ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្រ្តី បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារលិខិតក្នុងឱកាសខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទីវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ក្នុងឱកាសខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមសម្តែងនូវមនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះឡើង។ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺបង្ហាញនូវឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើង រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា។

ឆ្នាំនេះ ទិវាកុមារអន្តរជាតិនិងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ការវិនិយោគ លើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវិត្តកម្មឌីជីថល និងទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។ ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធឌីជីថល ដោយជួយ គាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានាតាមប្រព័ន្ធ អនឡាញបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សំដៅធានាថាកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព។

ជាការពិតណាស់កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នៅគ្រប់ ដំណាក់កាលទាំងអស់នៃការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុត ហេតុនេះហើយការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេល អនាគត។ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិនិងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវ គុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ តាមរយៈការចូលរួមយ៉ាងសកម្ម ពេញលេញ និងស្មើភាពគ្នាក្នុងការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។

សម្តេចធិបតី បានថ្លែងបន្តទៀងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈការលើកកម្ពស់ សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារនិងការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ។ ក្នុងនោះ អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងទារក មានការថយចុះគួរឱ្យកត់សម្គាល់ ដែលជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ចំពោះវិស័យ អប់រំ រាជរដ្ឋាភិបាលបានបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋាន រយៈពេល៩ឆ្នាំ រួមទាំងវិធានការលើកកម្ពស់គុណភាព និងការឆ្លើយតបរបស់សេវាអប់រំ តាមរយៈការលើកកម្ពស់ វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រង សេវាអប់រំគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់បញ្ចូលនូវបច្ចេកវិទ្យាព័ត៌មានវិទ្យាទៅក្នុងកម្មវិធី សិក្សានិងប្រព័ន្ធអប់រំ ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់ និងស្របទៅតាមបរិបទថ្មីនៃសាកលភាវូបនីយកម្ម។ លើសពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម និងកំពុងជំរុញការអនុវត្ត គោលនយោបាយនេះ ដើម្បីលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រឲ្យបាន ជាអតិបរមា។ តាមរយៈប្រព័ន្ធជំនួយសង្គម រាជរដ្ឋាភិបាលបានផ្តល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោម និងក្បែរបន្ទាត់នៃភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជនមានពិការភាព និងជនចាស់ជរា គ្មានទីពឹង។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ តាមរយៈ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ដើម្បី សម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រ នៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្នុងការបណ្តុះបណ្តាល វិជ្ជាជីវៈដល់យុវជននៃគ្រួសារដែលមានប័ណ្ណសមធម៌ និងកម្មវិធីគាំទ្រការបង្កើតមុខរបរដល់គ្រួសារក្រីក្រ។ កម្មវិធីទាំងអស់នេះ គឺជាកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពក្នុងការសម្រាលទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្រ។

បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ សមិទ្ធផលនេះបានផ្លាស់ប្តូរកម្ពុជាពី ប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០តាមគោលដៅដែលបានដាក់ចេញប្រកបដោយចីរភាព។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលបាននាំមកនូវកាលានុវត្តភាពការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមព្រមទាំងបានលើកកម្ពស់គុណភាពជីវិត ការងារ បង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោកថែមទៀតផង។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនេះ ក៏មានលេចឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជាឧក្រិដ្ឋកម្ម ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវញ្ចានិងការរំលោភបំពានផ្សេងៗតាមប្រព័ន្ធអនឡាញ ដែលបានកើតមានឡើងនិងបានក្លាយជាបរិបទថ្មីមួយ ដែល អាចផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីនិងកុមារ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ហើយ បញ្ហានេះបាននិងកំពុងរីករាលដាលនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ អ៊ីនធឺណិតនិងទំនើបកម្ម នៃឧបករណ៍ឌីជីថល បានក្លាយជាមធ្យោបាយងាយស្រួលសម្រាប់ជនខិលខូចនៅទូទាំងពិភពលោកប្រើប្រាស់ ដើម្បីរំលោភបំពាននិងកេងប្រវញ្ចផ្លូវភេទ។ កុមារនិងយុវជន បានក្លាយជាគោលដៅរបស់ជនខិលខូចក្នុង ការអូសទាញឱ្យប្រព្រឹត្ត ឬទទួលរងការកេងប្រវញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។ ដោយមើលឃើញអំពីបញ្ហាប្រឈមនិងផលប៉ះពាល់ទាំងអស់នេះ ក្នុងបរិបទជាសាកល រាជរដ្ឋាភិបាល កម្ពុជាបានចូលជារដ្ឋភាគីហត្ថលេខីនៃសេចក្តីថ្លែងការណ៍វីប្រូធិក(WePROTEC) នៅទីក្រុងអាប៊ុយដាប៊ី ក្នុងឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការកេងប្រវញ្ច និងការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធ អនឡាញ និងបានចូលរួមអនុម័តលើសេចក្តីថ្លែងការណ៍អំពាវនាវឱ្យរដ្ឋជាសមាជិកអាស៊ានទាំងអស់ ប្រើប្រាស់ បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារទាំងអស់នៅក្នុងអាស៊ានពីការកេងប្រវញ្ច និងការរំលោភបំពានផ្លូវភេទ តាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានចូលជាសមាជិក នៃប្រទេសជាដៃគូសកល ដើម្បីលុបបាត់អំពើហិង្សាលើកុមារ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យនានាចំពោះកុមារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និង បានរៀបចំផែនការអនុវត្តជាពីរដំណាក់កាល ដែលបច្ចុប្បន្នយើងកំពុងអនុវត្តផែនការដំណាក់កាលទី១ ស្តីពី ប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៥។ ទន្ទឹមនេះ នៅក្នុងឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសិក្សាវិភាគស្ថានភាពដំបូងនៃការកេងប្រវញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ តាមរយៈ លទ្ធផលនៃការវិភាគ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ(២០២១-២០២៥) ដែលជាផែនការពហុវិស័យ មានភាពប្រទាក់គ្នារវាងក្រសួង ស្ថាប័នដែលបំពេញការងារទាក់ទងនឹងកុមារ។ នៅឆ្នាំ២០២៣ ក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីកុមារក៏បានរៀបចំគោលការណ៍ណែនាំថ្នាក់ជាតិ ស្ដីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងអភិក្រមបរិយាបន្នរួមមួយក្នុងការឆ្លើយតបចំពោះការគំរាមកំហែង និងគ្រោះថ្នាក់ ដែលកុមារអាចជួបប្រទះនៅតាមប្រព័ន្ធអនឡាញ។ ដោយឈរលើចក្ខុវិស័យការពារ និងលើកកម្ពស់ ឧត្តមប្រយោជន៍កុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីកិច្ចការពារកុមារ ដែលជាបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ឆ្លើយតបជាបរិយាបន្នទៅលើគ្រប់បញ្ហា របស់កុមារផងដែរ។
ជារួមឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការរក្សាសុវត្ថិភាព របស់កុមារនៅលើប្រព័ន្ធអនឡាញនៅក្នុងក្របខ័ណ្ឌស្ដីពីសិទ្ធិកុមារ។ ទន្ទឹមនេះ ដើម្បីឆ្លើយតបទៅនឹងដំណើរការ នៃបដិវត្តន៍ឧស្សហកម្ម ៤.០ កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើបរិវត្តកម្មវិស័យនយោបាយ សេដ្ឋកិច្ច និង សង្គមកិច្ចជាមួយបច្ចេកវិទ្យាឌីជីថលថ្មីៗ។ លើសពីនេះទៀតរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលមានសសរស្ដម្ភចំនួន៣ គឺពលរដ្ឋ ឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ក្នុងជំហានដំបូង រាជរដ្ឋាភិបាលបានផ្តើមកសាងរដ្ឋាភិបាល ឌីជីថល ដើម្បីជំរុញការចាប់យកការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ច និងសង្គមទាំងមូលក្នុងនោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ទន្ទឹមនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏បានដាក់ចេញនូវក្របខណ្ឌអក្ខរកម្ម ឌីជីថល និងភាពជាពលរដ្ឋឌីជីថល ដែលផ្តោតជាសំខាន់លើជំនាញនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយ សុវត្ថិភាព។ ក្របខណ្ឌអក្ខរកម្មឌីជីថលនេះ គឺជាមូលដ្ឋានសំខាន់មួយក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលនានា ស្របទៅតាមបរិបទសង្គម និងសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះដែរ ផ្អែកលើគោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ក៏បានដាក់ចេញនូវគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារនៅកម្ពុជាតាមប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលផងដែរ។

សម្តេច បានបន្តទៀតថា ក្នុងឆ្នាំនេះដែរ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ផ្តោតលើប្រធានបទ «រួមគ្នាអនុវត្ត ការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ» មានន័យថាកុមារមានសិទ្ធិទទួលបានការការពារពី គ្រប់ទម្រង់ទាំងអស់នៃពលកម្មកុមារ និងត្រូវទទួលបានការចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅពីគ្រួសារ ទទួលបាន ការអប់រំ និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ។ លើសពីនេះ កុមារគ្រប់រូបក៏ត្រូវបានទទួលការថែទាំតាំងពីមាតាមានគភ៌រហូត ដល់ពេលកើតមានអាយុគ្រប់ចូលរៀន និងទទួលបានការអប់រំបច្ចេកទេស បំណិនជីវិត អភិវឌ្ឍន៍ជំនាញ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីមានមុខរបរ អាជីព និងឱកាសជីវិតផ្សេងៗទៀត។

ឆ្លើយតបទៅនឹងប្រធានបទខាងលើនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទប់ស្កាត់ការប្រើប្រាស់ទម្រង់ ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំ តាមរយៈការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ស្តីពី ការប្រើប្រាស់ពលកម្មកុមារនិងការងារដោយបង្ខំ និងពង្រឹងយន្តការប្រឆាំងពលកម្មកុមារនិងការងារដោយបង្ខំ ជាពិសេសលើវិស័យមុខរបរនិងភូមិសាស្ត្រដែលមានហានិភ័យខ្ពស់។ ពង្រីកការផ្សព្វផ្សាយ និងធ្វើយុទ្ធនាការ ប្រឆាំងការប្រើប្រាស់ពលកម្មកុមារនិងការងារដោយបង្ខំ។ ពង្រឹងកិច្ចអន្តរាគមន៍ស្នូល ដើម្បីសង្គ្រោះពលកម្មកុមារ និងការហាមឃាត់ការងារដោយបង្ខំទៅតាមប្រភេទមុខរបរ។ បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់និងប្រើប្រាស់ពលកម្មកុមារ និងការងារដោយបង្ខំ។

ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារកុមារពីគ្រប់ទម្រង់នៃការកេងប្រវញ្ច ពលកម្មកុមារ ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ស្របតាម ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ២០១៦-២០២៥ និងគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព ២០១៥-២០៣០។

សម្តេចនាយករដ្ឋមន្រ្តី បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើនឱកាស
ស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។

សម្តេចបានថ្លែងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍវិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីនិងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម