កំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ គឺត្រូវតែធ្វើ; ការបើកការដ្ឋានមិនចាំយូរនាំឱ្យយប់យូរសុបិនច្រើន ហើយយើងនឹងបើកការដ្ឋាននៅក្នុងខែសីហាខាងមុខនេះ។ ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
សម្តេចបញ្ជាក់ថា ការពន្លឿនការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីបញ្ចប់ការលើកឡើងពីបញ្ហានានា ដែលសម្តេចហៅការលើកឡើងទាំងនោះថា ជាការសម្រើសម្រៃ។ គម្រោងសាងសង់ព្រែកជីកហ្វូណននេះ វិនិយោគទុនភាគច្រើនជារបស់ខ្មែរ និងទុនមួយផ្នែកទៀត ជារបស់ក្រុមហ៊ុនវិនិយោគចិន ដែលមានបច្ចេកទេសក្នុងការសាងសង់។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា កិច្ចការងារនេះ យើងមិនដំអក់ទេ ពេលដែលចាប់ផ្តើមសាងសង់ព្រែកជីកនេះ នឹងមានខ្មែរយើងចូលរួមភាគច្រើន ពិតណាស់យើងចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីគាត់មានបច្ចេកទេសហើយដាក់ទុនមួយចំនួន ហើយការបើកមិនចាំយូរនាំឱ្យយប់យន់សុបិនច្រើន ស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្តង យើងនឹងបើកការរដ្ឋាននៅក្នុងខែប្រាំបី ខាងមុខនេះ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ចង់នរណាថាអីថាទៅ កម្ពុជាសាងសង់ព្រែកជីកនេះ ដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា ហើយជាគម្រោងដែលប្រជាពលរដ្ឋគាំទ្រ។
នៅពេលស្មារតីខ្មែររួមគ្នា ដាក់ចិត្តនឹងធ្វើ ខ្មែរធ្វើបានសម្រាប់គម្រោងព្រែកជីកហ្វូណននេះ ទោះបីមិនមានការចូលរួមពីវិនិយោគិនខាងក្រៅក្តី។
សម្តេចនាយករដ្ឋមន្ត្រីចាត់ទុកថា គម្រោងព្រែកជីកហ្វូណនជាគម្រោងដ៏ពិសេស ជាគម្រោងផ្សេងៗ ព្រោះមានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជនខ្មែរទូទាំងពិភពលោក ជាគម្រោងដែលមានលក្ខណៈជាតិនិយម។
សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










