ខេត្តស្វាយរៀង៖ថ្លែងនៅក្នុងពិធីទទួលគណៈប្រតិភូទីក្រុងថៃចូវប្រទេសចិនដឹកនាំដោយលោកស៊ឺលិជីនជាអភិបាលក្រុងដែលបាន អញ្ជើញមកសិក្សាស្វែងយល់អំពីសក្កានុពលនិងស្វែងរកការងារវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត នៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧នេះ។
លោកហ៊ូវតនៈអភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសអភិវឌ្ឍអោយរីកចម្រើនបានលើគ្រប់វិស័យ ហើយលោកហ៊ូវតនៈបានបង្ហាញនូវការស្វាគមន៍ជានិច្ចរាល់ការវិនិយោគមកខេត្តស្វាយរៀង ព្រោះខេត្តក៏មានតំបន់ត្រូវការអភិវឌ្ឍជាច្រើនទៀតផងដែរ។
អភិបាលរងខេត្តរូបនេះក៏បានបន្តទៀតថា បច្ចុប្បន្នខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស១១កន្លែងកំពុងដំណើរការ៧កន្លែង ក្នុងនោះរួមមានតំបន់សេដ្ឋកិច្ចពិសេស តាយសេង ,មេនហាតធេន,នាគរាជ,សាន់តុង,ហាយផាក,ជីហ្គា,និងតំបន់សេដ្ឋកិច្ចពិសេសលូថៃ សរុបផ្ទៃដីប្រមាណ១.៨១៨ហិកតានិងមានរោងចក្រ សហគ្រាសចំនួន ១៦២កន្លែងក្នុងនោះផ្នែកឧស្សាហកម្មចំនួន៧៣កន្លែង និងមានកម្មករប្រមាណជាង៦០០០០នាក់ផងដែរ។
លោកហ៊ូវតនៈ បានបន្ថែមទៀតថា នាពេលថ្មីៗនេះ ខេត្តស្វាយរៀង បានទទួលការវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តដែលជាការវិនិយោគរបស់ក្រុមហ៊ុនGreat Mekong Globalលើផ្ទៃដី១១១ហិកតា ក្នុងទុនវិនិយោគ៧៥លានដុល្លាអាមេរិចដែលកំពុងដំណើរការចាក់ដី សាងសង់អាគារ ហើយនិងចាប់ផ្តើមដំណើរឆាប់ៗខាងមុខនេះ។
ក្នុងនោះខេត្តស្វាយរៀងមានសណ្ឋាគារនិងកាស៊ីណូ នៅតាមតំបន់ជាច្រើនកន្លែងសម្រាប់បំរើវិស័យទេសចរណ៍ផងដែរ។ នៅក្នុង ឪកាសនោះដែរលោកហ៊ូវតនៈបានបញ្ជាក់ថាក្នុងនាមរដ្ឋបាលខេត្តស្វាយរៀងនិងក្នុងនាមរូបលោកផ្ទាល់សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទីក្រុងថៃចូវ ខេត្តជាំងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិននិងបណ្តាអ្នកវិនិយោគគិនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំលៃកមទស្សនៈកិច្ចនៅខេត្តស្វាយរៀង និងសូមស្វាគមន៍រាល់ការមកបណ្តាក់ទុនណាមួយក្នុងទឹកដីខេត្តស្វាយរៀង។
នៅក្នុងពិធីនោះគណៈប្រតិភូចិនដែលចំនួនប្រមាណជាង៥០នាក់បានដើរទស្សនានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងដែលមានរោងចក្រ សហគ្រាសជាច្រើន ជាពិសេសមានកន្លែងតំឡើងផ្ទាំងសិលាពន្លឺព្រះអាទិត្យដែលពុំធ្លាប់មាននៅក្នុងទឹកដីខេត្តស្វាយរៀងផងដែរ៕ វ៉ៃកូ