ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំមួយ និងជាអតីតរាជធានីខ្មែរ ។
ពិធីបុណ្យនេះ មានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ មន្ត្រីសង្ឃ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអ្នកមុខ អ្នកការ មន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។
ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
















































