ភ្នំពេញ៖ នារសៀលថ្ងៃអង្គារទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ រួមទាំងលោកឧញ៉ា ស្រី ចាន់ថន ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកកិច្ចប្រជុំមួយ ដើម្បីដោះស្រាយសម្របសម្រួលពាក់ព័ន្ធទៅកីឡាករ ដាវ លីឌុច ឲ្យមានភាពល្អប្រសើរឡើងវិញ។
កិច្ចប្រជុំនេះ ក៏បានចង្អុលបង្ហាញ ដាវ លីឌុច ឲ្យយល់ដឹងអំពីការរស់នៅ ច្បាប់ទម្លាប់ប្រទេស ដើរលើមាគ៌ារួមគ្នា ជួយផ្សព្វផ្សាយគុនខ្មែរដោយពិតប្រាកដហើយចេញពីចិត្ត ។
ឯកឧត្តម ថោង ខុន បានលើកឡើងថា យេីងបានឯកភាពគ្នា ហើយធ្វើការអភិវឌ្ឍគុនខ្មែរទាំងអស់គ្នា ដោយគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដូចនេះ ដាវ លីឌុច និងសហព័ន្ធត្រៀមសហការគ្នា និងចាប់ដៃគ្នាធ្វេីការរួមគ្នាដោយគោរពគ្នាទៅវិញទៅមក ។
ឯកឧត្តម បានបន្តថា ចាប់ពីពេលនេះតទៅរឿងរ៉ាវចាស់ៗគឺត្រូវបានដោះស្រាយ ហើយបញ្ចប់ជាស្ថាពរ គិតរឿងល្អសំរាប់គុនខ្មែរ
ជាលទ្ធផល ភាគីទាំងបានយល់គ្នា ដោយ កីឡាករ ដាវ លីឌុច មានឆន្ទៈបន្តចូលរួមផ្សព្វផ្សាយគុនខ្មែរលើឆាកជាតិ-អន្តរជាតិ ហើយ ឯកឧត្តម ខូវ ឆាយ ក៏សម្តែងការអបអរសាទរ ស្វាគមន៍ និងត្រៀមកិច្ចសហការជានិច្ចខាងផ្នែកបច្ចេកទេសជាមួយ លោក ដាវ លីឌុច ឱ្យបានស៊ីជម្រៅតាមគោលការណ៍ និងលក្ខន្តិកៈរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមស្មារតីរួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីល្បាញបន្ថែមទៀតលើឆាកអន្តរជាតិ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី