Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីកសិកម្ម ក្រុមហ៊ុនសូម៉ាគ្រុប ជួបជាមួយក្រុមហ៊ុន SunRice ដើម្បីទាក់ទាញ ការនាំចូលអង្ករកម្ពុជា មកកាន់ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រសួងការបរទេសនិងពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានឥតសំណង ដ៏ច្រើនមកកម្ពុជា លើការអភិវឌ្ឍ និងការស្រាវជ្រាវ វិស័យកសិកម្ម អស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកហើយ ដែលបានចូលរួមចំណែក យ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំនាវាកម្ពុជា ចេញពីភាពខ្វះស្បៀង រហូតដល់កម្ពុជាសល់ស្បៀង ជាស្រូវចំនួនប្រមាណជាង ៥ លានតោន (៣,៦ លានតោនអង្ករ) នៅឆ្នាំ២០១៦ កន្លងទៅ សម្រាប់ធ្វើការនាំចេញ ។

ជាមួយនឹងការនាំចេញអង្ករ ទៅកាន់ទីផ្សារបរទេសនោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្រ្តាលី ឲ្យកាន់តែរីកចម្រើនថែមទៀត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៧ ។ នៅលើទឹកដីអូស្ត្រាលី នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ គណៈប្រតិភូក្រសួង រួមដំណើរដោយ លោក សុខ ពុទ្ធិវុធ អគ្គនាយកក្រុមហ៊ុនសូម៉ាគ្រុប ចូលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន SunRice នៅទីស្នាក់កណ្តាលនាទីក្រុងស៊ីដនី ក្នុងគោលបំណងទាក់ទាញ ការនាំចូលអង្ករកម្ពុជា មកកាន់ប្រទេសអូស្រ្តាលី។

សូមបញ្ជាក់ថា ក្រុមហ៊ុន SunRice ជាក្រុមហ៊ុនអន្តរជាតិមួយ ដែលធ្វើការផ្គត់ផ្គង់ ចែកចាយស្រូវប្រមាណ ១,២លានតោន ស្មើនឹងអង្ករប្រមាណ ៧២០.០០០តោន ក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារពិភពលោកចំនួន ៥០ប្រទេស សម្រាប់មនុស្សប្រមាណជាង ២០លាននាក់។

បច្ចុប្បន្នក្រុមហ៊ុន មានសមត្ថភាពផលិតស្រូវ បានក្នុងស្រុកប្រមាណ ៦០០ពាន់តោន និងទាមទារឲ្យមានការនាំចូល ពីបរទេស ដើម្បីបំពេញតម្រូវការ។ នេះជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបំពេញ នូវតម្រូវការនេះ ទន្ទឹមនឹងកម្ពុជានៅសល់ស្រូវជាង ៥លានតោន នាឆ្នាំកន្លងមក។ កត្តាចំបងដែលជាលក្ខខណ្ឌ តម្រូវរបស់ក្រុមហ៊ុន SunRice គឺកត្តាគុណភាព និងស្ថេរភាពនៃការផលិត ព្រមទាំងភាពសុទ្ធនៃអង្ករ។ តាមរយៈការពិភាក្សានេះ ក្រសួងនិងក្រុមហ៊ុនសូម៉ាគ្រុប នឹងសហការគ្នា ឲ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីគាំទ្រដល់គោលនយោបាយ ជំរុញការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានជោគជ័យ។

បន្ទាប់មក នៅរសៀលម៉ោង២និង៣០ លោក វេង សាខុន បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ សហប្រតិបត្តិការ លើវិស័យកសិកម្ម ជាមួយ លោកស្រី Concetta Fierravanti-Wells រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកនៅក្នុងតំបន់ប៉ាស៊ីហ្វិក ប្រកបដោយភាពស្និទ្ធស្នាលជាមិត្តភាព និងសហប្រតិបត្តិការគ្នាខ្ពស់៕ដោយ៖បញ្ញាស័ក្តិ

×