Monday, June 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈ បង្ហាញលទ្ធផលនៃសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

spot_img

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងធ្វើវឌ្ឍនភាពការងារសំខាន់ៗ របស់ក្រសួងមុខងារសាធារណៈ ដែលសម្រេចបានក្នុងរយៈពេល ៩ខែកន្លងមក រួមទាំងការធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។

បើតាមឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ , ក្នុងគោលបំណងបង្ហាញ វឌ្ឍនភាពការងារសំខាន់ៗរបស់ក្រសួងមុខងារសាធារណៈ ដែលសម្រេចបានក្នុងរយៈពេល៩ខែកន្លងមក និង ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល ។
ក្នុងរយៈពេល៩ ខែកន្លងមកនេះ ក្រសួងមុខងារសាធារណៈបានខិតខំអនុវត្តការងាររបស់ខ្លួនលើផ្នែក៖ (១)ការអនុវត្តមុខងារស្នូលរបស់ក្រសួងក្នុងការគ្រប់គ្រង និងអភិវឌ្ឍមុខងារសាធារណៈ (២) ការកែទម្រង់ រដ្ឋបាលសាធារណៈ និង (៣)ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

ក្រសួងមុខងារសាធារណៈធានាបាននូវការបើកប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិលជាទៀងទាត់ ២ ដងក្នុង ១ខែ,ការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការគ្រប់គ្រងស្ថានភាពរដ្ឋបាល មន្ត្រីរាជការស៊ីវិល ដូចជាការគ្រប់គ្រងកម្មសិក្សា, ការតាំងស៊ប់, ការតែងតាំង, ការផ្ទេរ, ការដំឡើងថ្នាក់ និង ឋានន្តរស័ក្តិ, ការដាក់ឱ្យចូលនិវត្តន៍,ការដាក់វិធានការវិន័យ ជាដើម។ បន្ថែមលើនេះ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំទាន់ពេលវេលាក្នុងការដំឡើងប្រាក់បៀវត្ស មូលដ្ឋាន និងប្រាក់ដំណាច់មុខងារជូនមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដំឡើងប្រាក់កម្រៃ ប្រចាំខែជូនមន្ត្រីកិច្ចសន្យាផងដែរ។
ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរការផ្ទៃក្នុងរបស់ក្រសួងជាបន្តបន្ទាប់ឱ្យកាន់តែល្អប្រសើរ បន្ថែមទៀតដូចជា ការកែលម្អយន្តការការងារផ្ទៃក្នុងរបស់ក្រសួង និងពង្រឹងសមត្ថភាពស្ថាប័ន ដោយបានរៀបចំរចនាសម្ព័ន្ធអង្គភាព និងយន្តការប្រតិបត្តិ ពង្រឹងប្រសិទ្ធភាពការងារ តាមរយៈប្រព័ន្ធគ្រប់គ្រងវត្តមាន របបប្រជុំ និងរបៀបរបប អនុវត្តការងារប្រចាំថ្ងៃ ការលើកទឹកចិត្តដល់មន្ត្រី និងអង្គភាពតាមរយៈកម្មវិធីសំខាន់ៗ។

ក្នុងក្របខណ្ឌនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈក្នុងនាមលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បាន
ដឹកនាំការអនុវត្តវិធានការគន្លឹះចំនួន៣គឺ៖ (១)ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ (២) ការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ និង(៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។
សមិទ្ធផលការងារដែលគួរកត់សម្គាល់ លើក្របខណ្ឌកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងក្រោមការដឹកនាំណែនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យជាយុទ្ធសាស្ត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីបម្រើការ តាមបណ្តាក្រសួង ស្ថាប័ន ចំនួន៦លើក ដោយបានជ្រើសរើសបេក្ខជនសរុបចំនួន ៩៧៥នាក់ និងកំពុង ដំណើរការជ្រើសរើសជាបន្តបន្ទាប់។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរៀបរាប់ថា “អ្វីដែលយើងរៀបចំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាអ្នកបម្រើប្រជារាស្ត្រ និងដើម្បីសម្រេចបាន ទស្សនវិស័យរបស់ សម្ដេចធិបតី ក្នុងការផ្ដល់ឱកាសស្មើៗគ្នា និងឱកាសច្រើនដង ជូនប្រជាពលរដ្ឋ ជាពិសេសយុវជន អាចសម្រេចក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយជាមន្ត្រីរាជការដើម្បីបម្រើប្រទេសជាតិ និង ប្រជាជនតាមរយៈបានប្រឡងប្រជែងនោះ គឺការរៀបចំប្រព័ន្ធប្រឡងប្រជែងរួមមួយ ដែលមានលក្ខណៈ ហ្មត់ចត់ និងច្បាស់លាស់។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “កន្លងមកចំនួនបេក្ខជនដែលបាន ដាក់ពាក្យយ៉ាងច្រើនសន្ធឹកសន្ធាប់ និងម្ដងហើយម្ដងទៀត មិនត្រឹមតែជាការទទួលបានឱកាសចូលរួម ប្រឡងប្រជែងដោយស្មើភាពគ្នាតែប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធជ្រើសរើស មន្ត្រីរាជការស៊ីវិលរបស់យើងជាមួយគោលការណ៍ដ៏ជាក់លាក់ និងហ្មត់ចត់។”

ក្នុងវេទិកាចែករំលែកព័ត៌មានដ៏មានសារៈប្រយោជន៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតិ ឱ្យអ្នកសារព័ត៌មានជាច្រើនរូបបានសួរសំណួរ ដើម្បីស្រាយចម្ងល់នានា ក៏ដូចជានាំយកព័ត៌មានពិត មាន តម្លាភាព ចែករំលែកបន្តជូនប្រជាពលរដ្ឋដើម្បីឈ្វេងយល់បន្ថែម និងបង្កើនទំនុកចិត្តថាកំណែទម្រង់រដ្ឋបាល សាធារណៈនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ជាការបន្តបេសកកម្មនៅលើផ្លូវដ៏ត្រឹមត្រូវ មានប្រសិទ្ធភាព ហើយផ្តល់អត្ថប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជនបានយូរអង្វែង។
ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីកិច្ចការដែលត្រូវ បន្តបន្ថែមលើការងារស្នូលប្រចាំថ្ងៃ គឺការវិភាគមុខងារក្រសួង ស្ថាប័ន និងការដាក់អនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានរៀបរាប់ថា “ក្នុងក្របខ័ណ្ឌគណកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ក្រសួងមុខងារសាធារណៈ បាន និងកំពុងរៀបចំសេចក្តីព្រាងកម្មវិធីជាតិ កែទម្រង់រដ្ឋបាលសាធារណៈ ២០២៤-២០៣៥ រួមទាំងកំពុងជំរុញក្រសួង ស្ថាប័នឲ្យរៀបចំការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែលជាវិធានការគន្លឹះទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ច្បាស់លាស់របស់ក្រសួង ស្ថាប័ន នឹងអនុញ្ញាតឲ្យក្រសួង ស្ថាប័នអាចបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ការងារ តាមរយៈការប្រើប្រាស់ធនធានថវិកា ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព ចំគោលដៅ ចំទីកន្លែង ស្របតាមតួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ។ ភាពជោគជ័យនៃការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងភាពធន់ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ច របស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ ឲ្យបានជោគជ័យ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។“

ក្រសួងមុខងារសាធារណៈ សូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការគ្នា ក្នុងដំណើរឆ្ពោះទៅការសម្រេចឱ្យបាននូវការកែទម្រង់រដ្ឋបាលសាធារណៈ ដែលធន់ រឹងមាំ ខ្លាំង វៃឆ្លាត ស្អាតស្អំ ហើយកាន់តែទំនើប សម្រាប់ជាកេរដំណែលដ៏ប្រពៃដល់អ្នកជំនាន់ ក្រោយបន្តថែរក្សា និងអភិវឌ្ឍ ទន្ទឹមនេះ ក្នុងនាមគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី រាជការស៊ីវិល ក្រសួងមុខងារសាធារណៈ សូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មការប្រឡង គណៈមេប្រយោគ និងអនុគណៈកម្មការ នានា ដែលនាពេលកន្លងមក បានខិតខំប្រឹងប្រែង តស៊ូដោយមិនខ្លាចនឿយហត់ ដើម្បីរួមចំណែកធានាដល់ ដំណើរការប្រឡងនីមួយៗប្រព្រឹត្តទៅដោយរលូនប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់ សម្ដេចធិបតី គឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×