ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការពារជាតិកម្ពុជានិងសឹង្ហបុរី បញ្ជាក់ថា នឹងធ្វើការរួមគ្នាដើម្បីសន្តិភាព ក្នុងតំបន់អាស៊ាន

សឹង្ហបុរី៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានចូលជួបសម្តែងការគួរសម ឯកឧត្តម អឹង អេងហេន(Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី ។
ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី បានថ្លែងអំណរគុណដល់ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ និងបានថ្លែងសន្ទរកថាដ៏ល្អ។

មានមតិឆ្លើយតបវិញ ឯកឧត្តម ទៀ សីហាបានថ្លែងអំណរគុណដល់ រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបុរី ដែលបានផ្ដល់ឱកាសឲ្យគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាបានមកចូលរួមក្នុងកិច្ចសន្ទនាសាំងគ្រីឡា ឆ្នាំ២០២៤ ។ ឯកឧត្តម ទៀ សីហា ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរទុក្ខពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា ជូនចំពោះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី ។ ជាការមតិឆ្លើយតប តាមរយៈ ឯកឧត្តម ទៀ សីហា ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី បានផ្ដាំផ្ញើសាកសួរទុក្ខដល់ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាមិត្តចាស់ហើយជាអ្នកដែលមានវ័យចំណាស់ជាងគេ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកម្ពុជាតិអាស៊ាន (ADMM )។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានលើកឡើងពីទំនងទំនាក់ទំនងកិច្ចសហការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ កម្ពុជា សឹង្ហបុរី ដែលក្នុងនោះ ទាំងវិស័យស៊ីវិល និង យោធាប្រទេសសឹង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានបានយ៉ាងល្អប្រសើរ ហើយកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន ពីសិក្ខាកាមដែលបានបញ្ចប់ការបណ្ដុះបណ្ដាលធនធានមនុស្សនៅសឹង្ហបុរី ។ ឯកឧត្តម បានបញ្ជាក់ថា៖ចូលមកដល់ឆ្នាំ២០២៤ នេះ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក យើងបន្តធ្វើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ ស្របពេលដែលកម្ពុជាបានបំពេញជំនាញលើវិស័យកងទ័ពជើងទឹក ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់បន្ថែមថា៖ ក្នុងឆ្នាំ២០២៤ នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងខ.ភ.ម ការធ្វើទំនើបកម្មលើរចនាសម្ព័ន្ធ និងជំនាញដល់កងទ័ព ។ ឯកឧត្តម អឹង អេងហេន ( Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកប្រទេសទាំងពីរ ដែលទៅថ្ងៃខាងមុខ យើងនឹងផ្តោតការធ្វើលំហាត់សមយុទ្ធរួមគ្នា រវាងកងទ័ពជើងទឹកអាស៊ានផងដែរ ។ ជាចុងក្រោយ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី បានបញ្ជាក់ថា៖ យើងនឹងធ្វើការរួមគ្នាដើម្បីសន្តិភាព ក្នុងតំបន់អាស៊ានរបស់យើង ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម