Sunday, June 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាពាណិជ្ជកម្មកម្ពុជា បានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ

spot_img

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាង យូស៊ីង (Yang Youzing) អនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ក្នុងឱកាសដែល ឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនមកកាន់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម យ៉ាង យូស៊ីង និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ ដែលបានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ។ ហេតុនេះជំនួបពិភាក្សានាពេលនេះ នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ ក្នុងការជួយជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងចិននិងកម្ពុជា។ អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ហើយថ្មីៗនេះនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលប្រទេសទាំងពីរបានប្តេជ្ញាសម្រេចឲ្យបាននូវវិបុលភាពរួម និង ផ្តោតជាសំខាន់លើការអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ អ្នកឧកញ៉ាប្រធាន បានជម្រាបជូន គណៈប្រតិភូចិនអំពីកំណើនសេដ្ឋកិច្ច កាលនុវត្តភាព និង បច្ចុប្បន្នភាពនៃវិស័យសក្តានុពលកម្ពុជា និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។ កម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានលក្ខណៈប្រកួតប្រជែង មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ានមានទីផ្សារធំទូលាយនៅទូទាំងពិភពលោក និងមានបរិយាកាសធុរកិច្ចល្អប្រសើរ។

ឯកឧត្តម យ៉ាង យូស៊ីង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួប ពិភាក្សាកាងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ។ ឯកឧត្តម អបអរសាទរចំពោះកិច្ចប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ និងបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាក្នុង ការជួយជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានលើក ឡើងអំពីចំណងមិត្តភាពដែកថែបកម្ពុជាចិន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះការវិនិយោគផ្ទាល់និង ទំហំពាណិជ្ជកម្មទ្វេភាគី បន្តកើនឡើងជាលំដាប់។ ឯកឧត្តម ក៏បានជម្រាបជូន អំពីកំណើនសេដ្ឋកិច្ចចិន និងការចូលរួម របស់សហគ្រាសចិន ក្នុងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ បង្កើតឡើង នៅឆ្នាំ១៩៥៣ និងមានសមាជិកជាក្រុមហ៊ុនឈានមុខនៅប្រទេសចិន។ ដោយឡែកគណៈប្រតិភូដែលមកបំពេញធុរកិច្ច នៅកម្ពុជានាពេលនេះ គឺមានចំណាប់អារម្មណ៍លើទីផ្សារ និងគោលនយោបាយលើកទឹកចិត្តវិនិយោគរបស់រាជរដ្ឋាភិបាល កម្ពុជា។ ក្រុមហ៊ុនទាំងនោះ ស្ថិតក្នុងវិស័យថាមពល រ៉ែ សំណង់ បច្ចេកវិទ្យា ផលិតកម្ម អចលនទ្រព្យ អភិវឌ្ឍន៍ធនធាន មនុស្ស អេឡិចត្រូនិក កាត់ដេរសម្លៀកបំពាក់ សម្ភារៈកីឡា និងកសិកម្ម។

ភាគីទាំងពីរបានឯកភាព និង កំណត់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរួម ក្នុងការជំរុញទំនាក់ទំនាក់ទំនង ធុរកិច្ច។ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់ប្រទេសចិនក្នុងពេលសមស្របខាងមុខ និង ពិភាក្សាលម្អិតជាមួយ សហព័ន្ធ ឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×