Sunday, June 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហែម វណ្ណឌី ៖ សហគ្រិនស្ត្រី, ការចូលក្នុងប្រព័ន្ធ សុចរិតភាព និងនវានុវត្តន៍គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍអាជីវកម្ម

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងលទ្ធភាពគាំទ្រ ដើម្បីផ្តល់ភាពអង់អាចដល់សហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនោះ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកជំទាវ ចាន់ ភារី បានណែនាំសមាសភាពថ្នាក់ដឹកនាំថ្មីរបស់សមាគម ព្រមទាំងចក្ខុវិស័យ សកម្មភាពការងារ និងបញ្ហាប្រឈមដែលសហគ្រិនស្ត្រីកំពុងជួបប្រទះ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា សមាគមសហគ្រិនស្ត្រីកម្ពុជាគឺជាសមាគមដែលលេចធ្លោមួយ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្មីរបស់សមាគម ឱ្យចាប់យកនវានុវត្តន៍ ដើម្បីជួយគាំទ្រសហគ្រិនស្ត្រីកម្ពុជាកាន់តែច្រើនឱ្យទទួលបានជោគជ័យមួយកម្រិតទៀត។

ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីគោលដៅរបស់អាស៊ានក្នុងការធ្វើសុខដុមនីយកម្មស្តង់ដារនៅឆ្នាំ២០២៥ខាងមុខ ដែលនឹងតម្រូវឱ្យផលិតផលបំពេញតាមស្តង់ដារទាំងនោះ មុននឹងអាចនាំទៅចេញលក់នៅប្រទេសណាមួយក្នុងតំបន់។ ឯកឧត្តមបានស្នើឱ្យសមាគមលើកកម្ពស់ការចូលក្នុងប្រព័ន្ធក្នុងចំណោមសមាជិករបស់ខ្លួន ព្រមទាំងសហការជា មួយក្រសួង និងដៃគូនានា ដូចជាសហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖ “ដើម្បីឱ្យមានភាពប្រកួតប្រជែង វាជារឿងសំខាន់ដែលយើងត្រូវរៀបចំអាជីវកម្មរបស់យើងឱ្យចូលក្នុងប្រព័ន្ធ ចាប់យកស្តង់ដារ និងធ្វើតេស្តគុណភាពផលិតផលឱ្យបានត្រឹមត្រូវ”។ ឯកឧត្តមបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងធ្វើកំណែទម្រង់មន្ទីរពិសោធន៍ជាតិរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពធ្វើតេស្ត ដោយផ្តោតលើតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។

លោកជំទាវ ចាន់ ភារី បានជម្រាបជូនពីបញ្ហាប្រឈមរបស់សហគ្រិនស្ត្រីកម្ពុជា ដែលភាគច្រើនកំពុងធ្វើអាជីវកម្មធុនមីក្រូ និងតូច និងមានការយល់ដឹងតិចតួចអំពីស្តង់ដារ និងនីតិវិធីសម្រាប់ការនាំចេញ។

លោកជំទាវប្រធានសមាគមបានលើកឡើងថា សមាជិកសមាគមមួយចំនួនបានជួបបញ្ហាប្រឈម ដូចជាការលក់ធ្លាក់ចុះ លទ្ធភាពចំណេញតិច និងចំណាយប្រតិបត្តិការខ្ពស់ ដូច្នេះសមាគម ដែលបច្ចុប្បន្នមានសមាជិកប្រមាណ១ពាន់នាក់ កំពុងខិតខំជួយសម្រួលដល់ការផ្គូផ្គងផលិតផល តាមរយៈការកសាងបណ្តាញអាជីវកម្ម និងការចូលរួមក្នុងពិព័រណ៍ផលិតផលនានា។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យសមាគមផ្តោតអាទិភាពលើអភិបាលកិច្ចស្ថាប័ន និងភាពជាតំណាងរបស់សមាជិក ដោយស្នើសមាគមឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាអូស្ត្រាលីជាដើម។ ឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃការចូលក្នុងប្រព័ន្ធរបស់អាជីវកម្ម ដើម្បីបង្កើនលទ្ធភាពទទួលបានទុន ហិរញ្ញវត្ថុ និងឱកាសអភិវឌ្ឍន៍ជំនាញ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យសមាគមបង្កើតគោលការណ៍ណែនាំស្តីពី “អ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ” សម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិន ជាពិសេសធុរកិច្ចថ្មី ដោយផ្តោតលើសុច្ចរិតភាពអាជីវកម្ម។ ឯកឧត្តមបានណែនាំឱ្យអនុវត្តការត្រួតពិនិត្យដោយខ្លួនឯង តាមរយៈសមាគម ដោយរៀបចំការប្រកួតប្រជែងពានរង្វាន់សុចរិតភាពអាជីវកម្ម ដើម្បីលើកទឹកចិត្តសមាជិកឱ្យអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់សមាជិកសមាគមឱ្យពិចារណាចងក្រងគ្នា ដើម្បីទទួលបានប្រយោជន៍ពីសេដ្ឋកិច្ចវិមាត្រ តាមរយៈការប្រមូលផ្តុំកម្លាំងផលិត និងការអភិវឌ្ឍចង្កោមផលិតកម្ម។ ឯកឧត្តមបានលើកទឹកចិត្តសមាគមឱ្យចាប់យកនវានុវត្តន៍ ដោយបន្ថែមថា ផលិតផលប្រពៃណីដូចជាសូត្រអាចត្រូវបានច្នៃ មិនត្រឹមតែសម្រាប់ផលិតជាសម្លៀកបំពាក់ទេ តែពង្រីកទៅផលិតផលផ្សេងទៀត ដូចជាគ្រឿងតុបតែងផ្នែកខាងក្នុងសណ្ឋាគារ ឬអគារធំៗ ដើម្បីបង្កើនទីផ្សារផលិតផលទាំងនោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×