តាកែវ ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ខ្ញុំបានដឹកនាំប្រតិភូដើម្បីចុះពិនិត្យមើលការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យព្រះនរោត្តមសីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តមមុនិនាថសីហនុ តុំ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលក្រុងដូនកែវ គណៈគ្រប់គ្រង បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
(១). សូមសម្តែងនូវកត្តាញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះសម្តេចហ្លួងម៉ែ និងសម្តេចព្រះបរមនាថនរោត្តសីហមុនី ដែលបានព្រះរាជទានថវិកាសាងសង់និងជួសជុលអគារសិក្សា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងសាលានេះ និងអបអរសាទរចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី ដែលទទួលបានសមិទ្ធផលដ៏ថ្លៃថ្លានិងធំធេងនេះ។
(២). សាលារៀនមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរហើយ ដែលអាចទទួលស្គាល់ថាជាសាលាស្អាត ខ្ញុំសូមលើកទឹកចិត្តឱ្យ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ អាជ្ញាធរដែនដី ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីកែលម្អបរិស្ថានឱ្យកាន់តែប្រសើរថែមទៀត ក៏ដូចជា ចូលរួមខិតខំទាំងអស់គ្នា ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ជាពិសេសការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
(៣). សម្រាប់ថ្នាក់មត្តេយ្យសិក្សា ក្រសួងនឹងជួយគាំទ្រផ្តល់សម្ភារសិក្សាបន្ថែម និងសម្រាប់បឋមសិក្សា នឹងមានក្រុមការងារចុះមកជួយពិនិត្យគាំទ្រ ហើយនាយកដ្ឋានបឋមសិក្សាត្រូវរៀបចំបណ្តុះបណ្តាលគ្រូបង្រៀនស្តីពីការអនុវត្តកញ្ចប់សម្ភារៈអំណាននិងគណិតវិទ្យាថ្នាក់ដំបូង។ សម្រាប់ថ្នាក់មធ្យមសិក្សាវិញ ត្រូវពិនិត្យលទ្ធភាពដាក់បញ្ចូលសាលារៀនទៅក្នុងគម្រោងកែលម្អការអប់រំចំណេះទូទៅ(GEIP)។ នាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរ ត្រូវរៀបចំក្រុមការងារចុះគាំទ្រសាលារៀន រៀនសូត្រពីសាលាផ្សេង ដូចជាតេស្តស្តងដា និងត្រូវមានកម្មវិធីបំប៉នបន្ថែមសម្រាប់សិស្ស ជួយគាំទ្រការរៀន និងបង្រៀន ដើម្បីត្រៀមខ្លួនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបានលទ្ធផលសិក្សាល្អប្រសើរ ប្រែក្លាយទៅជាសាលារៀនគំរូនាពេលអនាគត។
(៤). សាលារៀនត្រូវរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាផែនការតម្រូវការគ្រូបង្រៀន រយៈពេល ៥ ទៅ ១០ឆ្នាំឱ្យបានរួចរាល់ ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូបង្រៀននាពេលអនាគត។
សារជាថ្មីម្តងទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូ អាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមចំណែកគាំទ្រអភិវឌ្ឍសាលារៀនកន្លងមក និងជូនពរដល់ក្មួយៗឱ្យទទួលបានជោគជ័យក្នុងការសិក្សា ក្លាយជាសសរទ្រូងនៃប្រទេសជាតិនាពេលអនាគត៕រក្សាសិទ្ធដោយ៖សុទ្ធលី