ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បានខិតជិតមកដល់ហើយ ក្នុងនោះដែលបេក្ខជន បេក្ខនារី ត្រូវដឹងឲ្យច្បាស់ នូវបទប្បញ្ញត្តិទូទៅមួយចំនួន។
បទប្បញ្ញត្តិទូទៅសម្រាប់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨៖ ១)មិនត្រូវយកចូល ក្នុងមណ្ឌលប្រឡង ឬបន្តប់ប្រឡង នូវអាវុធជាតិផ្ទុះ គ្រប់ប្រភេទ។ ២)មិនត្រូវយកចូល ក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង នូវសៀវភៅ សំណៅឯកសារ គ្រប់រូបភាព កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស។ ៣)មិនត្រូវយកចូល ក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង នូវទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ប្រដាប់គិតលេខ និងនាឡិកាដៃដែលអាចគិតលេខបាន។ ៤)មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខាអនុរក្ស មិនត្រូវប្តូរសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នាមិនត្រូវធ្វើសញ្ញាសម្គាល់ លើសន្លឹកកិច្ចការ ឬហែកសន្លឹកកិច្ចការ ឬមិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស។
ក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងករណីបេក្ខជនពុំព្រមប្រគល់សៀវភៅឬសំណៅឯកសារឲ្យគណៈមេប្រយោគ បេក្ខជននោះពុំអនុញ្ញាតឲ្យចូលប្រឡងជាដាច់ខាតហើយត្រូវបានកំណត់ឲ្យធ្លាក់។ បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពដូចមានក្នុងចំណុច II.១ បេក្ខជននោះនឹងបានពិន្ទុសូន្យចំពោះវិញ្ញាសានោះ នឹងត្រូវបញ្ឈប់មិនឲ្យប្រឡងបន្តទៅទៀតក្នុងសម័យប្រឡងនេះ។ មិនអនុញ្ញាតឲ្យចូលប្រឡងចំពោះបេក្ខជនដែលមកដល់មណ្ឌលប្រឡង ក្រោយជួងទីពីរ ដោយចេតនា ឬដោយធ្វេសប្រហែសនិងត្រូវបានពិន្ទុសូន្យចំពោះករណីផ្ទុយនឹងបទប្បញ្ញត្តិនិងកម្រិតវិន័យ។ ត្រូវបានកំណត់ឲ្យធ្លាក់និងផ្អាកមិនឲ្យប្រឡងមួយឆ្នាំ បន្ទាប់ចំពោះបេក្ខជនដែលមានសកម្មភាពផ្ទុយនឹងបទប្បញ្ញតិ្ត និងកម្រិតវិន័យត្រង់ចំណុច III.២ ដូចជាផ្លាស់ ឬប្តូរកន្លែងអង្គុយ។ ត្រូវបានកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រឡងពីរឆ្នាំបន្ទាប់ចំពោះបេក្ខជនដែលមានសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិនិងកម្រិតវិន័យ ត្រង់ចំណុច III.៣ ដូចជាឲ្យអ្នកដទៃមកប្រឡងជំនួស។ ចំពោះបេក្ខជនដេលបង្កឲ្យខូចរបៀបរៀបរយ ក្នុងការប្រឡង នឹងត្រូវលុបឈ្មោះចេញពីគ្រឹះស្ថានសិក្សារបស់ខ្លួន រួចបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន៕ ដោយ ៖ បញ្ញាស័ក្តិ