ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ សម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ប្រវែង៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ២០២៤ សម្តេហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ប្រវែង៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ។

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ ២១៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្តីពីការកំណត់តំបន់ គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ហិកតា ទៅជា តំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងការរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិ អន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរត៌កដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ ពីព្រះពុទ្ធសាសនានៅកម្ពុជា។ គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨គម្រោង ដែល ប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និងបញ្ញា រួមមានការសាងសង់ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់ តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤ ០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា ផងដែរ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” នេះគឺបានញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ជាក់ស្តែង ការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជារួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌ ព្រមទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងចេះគោរពមាតាបិតា ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រឹមត្រូវ ។ ទន្ទឹមនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និងសមាទានសីល ព្រមទាំងជាជម្រកសម្រាប់កុមារ យុវជន សិស្ស និស្សិតខ្វះលទ្ធភាព បានប្រើប្រាស់សម្រាប់បួសរៀន និងបន្តការសិក្សា ។ ការណ៍នេះជួយលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ប្រជាជនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស មុំទី ៥ នៃបញ្ចកោណទី ១ គឺ ការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ។ លើសពីនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាច្រើនកុះករ រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជា ផងដែរ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអរគុណចំពោះគំនិតផ្តួចផ្ដើម ការខិតខំប្រឹងប្រែង និងការលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់សប្បុរជនក្នុង និងក្រៅប្រទេស ព្រមទាំងការជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ ថវិកា ពីរាជរដ្ឋាភិបាល, ក្រសួងធម្មការ និងសាសនា, គណៈសង្ឃនាយក, និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើតបានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទុកជាសម្បត្តិជាតិ និងជាបូជនីយដ្ឋានព្រះពុទ្ធសាសនា ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសក្នុងពិធីនោះផងដែរថា រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម