ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ៖ គម្រោងសន្តិសុខទឹក នឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត

ប្រទេសឥណ្ឌូនេស៊ី៖ ឆ្លៀតក្នុងឱកាសចូលរួមវេទិកាទឹកពិភពលោកលើក ទី ១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន ជួប ពិភាក្សា ទ្វេ ភាគីជាមួយតំណាងធនាគារពិភពលោក លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាង កើត និងប៉ាស៊ីហ្វិក និងលោក Saroj Kumar Jha នាយកផ្នែកទឹកសាកលនៃធនាគារពិភពលោក។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនតំណាងធនាគារពិភពលោក (WB) ថា ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹករយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយផែនការទាំងនេះគឺជាគំនិតផ្តួចផ្តើមប្រកបដោយយុទ្ធសាស្រ្ត និងមានផែនការជាក់លាក់ ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពមោះមុត និងបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ផែនការយុទ្ធសាស្រ្តរយៈពេលវែងទាំងនេះទាមទារនូវការវិនិយោគពីគ្រប់ដៃគូអភិវឌ្ឍន៍ ជាពិសេស ធនាគារ ពិភពលោក (WB) ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាអាចសម្រេចបានគោលដៅយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ ប្រជាជនមានជីវភាពកាន់តែប្រសើរ ព្រមទាំងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ជាអារ្យប្រទេស ជឿន លឿន មួយក្នុងតំបន់ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងជំនួបនេះ លោកស្រីអនុប្រធានធានាគារពិភពលោកបានបញ្ជាក់ពីជំហរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តគម្រោងសន្តិសុខទឹកដែលមានរយៈពេល ៦ឆ្នាំ (២០២៤-២០៣០)។

ជាលទ្ធផលនៃកិច្ចជំនួបជាមួយតំណាងធនាគារពិភពលោក (WB) គម្រោងសន្តិសុខទឹក នឹងត្រូវចាប់អនុវត្តឆាប់ៗចាប់ពីចុងឆ្នាំ២០២៤ រហូតដល់ ឆ្នាំ២០៣០ សម្រាប់ខេត្តមួយចំនួនរួមមាន៖ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ ជាដើម ដោយផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត និងអាងទឹកមួយចំនួន ដើម្បីធានាសន្តិសុខទឹក និងនិរន្តរភាពនៃការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត។ គម្រោងសន្តិសុខទឹកនេះក៏នឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម