Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាត្រា២០ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានបញ្ជាក់ថា ហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ហើយត្រូវទទួលការពិន័យជាប្រាក់ និងទណ្ឌកម្ម ​

ភ្នំពេញ៖ សកម្មភាពបោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង នៅពេលក្រសួងបរិស្ថាន បានពិនិត្យឃើញថា បុគ្គលបោះចោលសំរាមផ្តេះផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសនឹង អនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្ដីពី «ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

ក្រសួងបរិស្ថាន ថ្កោលទោសចំពោះ បុគ្គលណាដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬទីកន្លែងដែល រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា២០ ត្រូវទទួលការពិន័យជាអន្តរការន៍ជាប្រាក់ និងទណ្ឌកម្ម។ ហើយក៏គាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តច្បាប់ ធ្វើការផាកពិន័យនិងទោសទណ្ឌ ចំពោះបុគ្គលដែលបានបោះសំរាមទៅក្នុងទន្លេក្នុងភូមិសាស្រ្តរបស់ខ្លួន។

មាត្រា២០ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានបញ្ជាក់ថា ត្រូវបានហាមឃាត់ជាដាច់ខាតនូវការបោះចោល ឬការដុតសំរាម សំណល់រឹងទីប្រជុំជននៅតាមដងផ្លូវ ទីសាធារណៈ ទីវាល តាមប្រព័ន្ធលូ ឬប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធិឯកជន។ រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការទប់ស្កាត់ការបោះចោល ឬ ការដុតសំរាម សំណល់រឹងទីប្រជុំជន តាមដងផ្លូវ ទីសាធារណៈ ទីវាល ប្រព័ន្ធទឹកលូ ឬ ប្រភពទឹកសាធារណៈ ឬ ក្នុងដីកម្មសិទ្ធិឯកជន។

ក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាម​ចោល​ពាស​វាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសោភណភាពទីក្រុង ឬទីប្រជុំជន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមគ្នាការពារបរិស្ថាន ដើម្បីកម្ពុជាស្អាត គ្មានការបំពុលដោយសំរាម និងសំណល់ប្លាស្ទិក៕

×