រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវីធីណែនាំស្តីពី “ការសរសេររបាយការណ៍បញ្ចប់ការសិក្សាវគ្គវិញ្ញាបនបត្រ ៤ក្រេឌីត របស់គណៈគ្រប់គ្រង និងគ្រូបង្រៀនបឋមសិក្សាគោលដៅគម្រោងកែលម្អការអប់រំចំណេះទូទៅ” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួម ឯកឧត្តមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ថ្នាក់ដឹកនាំមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកគ្រូ អ្នកគ្រូជាអ្នកសិក្សាចូលរួមដោយផ្ទាល់ទាំងអស់ សរុបប្រមាណ ៦៨១នាក់ មកពី ៧ខេត្ត នៃតំបន់៤ និង៥ និងលោកគ្រូ អ្នកគ្រូជាអ្នកសិក្សាចូលរួមតាមរយៈប្រព័ន្ធអនឡាញទាំងអស់សរុបប្រមាណ ៥១៣នាក់។
តាងនាមក្រសួងអប់រំយុវជននិងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាពិសេសមហាវិទ្យាល័យអប់រំ ក្នុងការខិតខំប្រឹងប្រែងក្នុងបណ្តុះបណ្តាលវគ្គវិញ្ញាបនបត្រ ៤ក្រេឌីត ដល់គណៈគ្រប់គ្រង និងគ្រូបង្រៀនបឋមសិក្សាគោលដៅគម្រោងកែលម្អការអប់រំចំណេះទូទៅ ដោយផ្តោតលើការអភិវឌ្ឍនិងអនុវត្តតាមសាលារៀនតាមរយៈការអនុវត្តកិច្ចការងារចម្បងមួយចំនួនដូចជា៖ ១) អនុវត្តតេស្តស្តង់ដា ២) បង្កើតផែនការកែលម្អសាលារៀន ផែនការបង្រៀន និងផែនការរៀនសូត្រ ៣) ជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលារៀននិងថ្នាក់រៀន ៤) ចុះកិច្ចព្រមព្រៀងលទ្ធការងារប្រចាំឆ្នាំ និង ៥) អនុវត្តកិច្ចប្រជុំពិនិត្យតាមដានប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ។ ការអនុវត្តកិច្ចការងារទាំងអស់នេះនឹងជួយឱ្យអ្នកសិក្សាទាំងអស់អាចអភិវឌ្ឍសាលារៀនរបស់ខ្លួនសម្រេចស្តង់សាលារៀនគំរូ និងដែលអាចឈានទៅការផ្តល់នូវការអប់រំមួយប្រកបដោយសមធម៌ ប្រសិទ្ធភាព និងបរិយាបន្ន។
សារជាថ្មីម្តងទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអរសាទរចំពោះលោកគ្រូ អ្នកគ្រូជាអ្នកសិក្សាវគ្គវិញ្ញាបនបត្រ ៤ក្រេឌីត ដែលបានទទួលបានលទ្ធផលសិក្សាយ៉ាងល្អដែលឈានដល់ការត្រៀមសរសេររបាយការណ៍បញ្ចប់ការសិក្សារបស់ខ្លួន និងជូនពរឱ្យអ្នកសិក្សាទាំងអស់ជោគជ័យក្នុងការសរសេររបាយការណ៍បញ្ចប់ការសិក្សា និងបន្តអភិវឌ្ឍសាលារៀនរបស់ខ្លួនដើម្បីធានាឱ្យនូវគុណភាពអប់រំនៅប្រទេសកម្ពុជា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី











