនាសម្ព័នកម្លាំងប្រដាប់អាវុធរបស់ខ្មែរក្រហម ត្រូវបានរំលាយទាំងស្រុង ហើយកម្លាំងទាំងអស់របស់ខ្មែរក្រហម ត្រូវបានធ្វើសមាហរណកម្មក្នុងសង្គមកម្ពុជា ។ សច្ចភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានបិទបញ្ចប់សង្រ្គាមស៊ីវិល និងការឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបានអូសបន្លាយអស់រយៈកាលបីទសវត្សរ៍ ដែលទាល់តែក្រោយការអនុវត្តដោយជោគជ័យនៃ “នយោបាយឈ្នះ-ឈ្នះ” ទើបកម្ពុជាចាប់ផ្តើមទទួលបាននូវសន្តិភាពពេញលេញ និងយូរអង្វែង រួមទាំងការឯកភាពជាតិ និងការឯកភាពក្នុងជួរកងទ័ព ព្រមទាំងទទួលបាននូវការគ្រប់គ្រងពេញលេញ លើបូរណភាពទឹកដីរបស់ខ្លួន នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់ព្រះមហាក្សត្រតែមួយអង្គ ហើយនេះជាអច្ឆរិយហេតុសង្គមដ៏វិសេសវិសាលមួយ ដែលកម្ពុជាពុំធ្លាប់ជួបប្រទះក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន ។
ទីពីរ, ការស្វែងរកយុត្តិធម៌ដែលមានការទទួលស្គាល់ជាអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួម នៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ហើយនេះគឺជាមូលហេតុដ៏ចម្បងបំផុត ដែលបានធ្វើឱ្យ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការបង្កើត អ.វ.ត.ក ដោយច្បាប់របស់កម្ពុជា កាលពីឆ្នាំ ២០០១ ។ ជាការពិត តុលាការនៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសមេដឹកនាំរបបនេះរួចហើយ កាលពីឆ្នាំ ១៩៧៩ ។ យ៉ាងណាក្តី ថ្នាក់ដឹកនាំ និងសង្គមកម្ពុជា បានទទួលស្គាល់ថា សាលក្រមរបស់ អ.វ.ត.ក.
នឹងចូលរួមជួយពង្រឹងមូលដ្ឋាននៃការពិត និងជួយផ្តល់យុត្តិធម៌បន្ថែមទៀត សម្រាប់ប្រជាជាតិកម្ពុជា ព្រមទាំងនឹងចូលរួមជួយព្យាបាលស្នាមរបួសរបស់អ្នកនៅរស់រានមានជីវិត និងជួយពង្រឹងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ ។ តាមរយៈ អ.វ.ត.ក. កម្ពុជាបានបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ “ការទទួលខុសត្រូវដើម្បីការពារ” (Responsibility To Protect) ហើយការណ៍ដែល អ.វ.ត.ក. មានលក្ខណៈជាសាលាក្តីកូនកាត់ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានអនុញ្ញាតឱ្យ អ.វ.ត.ក. នាំយកមេរៀនសំខាន់ៗទាំងនេះ ផ្តល់ទៅសហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកនឹងលែងជួបប្រទះនូវសោកនាដកម្ម ពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបោសសម្អាតជាតិសាសន៍ ទៀតហើយ ។
ទីបី, ឈរលើមូលដ្ឋាននៃយុត្តិធម៌ សង្គមទាំងមូលត្រូវតែបន្តក្រើនរំលឹកជានិច្ច អំពីឫសគល់នៃសោកនាដកម្មពីអតីតកាល ដើម្បីអនុញ្ញាតឱ្យបទពិសោធន៍ដ៏លំបាកបំផុតពីអតីតកាល អាចចូលរួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើង នាអនាគត ។ ចំណុចនេះ ជាការរួមបញ្ចូលគ្នា នៃកត្តាផ្សំផ្សេងៗដ៏ស្មុគ្រស្មាញ ដែលនាំឱ្យកម្ពុជា ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល អស់រយៈពេលបីទសវត្សរ៍ ។ នៅពេលដែលកម្ពុជាបាត់បង់ឯកភាពផ្ទៃក្នុង រវាងក្រុមបក្សនយោបាយ និងមិនមានឯកភាពក្នុងជួរកងទ័ព កម្ពុជាអាចទទួលរងការជ្រៀតជ្រែកពីបរទេស ហើយទីបំផុតកម្ពុជាអាចបាត់ភាពជាម្ចាស់ក្នុងការគ្រប់គ្រងជោគវាសនាជាតិរបស់ខ្លួន ។ ភាពឈឺចាប់របស់ប្រជាជាតិកម្ពុជា ដោយការលូកដៃពីអំណាចបរទេស គួបផ្សំជាមួយភាពអយុត្តិធម៌សង្គមផ្ទៃក្នុង ដែលស្តែងទ្បើងតាមរយៈគម្លាតរវាង “មាន-ក្រ” បានបង្កឱ្យមានភាពតានតឹងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យមានមនោគមន៍ជ្រុលនិយមនៃរបបប៉ុលពត ដូច្នេះសង្គមកម្ពុជាត្រូវតែក្រើនរំលឹកជាដរាបអំពីមេរៀនទាំងនេះ ដើម្បីធានាថា យើងនឹងមិនដើរលើផ្លូវដដែលនោះទេ ហើយលើសពីនេះ យើងត្រូវតែកែសម្រួល ឬសម្របស្ថានភាពសង្គមរបស់យើង នៅពេលណាដែលចាំបាច់ ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឫស ហើយយើងមិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយម តាមរយៈការជំរុញការតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ ការផ្លាស់ប្តូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍ នោះទ្បើយ ។ កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និងជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា ហើយរដ្ឋាភិបាលមានកាតព្វកិច្ច ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍជាតិ ។
ទីបួន, ។ នៅកម្រិតជាតិ យើងបានរៀបចំព្រឹត្តិការណ៍ជាច្រើន ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាចលនាជាតិ នៅក្នុងការរំលឹកអំពីអំពើប្រល័យពូជសាសន៍ ។ យើងត្រូវធានាឱ្យបាននូវការការពារថែរក្សានូវទិដ្ឋភាពរូបវន្ត និងអរូបីនៃប្រវត្តិសាស្ត្រ រួមមាន ការរក្សាទីតាំងឧក្រិដ្ឋកម្ម និងភស្តុតាង ក៏ដូចជា ការនិទានប្រវត្តិសាស្ត្រ ដោយផ្ទាល់មាត់ ។ ទន្ទឹមនឹងការថែរក្សាទីតាំងប្រវត្តិសាស្ត្រ ភស្តុតាង និងបណ្ណសារ ឱ្យបានត្រឹមត្រូវ យើងក៏ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ជ្រាបពីការពិតដ៏សែនលំបាកទាំងនេះ ទៅកាន់មនុស្សជំនាន់ក្រោយ ដែលអាចមានគម្លាតនៃការយល់ដឹងផ្សេងគ្នា បើប្រៀបធៀបជាមួយនឹងអ្នកដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ ។ យើងត្រូវបន្តនិយាយរឿងទាំងនេះ ពីមួយជំនាន់ទៅមួយជំនាន់ទៀត ទោះបីជាការនិយាយរឿងទាំងនេះ បង្កឱ្យមានការឈឺចាប់ក៏ដោយ ដែលនេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះ ទើបអាចរៀបរាប់ពីបទពិសោធន៍របស់ពួកគេបានល្អបំផុត ។ ក្រោយបញ្ចប់ដំណើរការកាត់ក្តី អ.វ.ត.ក. ត្រូវបន្តអនុវត្តមុខងាររបស់ដែលនៅសេសសល់ ជាពិសេស ពាក់ព័ន្ធនឹងការអប់រំពីអំពើប្រល័យពូជសាសន៍ ព្រោះជាមួយនឹងបទពិសោធន៍ជាក់ស្តែងនៅក្នុងបន្ទប់សវនាការ និងបណ្ណសារយ៉ាងទូលំទូលាយ អ.វ.ត.ក. គឺជាតួអង្គអនុវត្តដ៏ល្អបំផុត ក្នុងការអប់រំអំពីអំពើប្រល័យពូជសាសន៍ ។ បន្ថែមលើនេះ អ.វ.ត.ក. ក៏អាចពន្យល់ដល់ពិភពលោក អំពីវិធីសាស្ត្រត្រឹមត្រូវ ដែលប្រជាជនកម្ពុជាអាចប្រឈមមុខដោយផ្ទាល់ និងផ្សះផ្សាជាមួយនឹងអតីតកាលដ៏សោកសៅនេះ តាមរយៈដំណើរការកាត់ក្តីដោយមិនលម្អៀង និងភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជនកម្ពុជា ។ ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងស៊ីវិល និងយោធា ត្រូវគាំទ្រការងារអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ ។ យើងត្រូវតែធានាថា ការបង្រៀនប្រវត្តិសាស្រ្ត ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងឯកជន ចាប់ពីអនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស ។ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះទេ
គឺយើងអាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និងអក្សរសាស្រ្តខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញទន់ផ្សេងទៀត ផងដែរ ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និងជំនាន់ផ្សេងគ្នា រួមមាន តាមរយៈសិល្បៈ, មាតិកាឌីជីថល ឬ គំនូរជីវចល ជាដើម ដោយយើងចាំបាច់ត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជារបស់កាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ ។
ទីប្រាំ, យើងត្រូវតែការពារសន្តិភាពដែលសម្រេចបានមកដោយលំបាកលំបិនបំផុតនេះ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ។ កាតព្វកិច្ចនេះ មិនមែនសម្រាប់តែប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ព្រោះសង្គ្រាមមិនដែលផ្តល់ផលល្អដល់ប្រជាជាតិណាមួយលើសាកលលោកនេះ នោះទេ។ ជាសត្យានុម័ត សង្គ្រាម គឺជាស្ថានការណ៍ដែលបង្កឱ្យមានការសម្លាប់រង្គាលប្រឆាំងនឹងជនស៊ីវិលដោយគ្មានរើសអើង ដោយសារតែការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ ។ នៅពេលដែលមានសង្គ្រាមកើតឡើង គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយលទ្ធិប្រជាធិបតេយ្យ ដូច្នេះ គឺជាការទទួលខុសត្រូវរបស់រដ្ឋ និងប្រជាជនទាំងអស់គ្នាក្នុងការការពារសន្តិភាព និងក្នុងការឱ្យតម្លៃដល់សន្តិភាពដែលសម្រេចបានមកជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន ព្រោះ សន្តិភាព មិនបានមកដោយឯកឯងនោះទេ ។ ក្នុងន័យនេះ មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ ត្រូវតែជៀសវាងពីការចូលរួមក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្តូររបបដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិការនៃការទទួលខុសត្រូវ ក្នុងការការពារសន្តិភាព ឱ្យខាងតែបាន ។ កម្ពុជា នឹងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដែលផ្អែកលើច្បាប់ កសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់ក្នុងពិភពលោក និងជាមួយអង្គការអន្តរជាតិនានា ព្រមទាំងនឹងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ និងលើពិភពលោក ដោយឈរលើគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ។ កម្ពុជានឹងបន្តការពារខ្លួនប្រឆាំងនឹងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន និង ប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិនៃសង្រ្គាមត្រជាក់ថ្មី សាជាថ្មីម្តងទៀត ។
ដោយព្រឹត្តិការណ៍សន្និសីទ “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការការពារ និងការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព” នេះ ប្រព្រឹត្តិទៅចំថ្ងៃទី២០ ខែឧសភា ជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូលរំលឹកឡើងវិញអំពីអំពើប្រល័យជាតិសាសន៍ឯង ដែលធ្វើឡើងដោយរបបខ្មែរក្រហម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានធ្វើការបួងសួងរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ព្រមទាំងវិញ្ញាណក្ខន្ធវីរជនទាំងអស់ ដែលបានពលីជីវិត ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងនេះ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

















