ភ្នំពេញ៖ចិននិងកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យយ៉ាងជិតស្និទ្ធ និងមានភាពរឹងមាំតាមរយះចំណងមិត្តភាព សាមគ្គីភាពពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ល្អណាស់និងជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។តាមរយៈកិច្ចសហប្រតិបត្តិការនេះប្រតិភូខេត្តហ្វូជៀន នៃសាធារណៈរដ្ឋប្រជាមានិត្យចិនដឹកនាំដោយលោកលី តឺជីន អភិបាលខេត្តហ្វូជៀន នៃសាធារណៈរដ្ឋប្រជាមានិត្យចិនបានចូលជួបសំដែងការគួសម និងសំណេះសំណាលជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧នេះ។ ជំនួបនេះ ដើម្បីស្វែងយល់ពីសក្តានុពលដែលមាននៅរាជធានីភ្នំពេញដែលមានលក្ខណៈសមស្របក្នុងការដាក់ទុនវិនិយោគ ជាពិសេសលើវិស័យអចលនៈទ្រព្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ច។
ក្នុងជំនួបពិភាក្សាគ្នានោះទាំងលោកអភិបាលខេត្តហ្វូជៀននិងលោកអភិបាលរាជធានីភ្នំពេញសុទ្ធតែបានអះអាងថា៖ចិននិងកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យយ៉ាងជិតស្និទ្ធ និងមានភាពរឹងមាំតាមរយៈចំណងមិត្តភាព សាមគ្គីភាពពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ល្អណាស់និងជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ជាមួយគ្នានេះ ចិនជាប្រទេសដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់គ្រប់វិស័យនៅកម្ពុជា។
ជាមួយនឹងការស្វាគមន៏ចំពោះប្រតិភូខេត្តហ្វូជៀន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖នេះជាឧិកាសដ៏ល្អសំរាប់វិនិយោគិនដាក់ទុនវិនិយោគនៅរាជធានីភ្នំពេញ ក៏ដូចនៅកម្ពុជាផងដែរក្នុងពេលដែលកម្ពុជា មានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៏យ៉ាងឆាប់រហស័។លោកអភិបាលរាជធានីបានបន្តថា៖ជាធម្មតា ទីក្រុងមួយដែលកំពុងតែមានការអភិវឌ្ឍន៏គឺតែងប្រឈមនឹងបញ្ហាខ្លះជៀសមិនផុត។ជាពិសេសផ្នែកលំនៅដ្ឋាន បញ្ហាចរាចរ និងហេដ្ឋារចនាសម្ពន្ធ័ជាដើមដែលយើងកំពុងតែដោះស្រាយជាបន្តបន្ទាប់ និងកំពុងរកដៃគូក្នុងនោះក៏មានមិត្តចិនផងដែរដើម្បីធ្វើការអភិវឌ្ឍន៍ឲ្យបានកាន់តែប្រសើរ និងទទួលបានអត្ថប្រយោជន៍ស្មើគ្នា។
នាឱកាសនោះដែរ លោកឃួង ស្រេង និងលោកលី តឺជីន ក៏បានចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈស្តីពីការបង្កើតទំនាក់ទំនងជាមិត្តភាព រវាងរាជធានីភ្នំពេញ និងខេត្តហ្វូជៀន ក្នុងគោលបំណងជំរុញបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងគ្នា ព្រមទាំងបង្កើតទំនាក់ទំនងល្អរវាងប្រជាជនរបស់រាជធានីភ្នំពេញ និងខេត្តហ្វូជៀន លើវិស័យផ្សេងៗដូចជា៖វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម ព្រៃឈើ វប្បធម៌ អប់រំ និងទេសចរណ៍ផងដែរ៕ ដោយ៖កូឡាប