រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាស្តីពីការចូលរួម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន ក្នុងការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមមានតំណាងមន្ត្រីសង្គមស៊ីវិល និងតំណាងរដ្ឋបាលខេត្តនីមួយៗ សរុបមានអ្នកចូលរួម ៤៥០នាក់។
វេទិកានេះ នឹងរៀបចំនៅម៉ោង៨ ព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន បង្ហាញថា វេទិកានេះមានគោលបំណង ពិនិត្យអំពីវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល តាមរយៈលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបានដាក់ចេញ សំដៅពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាពឈានទៅរួមចំណែកលើកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍នៅតាមមូលដ្ឋាននីមួយៗ ឲ្យបានប្រសើរនាថ្ងៃអនាគត៕ ដោយ៖ ដែន សីមា