Monday, June 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបានចូលរួមយ៉ាងសកម្ម ជាមួយគំនិតផ្ដួចផ្ដើមនានា នៅក្នុងតំបន់ដើម្បីលើកកម្ពស់សន្តិភាព សមាហរណកម្មសេដ្ឋកិច្ច

spot_img

ទីក្រុងតូក្យូ, ប្រទេសជប៉ុន៖“ដើម្បីកសាងបាននូវអនាគត និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី តម្រូវឱ្យសហគមន៍អាស៊ីត្រូវធ្វើការរួមគ្នា និងសាងសាមគ្គីភាពគ្នាជាធ្លុងមួយ” លើកឡើងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងសន្នីសិទអន្តរជាតិលើកទី២៩ របស់ Nikkei ស្តីពី អនាគតរបស់អាស៊ី ។

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសន្នីសិទអន្តរជាតិលើកទី២៩ របស់ Nikkei ស្តីពី អនាគតរបស់អាស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទនេះ ដែលមានអ្នកចូលរួមប្រមាណ ៣៥០នាក់ដោយផ្ទាល់ និងប្រមាណ២៥០០នាក់តាមប្រព័ន្ធ online។

ក្នុងឱកាសថ្លែងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីស្ថានភាពប្រឈមមួយចំនួននៅលើសកលលោកនាពេលបច្ចុប្បន្ន រួមមានបម្រែបម្រួលភូមិសាស្ត្រនយោបាយ បញ្ហាសេដ្ឋកិច្ចនិងស្ថិរភាពនៅលើសកលលោកទាំងមូល ការរៀបចំការបោះឆ្នោតនៅបណ្តាប្រទេសធំៗនៅក្នុងឆ្នាំ២០២៤ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន តំបន់មជ្ឈិមបូព៌ា និងបញ្ហាសង្គ្រាមរ៉ាំរៃនៃប្រទេសស៊ូដង់ ស៊ីរី និងភូមា។ ជាគោលគំនិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជឿជាក់ថាការចូលរួបរួមគ្នារបស់ថ្នាក់ដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ីដែលមានប្រជាជនសរុបច្រើនជាងពាក់កណ្ដាលនៃប្រជាជនសកលលោកទាំងមូលពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យស្ថានភាពនៅលើពិភពលោកមានភាពប្រសើរឡើង ដោយមិនត្រឹមតែការពារផលប្រយោជន៍របស់ខ្លួន ប៉ុន្តែដោះស្រាយបញ្ហានៅលើសកលលោករួមគ្នាដើម្បីលើកកម្ពស់សន្តិភាព, ភាពរុងរឿង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាក់ស្តែង នៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការរួមគ្នានឹងផ្តល់នូវដំណោះស្រាយសម្រាប់បញ្ហាប្រឈមទូទៅកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្កើតឱកាសថ្មីៗបន្ថែមទៀតសម្រាប់ការរីកចម្រើន និងវឌ្ឍនភាពរួមគ្នា ដែលផ្ទុយស្រឡះពីកង្វះកិច្ចសហការ។ ជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្រ្តដ៏វែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានកិច្ចការងារអាទិភាពជាច្រើនដោយក្នុងនោះកិច្ចការចម្បងសំខាន់ៗ គឺសំដៅទៅលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នដែលបង្កើតឱកាសសម្រាប់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជននៅតំបន់ជនបទដាច់ស្រយាល និងសហគមន៍ដែលធនធាននៅមានកម្រិត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីបទពិសោធន៍ដែលកម្ពុជាអាចចែករំលែកទៅកាន់ពិភពលោកនោះគឺសារៈសំខាន់នៃការដាក់ចេញនូវគោលនយោបាយប្រកបដោយបរិយាបន្នដែលជាកត្តាសំខាន់សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ជាតិនីមួយៗ ព្រោះគោលនយោបាយដែលបានគិតគូរគ្រប់ជ្រុងជ្រោយ និងមិនទុកអ្នកណាម្នាក់ចោល នឹងផ្តល់មកវិញនូវលទ្ធផលដែលបង្កើនសក្តានុពលធនធានមនុស្ស កាត់បន្ថយវិសមភាព និងពង្រឹងស្ថិរភាពសង្គម។ កត្តាទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ស្ថិរភាព និងវឌ្ឍនភាពជាតិ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ជិតមួយទសវត្សក្រោយពេលដែលឯកឧត្តមបានឡើងថ្លែងសុន្ទរកថានៅវេទិការអន្តរជាតិអាស៊ីកាលពីឆ្នាំ២០១៥ និង២០១៦ ប្រទេសនៅក្នុងតំបន់អាស៊ីជាមួយនឹងភាពធន់ខ្ពស់ និងភាពប៉ិនប្រសប់ក្នុងការសម្របខ្លួន បានធ្វើឱ្យអាស៊ីអាចឆ្លងកាត់វិបត្តិសកលដូចជាវិបត្តិជំងឺកូវីដ១៩ជាដើម ហើយវិវត្តន៍ខ្លួនក្លាយជាក្រុមប្រទេសដែលមានឥទ្ធិពលមួយនៅលើសកលលោក ដែលដើរតួនាទីសំខាន់ក្នុងការកំណត់អនាគតកិច្ចសហប្រតិបត្តិយការអន្តរជាតិ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅលើសកលលោកទាំងមូល។

បន្ថែមពីនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវទិសដៅធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈ ជំរុញការធ្វើនវានុវត្តន៍ សហគ្រិនភាព និងបរិវត្តកម្មឌីជីថល ហើយជាពិសេសជាមួយនឹងការប្តេជ្ញាចិត្តរបស់សម្តេចមហាបវរធិបតីក្នុងការពង្រឹងស្ថិរភាពសង្គម, សុខដុមរមនា និងការផ្សះផ្សាគ្នា តាមរយៈកិច្ចសន្ទនា, ការរួមបញ្ចូលគ្នា និងការគោរពសិទ្ធមនុស្ស សំដៅកសាងសង្គមមួយដែលប្រជាជនគ្រប់រូបមានតម្លៃ និងអាចចូលរួមជាមួយរាជរដ្ឋាភិបាលបាន។ ជាមួយគ្នានេះ ដោយធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មានការតាំងចិត្តខ្ពស់ក្នុងការពង្រឹងចំណងមិត្តភាពរបស់កម្ពុជាជាមួយមិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្រៅតំបន់ដោយផ្តោតទៅលើសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងផ្អែកលើគោលការណ៍អធិបតេយ្យ មិនលូកលាន់ផ្ទៃក្នុងគ្នា ការគោរពគ្នាទៅវិញទៅមក និងទទួលស្គាល់នៃសារៈសំខាន់នៃកិច្ចសន្ទនាការទូត ដៃគូពាណិជ្ជកម្មនិងការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមក។

តំបន់អាស៊ីជាមួយនឹងភាពសំបូរបែប សេដ្ឋកិច្ចរស់រវើក និងវប្បធម៌ដែលមានវ័យចំណាស់ឈរជាបង្គោលនៃភាពធន់ និងភាពប៉ិនប្រសប់ក្នុងការសម្របខ្លួនដោយអាស្រ័យលើកម្លាំងរួមគ្នាក្នុងផ្ដល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅលើសកលលោក និងពង្រឹងការកសាងអនាគតប្រកបដោយចីរភាពនិងបរិយាបន្ន។

ជាក់ស្តែងកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយគំនិតផ្ដួចផ្ដើមនានានៅក្នុងតំបន់ដើម្បីលើកកម្ពស់សន្តិភាព សមាហរណកម្មសេដ្ឋកិច្ច និងសាមគ្គីភាពសង្គមដោយសង្កត់ធ្ងន់ទៅលើការសន្ទនា កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នាទៅវិញទៅមក សំដៅកសាងអាស៊ីមួយប្រកបដោយភាពធន់និងភាពរុងរឿង ជាក់ស្តែងដូចជាការចូលរួមគ្នានៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកិច្ចសន្យាពាណិជ្ជកម្មក្នុងតំបន់ជាមួយនឹងការបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការដឹកនាំប្រកបដោយភាពទទួលខុសត្រូវ ការចូលរួមជាលក្ខណៈស្ថាបនា និងការរួមគ្នាអភិវឌ្ឍន៍អនាគតរបស់អាស៊ីដែលដើរតួជាគំរូ ប្រកបដោយជំនឿចិត្ត និងទទួលយកឱកាស និងបញ្ហាប្រឈមនានានៅលើសកលលោក។

នៅចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានដកស្រង់សម្តីរបស់បិតាសហស្ថាបនិកសហរដ្ឋអាមេរិកគឺលោក Benjamin Franklin ដែលមានប្រសាសន៍ថា “We must, indeed, all hang together or, most assuredly, we shall all hang separately.” ក្នុងន័យនេះដែរ សហគមន៍អាស៊ីត្រូវធ្វើការរួមគ្នា សាមគ្គីគ្នា និងកសាងអនាគតជាមួយគ្នាដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×