ភ្នំពេញ ៖ តាមអ្វីដែលបានគ្រោងទុកការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី២០ សីហា ហើយនៅរាជធានី ភ្នំពេញ មានបេក្ខជនចូលរួមប្រឡងមានចំនួនជាង២ម៉ីននាក់។ ចំណែកនៅទូទាំងប្រទេស មានចំនួនជាង១១ម៉ឺននាក់។ នេះបើតាមការបង្ហាញឲ្យដឹង ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការអង្កេតការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៧ _២០១៨ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ សីហានេះ។
លោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា គ្រប់បេក្ខជនប្រឡងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើ ឲ្យបែកធ្លាយវិញ្ញាសាជាសាធារណៈនោះ គឺជាប់ទោសព្រហ្មទណ្ឌ ហើយបើមានការបែកធ្លាយវិញ្ញាសាមែននោះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកការស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួនជនល្មើសឲ្យខាងតែបាន។ ភាពសំងាត់ នៃវិញ្ញាសាប្រឡង ជារឿយៗ ACU និងក្រសួងអប់រំ តែងតែដាស់តឿនឲ្យបេក្ខជនប្រឡង អ្នកសង្កេតការណ៍ មេប្រយោគ គ្រូអនុរក្ស និងអ្នកពាក់ព័ន្ធនានា ហាមដាច់ការថតវិញ្ញាសា និងការរក្សាភាពសំងាត់នៃវិញ្ញាសា ដែលសូម្បីតែការថតរក្សាទុកផ្ទាល់ខ្លួន ក៏មិនអនុញ្ញាតឲ្យថតដែរ ហើយអ្នកថតនោះ បើចាប់បាន ក៏ត្រូវមានទោសដូចគ្នាដែរ។
លោកបានបន្តថា ការប្រលងនេះត្រូវប្រកាន់ពាក្យស្លោកមួយថា អ្នកចេះគឺប្រឡងជាប់។ យើងបានរិតបណ្តឹងលើការងារប្រឡងនេះ៦ឆ្នាំហើយបើគិតទាំងឆ្នាំនេះ ដោយអនុវត្តស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
លោកកើត ឆែ អភិបាលរងរាជនីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ បានស្នើ ឲ្យគ្រប់ស្ថាប័ន ពាក់ព័ន្ធ និងសមត្ថកិច្ច ត្រូវបន្ដកិច្ចសហការ គាំទ្រ ដើម្បី ធ្វើការសម្របសម្រួល បេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឆ្នាំនេះប្រព្រឹត្តិទៅទទួលបានភាពល្អប្រសើរ ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញឆ្នាំនេះ មានមណ្ឌលប្រលងចំនួន២៥មណ្ឌល មានចំនួន៩១៣បន្ទប់និងមានបេក្ខជនប្រលងចំនួន២២៧៧៨នាក់ ជាមួយនិងកងកម្លាំងសន្ដិសុខចូលរួម ការ ពារសុវត្ថិភាពយ៉ាងម៉ត់ចត់ ។
ចំណែកនៅទូទាំងប្រទេសមានមណ្ឌលប្រឡងចំនួន១៩៥ និងមានបន្ទប់ប្រឡងចំនួន៤៧១៧ និងមានបេក្ខជនសរុបចំនួន ១១៧០៦១នាក់។
ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសថា ប្រការដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យោងតាមប្រកាសលេខ ១០២៦ អយក.ប្រក ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ស្ដីពីការដាក់ឱ្យអនុវត្តបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
បទប្បញ្ញត្តិចំពោះបេក្ខជន និងបុគ្គលិកអប់រំ ក្នុងការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទក្នុងមណ្ឌលសំណេរ សម័យប្រឡង ថ្ងៃទី២០ សីហា ២០១៨ ៕ ដោយ ៖ កូឡាប