ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបិទ សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក (សាលាក្តីខ្មែរក្រហម) ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
សម្ដេតេជោ ហ៊ុន សែនបានថ្លែងថា «ខ្ញុំសូមរម្លឹកថា នៅមុនពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសមួយចំនួនបានផ្ដល់ទិដ្ឋាការ (Visa) ការទូតដល់ក្រុមខ្មែរក្រហម ហើយទទួលក្រុមខ្មែរក្រហមដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដោយព្រំក្រហម ដែលជាការទទួលភ្ញៀវអន្តរជាតិកម្រិតខ្ពស់ថែមទៀត ដែលនេះគឺជាការឈឺចាប់សម្រាប់យើងដែលជាជនរងគ្រោះ នៃអំពើប្រល័យពូជសាសន៍»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ខ្ញុំសូមរម្លឹកថា នៅអំឡុងការចរចាស្វែងរកសន្តិភាពសម្រាប់កម្ពុជាកាលពីឆ្នាំ១៩៨៩ ខ្ញុំបានលើកឡើងថា កន្លែងដ៏ស័ក្ដិសមបំផុតរបស់ក្រុមខ្មែរក្រហម គួរនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ មិនគួរស្ថិតនៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) នោះទេ»។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍រម្លឹកថា នៅអំឡុងការចរចាស្វែងរកសន្តិភាព សម្រាប់កម្ពុជាកាលពីឆ្នាំ១៩៨៩ ក្នុងសុន្ទរកថារបស់ សម្ដេច, សម្ដេចបានលើកឡើងថា កន្លែងដ៏ស័ក្ដិសមបំផុតរបស់ក្រុមខ្មែរក្រហម គួរនៅតុលាការឧក្រិដ្ឋ កម្មអន្តរជាតិ មិនគួរស្ថិតនៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា(SNC)នោះទេ។ ការលើកឡើងរបស់ សម្ដេចបែបនេះ ត្រូវបានធ្វើឱ្យជាប់គាំងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានាពេលនោះ។
សម្ដេចតេជោ ហ៊ុន សែនបានថ្លែងស្នើឱ្យមានច្បាប់ ដើម្បីដាក់ទោសលើជនណាដែលនិយាយថា មិនមានរបបប្រល័យពូជសាសន៍ នៅកម្ពុជា។ សម្ដេចតេជោ មានប្រសាសន៍បន្តថា សម្ដេចរង់ចាំ ៤៣ ឆ្នាំទើបយុត្តិធម៌មួយត្រូវបានផ្ដល់ ជូនប្រជាជនកម្ពុជា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី











