ព្រះសីហនុ៖ រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើម្ចាស់សំណង់សង់ សង់អត់ច្បាប់អនុញ្ញាត ពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ដែលនាំឲ្យប៉ះពាល់ដល់ដីតំបន់ឆ្នេរសមុទ្រ និងដីចំណីផ្លូវសាធារណៈ នាមូលដ្ឋានខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ឲ្យបានធ្ងន់ធ្ងរ ដើម្បីជាការព្រមាន។មន្ត្រីឃ្លាំមើលសង្គម គ្មានជំនឿថា អាជ្ញាធរ នឹងចុះអនុវត្តការងារនេះ មានប្រសិទ្ធភាពទេ។
អភិបាលរងក្រុងព្រះសីហនុ លោក សន កុសល ដែលបានដឹកនាំមន្ត្រីចុះទៅណែនាំដល់អាជីវករអ្នកលក់ដូរ នៅតាមតំបន់ឆ្នេរ កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ព្រមានថា ចាប់ពីពេលនេះតទៅ អាជីវករលក់ដូរនៅតាមដងផ្លូវសាធារណៈនានា ជាពិសេសតាមតំបន់ឆ្នេរសមុទ្រ ដែលបានសង់រោង និងស្តង់លក់ដូរវត្ថុអនុស្សាវរីយជូនភ្ញៀវទេសចរ ត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយ ជាពិសេសកុំឲ្យប៉ះពាល់ដល់ដីចំណីផ្លូវសាធារណៈ និងតំបន់ឆ្នេរសមុទ្រជាដើម។
អាជ្ញាធរក្រុងព្រះសីហនុ ព្រមានថា ចំពោះប្រជាពលរដ្ឋ ឬអាជីវករលក់ដូរ នៅតាមតំបន់ឆ្នេរសមុទ្រនានា ចាប់ពីពេលនេះតទៅ គឺមិនឲ្យសាងសង់សំណង់ថ្មី ដោយគ្មានច្បាប់អនុញ្ញាតទៀតទេ ហើយក្នុងករណីប្រជាពលរដ្ឋ មិនស្តាប់តាមការណែនាំ របស់អាជ្ញាធរទេ នឹងមានវិធានការតាមផ្លូវច្បាប់ ឈានទៅផាកពិន័យ ឬបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការផ្តន្ទាទោស។
លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ ស្នើបានអំពាវនាវដល់ប្រជាពលរដ្ឋ លក់ដូរ នៅតាមតំបន់ឆ្នេរសមុទ្រនានា ត្រូវចូលរួមអនុវត្តតាមការណែនាំ របស់រដ្ឋបាលក្រុង-ខេត្តឲ្យបានទាំងអស់គ្នា ដើម្បីជៀសផុតពីការពិន័យ ឬផ្តន្ទាទោសនាថ្ងៃអនាគត។
ទាក់ទិនបញ្ហានេះកន្លងមក លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានរំលឹកដល់ប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនសំណង់ ឬវិស័យឯកជនទាំងអស់នាមូលដ្ឋាននេះ មិនត្រូវបើកការដ្ឋាន ឬសាងសង់សំណង់អ្វីមួយ ដោយមិនទាន់មានច្បាប់អនុញ្ញាត ពីមន្ត្រីស្ថាប័នពាក់ព័ន្ធជាមុនទេ។
លោកព្រមានថា បទល្មើសនេះ អាជ្ញាធររដ្ឋបាលក្រុងខេត្ត នឹងចាត់វិធានការក្តៅតាមផ្លូវច្បាប់ ឬឈានទៅវាយកំទេចចោលសំណង់ខុសច្បាប់ទាំងឡាយណា ដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈ ពិសេសសង់រំលោភទៅលើដីចំណីឆ្នេរសមុទ្រ ជាពិសេសអាជ្ញាធរអាចនឹងបញ្ជូនសំណុំ នៃបទល្មើសនេះ ទៅកាន់តុលាការផ្តន្ទាទោស បើមិនចូលរួមសហការជាមួយរដ្ឋបាលក្រុងខេត្តនាថ្ងៃអនាគត។
បញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏តម្រូវឲ្យអាជ្ញាធរ នៅតាមរដ្ឋបាលសង្កាត់នីមួយៗ ត្រូវរៀបចំសណ្ដាប់ធ្នាប់តាមទីប្រជុំជននានា មានទីផ្សារ និងនៅតាមផ្លូវសាធារណៈ ពិសេសនៅតាមតំបន់ឆ្នេរសមុទ្រជាដើម ត្រូវឲ្យមានអនាម័យបរិស្ថានល្អ ជាប្រចាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧តទៅ។
ទោះជាបែបនេះក្តី មន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋ ប្រកបរបរតូចតាច មួយចំនួន នាខេត្តព្រះសីហនុ បានរិះគន់ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុថា បានអនុវត្តច្បាប់សាងសង់នេះ មិនទាន់ស្មើភាពចំពោះមុខច្បាប់នោះទេ។ ពួកគេចោទថា កន្លងមករដ្ឋបាលក្រុងខេត្តព្រះសីហនុ បានចុះធ្វើសកម្មភាពរុះរើ ឬវាយកំទេចតែសំណង់សង់ដើម្បីលក់ដូរជាលក្ខណៈតូចតាច របស់ប្រជាបលរដ្ឋក្រីក្រតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់សំណង់ធំស្កឹមស្កៃ ឬសំណង់រឹងមាំធំៗ ដែលមានម្ចាស់ជាមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យវិញ គឺមិនបានវាយកំទេចចោលភ្លាមៗ ដូចសំណង់ពលរដ្ឋក្រីក្រគ្មានខ្នងបង្អែកនោះទេ។
ត្រង់ចំណុចនេះ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី ទទួលស្គាល់ថា កន្លងមកសំណង់សង់អត់ច្បាប់ របស់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ត្រូវអាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ចុះអនុវត្តច្បាប់សំណង់ ដោយរុះរើ និងវាយកំទេចចោលភ្លាមៗ និងមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែចំពោះសំណង់សង់មិនទាន់មានច្បាប់អនុញ្ញាតពីមន្ត្រីស្ថាប័នជំនាញ មានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុជាដើម គឺកម្រឃើញសមត្ថកិច្ចចុះវាយកំទេចភ្លាមៗណាស់។ ផ្ទុយទៅវិញ សំណង់សង់ល្មើសច្បាប់ទាំងនោះ បានបន្តសកម្មភាពសាងសង់ ដោយមិនញញើតរដ្ឋបាលក្រុង-ខេត្តព្រះសីហនុនោះទេ ទោះបីសំណង់ទាំងនោះ បានសង់រំលោភប៉ពាល់ដល់ដីចំណផ្លូវសាធារណៈ និងដីចំណីបឹងអូរធម្មជាតិ ពិសេសឆ្នេរសមុទ្របែបណាក្តី។
អ្នកឃ្លាំមើលសង្គមរូបនេះ ចាត់ទុកការអនុវត្តច្បាប់សំណង់ របស់រដ្ឋបាលក្រុង-ខេត្តព្រះសីហនុរាល់ថ្ងៃនេះ ថា មិនទាន់អនុវត្តឲ្យបានត្រឹមត្រូវចំពោះមុខច្បាប់នោះទេ ដោយភាគច្រើនអាជ្ញាធរ បានលម្អៀង ទៅលើភាគីអ្នកមានអំណាចបុណ្យស័ក្តិ និងឈ្មួញមានទ្រព្យធនមួយចំនួន ដែលជាម្ចាស់សំណង់សង់គ្មានច្បាប់ទាំងនោះ ដែលនាំឲ្យមានមតិរិះគន់ពីសាធារណៈ។
បញ្ហានេះ ទាំងប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួន នាខេត្តព្រះសីហនុ បានស្នើដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយពិនិត្យតាមដាន ទៅលើប្រសិទ្ធភាព នៃការចុះអនុវត្តច្បាប់សំណង់ របស់រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ដើម្បីឈានទៅពង្រឹងច្បាប់សំណង់នាមូលដ្ឋាននេះ ឲ្យបានជោគជ័យ និងស្មើភាព រវាងប្រជាពលរដ្ឋសាមញ្ញ មន្ត្រីរាជការថ្នាក់ទាប ឈ្មួញមានទ្រព្យធន និងបុគ្គលមានអំណាចមួយចំនួន ដើម្បីជៀសវាងមានមតិរិះគន់ផ្សេងៗនាថ្ងៃអនាគត៕ ដោយ៖ ដែន សីមា