ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បានប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពការងារ លើកកម្ពស់សុខភាព

ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹក នៃការចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងគណៈប្រតិភូក្រសួងសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារទ្វេភាគីតាមការអញ្ជើញ ជាមួយឯកឧត្តមវេជ្ជបណ្ឌិត Saia Mau Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីសៀល (ម៉ោងទីក្រុងហ្សឺណែវ) នៅការិយាល័យកណ្តាល របស់អង្គការសហប្រជាជាតិ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍អន្តរជាតិទាំងអស់ដែលបាន និងកំពុងបន្តចូលរួមចំណែកយ៉ាងសកម្មកជាមួយកម្ពុជា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីចូលរួមក្នុងការសម្រេចគោលដៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបសមភាគីអំពីអាទិភាពរបស់ក្រសួងសុខាភិបាលរួមមាន អភិវឌ្ឍមូលធនមនុស្សដែលជាយុទ្ធសាស្ត្រស្នូលរបស់ រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង វិស័យសុខាភិបាលកម្ពុជា ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកវិសាលភាព និងការពង្រឹងគុណភាពសេវាសុខាភិបាល ដើមី្បសម្របទៅតាមការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលសុខាភិបាល។

លោកវេជ្ជបណ្ឌិត Saia Mau Piukala បានកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងក្នុងការពង្រឹងវិស័យសុខាភិបាលឱ្យបានកាន់តែប្រសើរឡើង និងបានជម្រាបជូនពីការយកចិត្តទុកដាក់របស់ អង្គការសុខភាពពិភពលោក ក្នុងការជួយដល់វិស័យសុខាភិបាលកម្ពុជា ដោយតំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានចូលរួមរៀបចំការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការនៅកម្ពុជា រៀងរាល់៥ឆ្នាំម្តង (Country Cooperative Strategy)។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចពីសារៈសំខាន់នៃភាពជាដៃគូសហប្រតិបត្តិការ និងការគាំទ្រដ៏មានតម្លៃរបស់អង្គការសុខភាពពិភពលោកចំពោះវិស័យសុខាភិបាលកម្ពុជារួមមាន ការបង្ការជំងឺ ការលើកកម្ពស់សុខភាព និងការកសាងសមត្ថភាពជំនាញ។ ថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើភាពជាដៃគូដ៏រឹងមាំយូរអង្វែងរវាង ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក និងបានប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពការងារ លើកកម្ពស់សុខភាព ពង្រឹងសន្តិសុខសុខភាព សម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា សំដៅឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើមី្បជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម