Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជពិធីដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស ប្រព្រឹត្តទៅនៅម៉ោង៦ព្រឹកស្អែកនេះ, បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីនេះ

ភ្នំពេញ ៖ ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា នឹងប្រព្រឹត្តទៅនៅព្រឹកព្រលឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោមនៅម៉ោង៦ព្រឹក ។តាមតម្រាយផ្លូវព្រះរាជពិធីដង្ហែនឹងធ្វើដំណើរតាមតិរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ និងថ្វាយព្រះភ្លើងនៅខាងមុខវត្តបទុមវតី ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៦:០០នាទីព្រឹក ដែល ព្រះរាជពិធីដង្ហែនឹងហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពខាងលើ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនព្រះរាជពិធី និងថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញ ចូលរួមព្រះរាជពិធី មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង សិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ ប្រភេទដែលធ្វើដំណើរតាមតម្រាយផ្លូវដង្ហែ និងជុំវិញទីតាំងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៤:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជពិធីតាមតម្រាយផ្លូវដង្ហែព្រះបរមសព ដែលចាប់ ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាម មហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាសួរស៊្រុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី)។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមកំណាត់ដងផ្លូវមហាវិថី និងវិថីខាងលើនេះមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីខាងលើដោយក្ដីអនុគ្រោះ។ ក្រោយបញ្ចប់ ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។

ចំពោះមុខ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ឱ្យស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិយស និងព្រះគុណូបការៈ ដ៏ធំធេងបំផុតរបស់សម្តេច ដែលបានបូជាថ្វាយចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ រួមមាន គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្តអារាម មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនាំ និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×