កំពង់ស្ពឺ ៖ក្រោយព្រះរាជពិធីច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានលែងឱ្យទៅបរិភោគអាហារទាំង ៧មុខ នៅក្នុងឆ្នាំ២០២៤នេះ ការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ ដោយសារគោឧសភរាជបរិភោគអាហារច្រើនជាងគេ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយ នៃពិធីបុណ្យទ្វារទសមាស។
ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។ ម្យ៉ាងទៀតព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង ៧មុខខាងលើ។ ក្នុងចំណោមអាហារទាំង ៧មុខនេះ មានអាហារចំនួន ៣មុខដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ៕ព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល និងពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡា ស្ថិតក្នុងភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។
ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ គោឧសភរាជ។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។
ជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី





























