Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌និងវិចិត្រសិល្ប: រៀបចំសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្រ្តី ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម»

ភ្នំពេញ ៖ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារយេនឌ័រ បានស្នើផលិតករលើបណ្តាញសង្គម កុំបង្កើតមាតិកាអសីលធម៌ និងហិង្សាលើស្ត្រី ដែលជាទង្វើមិនល្អទាល់តែសោះ។

លោកជំទាវបានថ្លែងបែបនេះ ក្នុងឱកាសពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្រ្តីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម» នៅសាលអង្គរវត្ត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

លោកជំទាវបានថ្លែងបន្តថា វិស័យវប្បធម៌ជាវិស័យមួយដ៏មានសារ:សំខាន់ក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ហើយយើងទាំងអស់គ្នាត្រូវយល់ឱ្យបានច្បាស់ថា វប្បធម៌ គឺស្ថិតនៅលើយើងទាំងអស់គ្នា។ ដូច្នេះត្រូវនាំគ្នាអនុវត្តឱ្យបានសមរម្យ ត្រូវធ្វើជាប្រជាពលរដ្ឋល្អ ថ្លៃថ្នូរ រស់នៅក្នុងប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិវប្បធម៌រូបី អរូបី និងមានសីលធម៌ ប្រពៃណីដ៏ល្អផូរផង់ ទទួលបានការកោតសរសើរពីប្រទេសនានាលើសកលលោក។

លោកជំទាវបានបន្ថែមថា ផ្អែកលើប្រធានបទដ៏មានខ្លឹមសារដ៏ជ្រាលជ្រៅនេះ គណៈកម្មាធិការយេនឌ័រក្រសួងមានគោលបំណង ទប់ស្កាត់ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ឥរិយាបថ វោហារស័ព្ទ សំណេរ ការស្លៀកពាក់ដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈទូទាំងប្រទេស ផលិតករ សិល្បករ សិល្បការិនី អង្គការដៃគូនានា ដើម្បីលើកកម្ពស់ការចូលរួមថែរក្សា ការពារសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់យើង ហើយលុបបំបាត់វប្បធម៌អវិជ្ជមាន និងទប់ស្កាត់អំពើហិង្សាលើស្រ្តីជាអំពើអមនុស្សធម៌ នាំឱ្យបាត់បង់កិត្យានុភាពរបស់ប្រទេសយើង។

សូមបញ្ជាក់ជូនថា អង្គសិក្ខាសាលាខាងលើក៏មានវេទិកាពិភាក្សាតុមូល ដោយមានវាគ្មិនកិត្តិយសមកពីស្ថាប័នពាក់ព័ន្ធ។ ហើយសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងស្ថាប័ន ក្រសួង អង្គភាព មន្ទីរវប្បធម៌រាជធានី ខេត្ត អង្គការសមាគម ផលិតករ អ្នកនិពន្ធ អ្នកផលិតមាតិកាលើបណ្តាញសង្គម ពិធីករ ពិធីការិនី សិល្បករ សិល្បការិនី និងមន្រ្តីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប: សរុបប្រមាណជាង១៣០នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×