Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ ដាវ លីឌុច ត្រូវរូវជាមួយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរវិញហើយ ខណៈបុគ្គលមួយចំនួនមិនយល់ស៊ីជម្រៅពុតត្បុតរបស់កីឡាកររូបនេះ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីផ្ទុះការប្លង់ពាក្យសម្ដីរបស់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទៅលើកីឡាករ លេតធឹហ្វៃ (Lethwei) របស់មីយ៉ាន់ម៉ា ដាវ លីឌុច ដែលមានពុតត្បុតកេងចំណេញពីកម្ពុជារួចមកនោះ ក៏មានមហាជនមួយចំនួន ក៏ដូចជាអ្នកនយោបាយខ្លះ សិក្សាដើមហេតុនៃជម្លោះនេះមិនដល់ឫសគល់ផងនោះ ចេញមកបកស្រាយ ជាស្ដីបន្ទោស លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សុទ្ធតែចិត្តចង្អៀត មិនស័ក្ដិសមជាមេដឹកនាំនៅស្ថាប័នមួយ និងងអ្នកខ្លះទៀតថា វិធានការឃោរឃៅ ប៉ុន្តែទីបំផុតអ្នកទាំងនោះ មានបានមុជឱ្យជ្រៅមើលឃើញពីពុតត្បុតរបស់ ដាវ លីឌុច ហើយឬនៅ?

ប៉ុន្តែទោះជាយ៉ាងណា ជម្លោះនេះ ត្រូវបានផ្សះផ្សាវិញហើយ គឺនារសៀលថ្ងៃអង្គារទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា , លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ រួមទាំងលោកឧញ៉ា ស្រី ចាន់ថន ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកកិច្ចប្រជុំមួយ ដើម្បីដោះស្រាយសម្របសម្រួលពាក់ព័ន្ធទៅនឹងកីឡាករលេតធឹហ្វៃ (Lethwei) ដាវ លីឌុច ឱ្យមានភាពល្អប្រសើរឡើងវិញ។

កិច្ចប្រជុំនេះ ក៏បានចង្អុលបង្ហាញ ដាវ លីឌុច ឱ្យយល់ដឹងអំពីការរស់នៅក្នុងប្រទេសមួយ និងច្បាប់ទម្លាប់ផ្សេងៗ ដើរលើមាគ៌ារួមគ្នា ជួយផ្សព្វផ្សាយគុនខ្មែរដោយពិតប្រាកដ ចេញពីចិត្ត។ ឯកឧត្តម ថោង ខុន បានលើកឡើងថា យេីងបានឯកភាពគ្នា ហើយធ្វើការអភិវឌ្ឍគុនខ្មែរទាំងអស់គ្នា ដោយគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដូចនេះ ដាវ លីឌុច និងសហព័ន្ធត្រៀមសហការគ្នា និងចាប់ដៃគ្នាធ្វេីការរួមគ្នាដោយគោរពគ្នាទៅវិញទៅមក។

ឯកឧត្តម បានបន្តថា ចាប់ពីពេលនេះតទៅរឿងរ៉ាវចាស់ៗ គឺត្រូវបានដោះស្រាយ ហើយបញ្ចប់ជាស្ថាពរ និងត្រូវគិតរឿងល្អៗសំរាប់គុនខ្មែរ។ ជាលទ្ធផល ភាគីទាំងពីរបានយល់គ្នា ដោយ កីឡាករ ដាវ លីឌុច មានឆន្ទៈបន្តចូលរួមផ្សព្វផ្សាយគុនខ្មែរលើឆាកជាតិ-អន្តរជាតិ ហើយ លោក ខូវ ឆាយ ក៏សម្តែងការអបអរសាទរ ស្វាគមន៍ និងត្រៀមកិច្ចសហការជានិច្ចខាងផ្នែកបច្ចេកទេសជាមួយ លោក ដាវ លីឌុច ឱ្យបានស៊ីជម្រៅតាមគោលការណ៍ និងលក្ខន្តិកៈរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមស្មារតីរួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីល្បាញបន្ថែមទៀតលើឆាកអន្តរជាតិ។

សូមរំលឹកឡើងវិញថា កាលពីប៉ុន្មានថ្ងៃមុននេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសមិនស្វាគមន៍កីឡាករ លេតធឹហ្វៃ (Lethwei) ដាវ លីឌុច ឡើងសង្វៀននៅកម្ពុជាឡើយ ហើយក៏គ្មានថ្ងៃធ្វើការជាមួយកីឡាករ លេតធឹហ្វៃ (Lethwei) របស់មីយ៉ាន់ម៉ានេះដែរ បន្ទាប់ពីលោកបានមើលឃើញពីទង្វើមិនគប្បីម្ដងជាពីរដង ស្ទើរតែនាំឲ្យខូច និងប៉ះពាល់ដល់កម្មវិធីគុនខ្មែរថែមទៀត ជាក់ស្ដែងដូចជាការប្រកួតជាមួយ ព្រំ សំណាង កាលពីចុងឆ្នាំ២០២៣ និងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកាលពីថ្មីៗនេះ។

ពាក់ព័ន្ធទៅនឹងកំហឹងជាតិនិយមរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទៅលើ ដាវ លីឌុច នោះ ឃើញមានជនមួយក្ដាប់តូច តាំងខ្លួនជាអ្នកចេះគិតគូរ ប៉ុន្តែមិនយល់អំពីនយោបាយកីឡាផង ធ្វើការវាយប្រហារ លោក ខូវ ឆាយ សុទ្ធតែចិត្តចង្អៀត , វិធានការឃោរឃៅទៅលើ ដាវ លីឌុច ចាំញ៉ាំជាងវែកចកទៅទៀត, ប៉ុន្តែផ្ទុយទៅវិញអ្នកទាំងនោះ មិនយល់អំពីសិល្បៈ នៃការទាស់គ្នារវាងកីឡាករ និងកីឡាករ , រវាងកីឡាករ និងអ្នករៀបចំ ជាពិសេស គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរតែម្ដង, ពោលគឺ ការទាស់គ្នារវាង លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាមួយកីឡាករល្បីឈ្មោះ ដាវ លីឌុច ក៏ជាកម្លាំងជំរុញទីផ្សារលើវិស័យកីឡាមួយ ធ្វើឱ្យមហាជន ក៏ដូចសាធារណជន កាន់តែមានសន្ទុះតាមដានរឿងនេះកាន់តែខ្លាំង ព្រោះថា សង្គ្រាមពាក្យសំដីរវាងកីឡាករអាជីព និងស្ថាប័នអាជីព វៀរលែងអីនឹងគេរកគន្លឹះត្រូវរូវគ្នាបានវិញនោះទេ, អ្នកខ្លះបត់បែនមិនទាន់គេ កុំទាន់អាលគិតផ្ដេសផ្ដាស។
ស្ដីពីជម្លោះវិញ ជាធម្មតាទេ បើគ្មានភ្លើង ក៏គ្មានផ្សែងដែរ កំហុសកីឡាករ ដាវ លីឌុច បានកើតមានចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាពិសេស ធ្វើឱ្យខូចខាតស្ថានភាពប្រកួតជាមួយកីឡាករ ព្រំ សំណាង ស្ទើរតែបាត់បង់ទាំងស្រុងទៅហើយ បើកុំតែ ព្រំ សំណាង យោគយល់ ប្ដូរមកប្រកួតពាក់ហ្កង់អំបោះឆៅតាមកីឡាករពុតត្បុតច្រើន ដាវ លីឌុច នោះ កុំអីកម្មវិធីប្រកួតគុនខ្មែរ ដែលរៀបរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្រុមហ៊ុនស្រាបៀរហនុមាននោះ ខាតបង់ប្រាក់រាប់លានដុល្លារបាត់ទៅហើយ, នេះជាពុតត្បុត និងកំហុសធំណាស់របស់កីឡាករ ដាវ លីឌុច , ត្រង់នេះ អ្នកខ្លះបន្ទោស លោក ខូវ ឆាយ សុទ្ធតែចិត្តចង្អៀត , វិធានការឃោរឃៅ… ចុះប្រសិនបើកីឡាករ ព្រំ សំណាង របស់ខ្មែរមិនយោគយល់ តើការខាតបង់ប្រាក់រាប់លានដុល្លារនោះ អ្នករាល់គ្នាដែលស្ដីបន្ទោសលោក ខូវ ឆាយ ជាអ្នកចេញសងមែនទេ?!

រឿងមួយទៀត គឺកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកាលពីថ្មីៗនេះ ដើម្បីផ្ដល់កិត្តិយសឱ្យប្រទេសកម្ពុជាផង និងចូលរួមលើកកម្ពស់ អភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរ ក្នុងប្រទេសកម្ពុជាផង កាលពីថ្មីៗនេះ ហើយកីឡាករ ដាវ លីឌុច ក៏ចូលរួមផងដែរ ប៉ុន្តែអ្វីដែលគេលួចបន្លំគេងចំណេញពីកម្មវិធីគុនខ្មែរនោះ គឺ ដាវ លីឌុច ឆ្លៀតឱកាស ផ្សព្វផ្សាយពីក្បាច់គុន លេតធឹហ្វៃ (Lethwei) របស់ខ្លួននៃប្រទេសមីយ៉ាន់ម៉ា ទៅវិញ?!… ចំណុចត្រង់នេះ តើអ្នកដែលស្ដីបន្ទោស លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាពេលនេះ មានជួយឈឺចាប់ចំពោះកម្មវិធីរបស់ខ្មែរ នៅក្នុងទឹកដីខ្មែរដែរ ដែលគេបន្លំកេងចំណេញទេ?!

បើតាម លោក ខូវ ឆាយ បានបញ្ជាក់ច្បាស់ថា អ្វីដែលខ្ញុំបានឃើញសំណេររបស់គាត់ (ដាវ លីឌុច) គឺខ្ញុំមិនគាំទ្រទេ ដោយសារគាត់សរសេរថា : ទី១-គាត់ទាមទារលក្ខខណ្ឌទឹកប្រាក់ ១លានដុល្លារ ។ នេះមិនមែនជាការផ្សព្វផ្សាយគុនខ្មែរទេ គឺជាការទាមទារលក្ខខណ្ឌសម្រាប់ប្រយោជន៍របស់គាត់។ ទី២-គាត់និយាយពីបញ្ហាគុនខ្មែរ និង មួយថៃ (Mauy Thai) ឡូកឡំគ្នា ហាក់ធ្វើឱ្យកម្មវិធីគុនខ្មែរមានភាពស្រអាប់ , ខ្ញុំគិតថា ក្នុងនាមសហព័ន្ធ យើងអត់ចង់មានការបែងចែក យើងអត់ចង់មានការអុជអាល នាំឲ្យមានការរើសអើងពូជសាសន៍ទេ ព្រោះទង្វើនេះ នាំឲ្យមានការឈ្លោះគ្នា ហើយយើងអត់ត្រូវការទេសង្គ្រាម ក្នុងនាមប្រទេសមួយដែលមានសន្ដិភាព យើងអត់ត្រូវការការឈ្លោះគ្នាឈានទៅរកការស្អប់គ្នា ឬសង្គ្រាមទេ» ។

ចំពោះពលរដ្ឋខ្មែរភាគច្រើនវិញ គិតថា ការបញ្ចេញកំហឹងជាតិនិយមរបស់ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ វាមិនទាន់ជ្រុលនិយមនោះទេ ចំពោះកីឡាករ ដាវ លីឌុច ដែលមានពុតត្បុតកេងចំណេញមកលើកម្ពុជា, ឬមួយក៏យើងទាំងអស់គ្នា ឃើញ ដាវ លីឌុច កេងចំណេញមកលើកម្ពុជាហើយ នាំគ្នានៅស្ងៀម និងហៃអើៗ ?!៕ ពិសិដ្ឋ CEN

×