ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: មានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិ លើកទី១ នៅទីក្រុងភ្នំពេញ ព្រះរាជណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានថ្លែងថាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នេះ រៀបចំក្នុងគោលបំណងលើកស្ទួយវប្បធម៌ ទេសចរណ៍ បរិស្ថាន ដែលនឹងត្រៀមប្រារព្ធពិធីបើកនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពចតុម្មុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងប្រារព្ធពិធីបិទនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា។
ចំពោះក្រុមចម្រៀងជាពួកអន្តរជាតិគឺអញ្ជើញមកពីបណ្តាប្រទេសអាស៊ានចំនួន៧ក្រុមមកចូលរួមប្រកួតប្រជែង៖ កម្ពុជា២ក្រុម ឥណ្ឌូនេស៊ី២ក្រុម ម៉ាឡេស៊ី២ក្រុម និងថៃឡង់ដ៍១ក្រុម សរុបប្រមាណ២៥០នាក់។ ព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នៅទីក្រុងភ្នំពេញក៏គ្រោងនឹងបន្ថែមនូវ«កម្មវិធីមិត្តភាព» (Friendship Concert) ដែលនឹងរៀបចំធ្វើនៅទីលានវត្តភ្នំ និងផ្សារទំនើប ឬទីកន្លែងណាផ្សេងទៀត សម្រាប់សាធារណជនទូទៅបានទស្សនា។ ហើយព្រឹត្តិការណ៍នេះក៏មាននូវកម្មវិធីសិក្ខាសាលាសម្រាប់សិស្សនិស្សិតមកពីសាកលវិទ្យាល័យនិងសាលាផ្សេងៗ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ រៀបចំដោយ INTERKULTUR និង All Dreams Cambodia គាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងព័ត៌មាននិងសាលារាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី