Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ពិនិត្យវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចនៅបាតទន្លេ និងសមុទ្រ

spot_img

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចនៅបាតទន្លេ និងសមុទ្រ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល អង្គភាពស៊ីម៉ាក់ អង្គភាពកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរក្រុមការងារ ជាពិសេសកងកម្លាំងប្រតិបត្តិការផ្ទាល់ ដែលមានកងកម្លាំងនៃអង្គភាពអិនភីម៉ិច អង្គភាពស៊ីម៉ាក់ បញ្ជាការដ្ឋានទ័ពពិសេស ៩១១ កងកម្លាំងនគរបាលជាតិ ដែលលះបង់កម្លាំងកាយ កម្លាំងចិត្ត ពុះពារគ្រប់ឧបសគ្គ ចុះមុជទឹកក្នុងបាតទន្លេ ដើម្បីរាវរកគ្រាប់ និងបីគ្រាប់ឡើងពីបាតទន្លេ ប្រកបដោយជោគជ័យជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ ក្រុមការងារបានសិក្សាស្រាវជ្រាវនូវទីតាំងនាវាដឹកគ្រាប់ដែលលិចតាមដងទន្លេមេគង្គ តាមដងទន្លេនានា និងក្នុងសមុទ្រជាច្រើនទីតាំង ក្នុងនោះបានបញ្ចប់ដោយជោគជ័យនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ១០៩.១០៤គ្រាប់ ស្មើនឹង ១៦តោន នាវាចម្បាំង១គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ក្រុមការងារក៏បាននិងកំពុងបន្តប្រតិបត្តិការនៅទីតាំងឃុំកោះចេក ស្រុមពាមជរ ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន នៅទីតាំងក្នុងឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង និងឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌចំនួន ២៣.៧២២គ្រាប់ ស្មើនឹង ២០២,៥៩តោន បំណែកដែកនាវា ព្រមទាំងអំបែងយុទ្ធភណ្ឌសង្គ្រាម ទម្ងន់ ២៥,៤៩តោន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់ពីការត្រៀមដឹកនាំប្រតិភូអន្តក្រសួង ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្ដែងដែលកំពុងប្រតិបត្តិការនាពេលខាងមុខ និងបានណែនាំក្រុមការងារបន្តយកចិត្តទុកដាក់ស្រាវជ្រាវទីតាំងថ្មីៗបន្ថែមទៀត ព្រមទាំងបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុវត្ថិភាពក្រុមប្រតិបត្តិការ ទាំងការស្រង់ប្រមូលមកលើគោក ការដឹកជញ្ជូន និងការសម្អាត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×