ខេត្តត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានទន្ទឹងរង់ចាំ ការស្ថាបនាផ្លូវក្រាលកៅស៊ូ ឬបេតុង មួយខ្សែ ប្រវែងជាង ១១គីឡូម៉ែត្ររយៈពេល៣ឆ្នាំមកហើយ មិនទាន់ឃើញខាងថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំស្ថាបនានៅឡើយ។
នេះជាការលើកឡើងរបស់ លោក ជ្រា អេងហុង មេឃុំអំពិលតាពក ស្រុកអូររាំងឪ បានប្រាប់ឱ្យដឹងនារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដែលកន្លងមក អភិបាលខេត្តត្បូងឃ្មុំ ធ្លាប់បានសន្យាផ្ដល់ជូននោះ ប៉ុន្តែមកដល់ពេលនេះ ៣ឆ្នាំហើយ ផ្លូវដែលសន្យាស្ថាបនាចាក់ក្រាលកៅស៊ូ ឬបេតុងនោះ នៅមិនទាន់បានស្ថាបនានៅឡើយ។
លោកមេឃុំរូបនេះ ក៏បានលើកឡើងថា រយៈពេលបីឆ្នាំមកហើយ ដែលឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ កាលនោះ មានភារកិច្ចចុះជួយពង្រឹងស្រុកអូរាំងឪ បានសន្យាជួយស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ ចាប់ពីវត្តស្វាយមីង រហូតដល់សាលាឃុំប្រធាតុ ក្នុងស្រុកអូររាំងឪដែលមានចម្ងាយជាង ១១គីឡូម៉ែត្រ , ប៉ុន្តែមកដល់ឥឡូវនេះ ផ្លូវមិនទាន់ទទួលបានការស្ថាបនានៅឡើយទេ ហើយឯកឧត្តមអភិបាលខេត្ត ត្រូវផ្ទេរភារកិច្ចការងារចុះជួយពង្រឹងមូលដ្ឋានស្រុកមេមត់វិញបាត់ទៅហើយ។ ដូច្នេះក្នុងនាមអាជ្ញាធរមូលដ្ឋាន ស្នើទទូចដល់ថ្នាក់ខេត្ត មេត្តាជួយស្ថាបនាផ្លូវនេះឱ្យបានតាមរយៈ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់ជាប្រយោជន៍បម្រើសាធារណៈផង៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី







