Saturday, May 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពបាន ជាង៦០%

កោះកុង៖គ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៥នេះហើយ!! គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦០,៥០% ហើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ ២០២៤នេះ។

នាថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨។

បេសកកម្មនេះមានគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង ពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងរៀបចំផែនការសកម្មភាព និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ ឱ្យសម្រេចបានតាមផែនការគម្រោង ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។

យោងតាមរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង រហូតមកដល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន៦០,៥០ % ហើយ ស្របតាមកម្មវិធីផែនការដែលបានកំណត់ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យមើលការងារបច្ចេកទេសនៅតាមបណ្តាទីតាំងការដ្ឋានសំខាន់ៗមួយចំនួន តាមរយៈការប្រើប្រាស់ឧបករណ៍និងម៉ាស៊ីនធ្វើតេស្ត ស្របតាមស្តង់ដារបច្ចេកទេសនៃការសាងសង់។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានណែនាំផងដែរឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាង់សង ចាំបាច់ត្រូវពិនិត្យ និងបំពាក់បន្ថែមសម្ភារស្លាកសញ្ញាការពារសុវត្ថិភាពនៅតាមការដ្ឋានសាងសង់ ដើម្បីធានាឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋអាចប្រកបដោយសុវត្ថិភាព និងជៀសវាងការរាំងស្ទះ ឬអាចបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

សូមជម្រាបជូនថា៖ ផ្លូវជាតិមួយខ្សែនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង១១៨,៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩,៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១,៥ម៉ែត្រ។

គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ដោយការងារសាងសង់ត្រូវបានប្រគល់ជូនសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងការត្រួតពិនិត្យ បច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយថវិកាសរុបប្រមាណ ៨៤,៦៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋ កូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×