Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​៧​នាក់ គាស់​តូប លួច​យក​ទ្រព្យសម្បត្តិ ទៅ​តុលាការ​បន្ទាយមានជ័យ

spot_img

​បន្ទាយមានជ័យ​៖ នគរបាល​ជំនាញ​ការិយាល័យ ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​បំបែកសំណុំរឿង មុខសញ្ញា​ចោរ​គាស់​ទម្លុះទម្លាយ​ជញ្ជាំង​ក្តារ​តូប លួច​យក​ទ្រព្យសម្បត្តិ ​នៅ​ចំណុច​ខាងកើត​ផ្សា​របឹង​ត្រកួន ២​នាក់ រួមទាំង​បក្ខពួក​ចំនួន​៥​នាក់​ផ្សេងទៀត ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​នេះ​។

​លោក​វរសេនីយ៍ទោ​ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ឲ្យ​ដឹងថា​៖ នៅវេលា​ម៉ោង​១​រំលងអធ្រាត្រ រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​ចោរ​គាស់​ទម្លុះទម្លាយ​ជញ្ជាំង​ក្តារ​តូប លួច​យក​ទ្រព្យសម្បត្តិ ​នៅ​ចំណុច​ខាងកើត​ផ្សា​របឹង​ត្រកួន ចម្ងាយ​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ​របស់​ជនរងគ្រោះ​ជា​ម្ចាស់​តូប​ឈ្មោះ ញ៉ុ​ល ស៊ីថា អាយុ​៣៤​ឆ្នាំ ជា​ប្តី​និង​ប្រពន្ធ​ឈ្មោះ ថាប់ តន្ត្រី អាយុ​៣៣​ឆ្នាំ (​អាជីវករ​វេរ​លុយ ​ប្តូរប្រាក់​និង​លក់​កាត​ទូរស័ព្ទ​) ក្នុងនោះ​បាត់អស់​លុយ​ថៃ​ចំ​នួ​៣​ម៉ឺន​បាត លុយ​ខ្មែរ​ចំនួន​៤​លាន​រៀល ​កាត​ទូរស័ព្ទ គិត​ជា​លុយ​ចំនួន​៨០០​ដុល្លារ ។​

​ក្រោយពី​កើតហេតុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បានដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ាត់ ​ឲ្យ​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ​កម្លាំង​នគរបាល​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ និង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ ចុះ​ធ្វើ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ ​ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​និង​ឈានដល់​ការបង្ក្រាប​មុខសញ្ញា ជនដៃដល់​ធ្វើ​សកម្មភាព​ចំនួន​២​នាក់ នៅវេលា​ម៉ោង​២​និង​២​នាទី​រសៀល​ថ្ងៃទី​១០ ខែសីហា ​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិសាស្ត្រ ស្រុក​ថ្មពួក​និង​ក្រុង​ប៉ោយប៉ែត មានឈ្មោះ កន ធុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ឈ្មោះ​ណុ​ច វណ្ណា ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​២​នាក់​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ ហើយ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ។

​ក្នុងនោះ​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បក្ខពួក ចំនួន​៥​នាក់​ផ្សេងទៀត មានឈ្មោះ​ហោម បឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​ឈ្មោះ​អ៊ី ឡា​ដែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ឈ្មោះ​សៅ យ៉​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ឈ្មោះ​សុខ ខា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ឈ្មោះ​យឿ​ង ​សុខ​មាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​៥​នាក់ នៅ​ភូមិ​និង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។ ជាមួយនឹង​ការបង្ក្រាប​នេះ ​សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ​ចំនួន​២​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ​ឡោះ ស្នងការរង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា​៖ ក្រោយពី​ចាប់​ឃាត់ខ្លួន ​និង​សាកសួ​ចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព គាស់​តូប​របស់​ឈ្មោះ ញ៉ុ​ល ស៊ីថា ​អាយុ​៣៤​ឆ្នាំ ជា​ប្តី​និង​ប្រពន្ធ​ឈ្មោះ​ថាប់ តន្ត្រី អាយុ​៣៣​ឆ្នាំ (​អាជីវករ​វេរ​លុយ ប្តូរប្រាក់​និង​លក់​កាត​ទូរស័ព្ទ​) ប្រាកដ​មែន​។

​ចំណែក​បក្ខ​ពួកគេ​៥​នាក់​ទៀត បាន​សារភាពថា​៖ ពួកគេ​មិនបាន​ចូលរួម​ធ្វើ​សកម្មភាព គាស់​តូប​នោះទេ ​តែ​ពួកគេ​គ្រាន់​បាន​ចូលរួម ផឹកស៊ី​ជាមួយ​ឈ្មោះ ណុ​ច វណ្ណា ប៉ុណ្ណោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការរង​បាន​បញ្ជាក់ថា​៖ ផ្អែក​តាម​បណ្តឹង​របស់​ម្ចាស់​តូច និង​ចម្លើយសារភាពរ​បស់​ជនស​ង្ស័​យ ​កម្លាំង​នគរបាល​ជំនាញ នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បានរៀបចំ​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ទាំង​៧​នាក់ ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×