ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូនៃសាធារណៈរដ្ឋកូរ៉េ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ បានជួបប្រជុំនិងមានការឯកភាពគ្នាកាលពីពាក់កណ្តាលខែឧសភាឆ្នាំ២០២៤កន្លងមកនេះ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាពនេះបានធ្វើឡើង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ រវាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមអូ យ៉ុងហ៊ុន អភិបាលទីក្រុងជេជូ(JeJu)នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា៖ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូង កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី។
ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានផ្តល់សមិទ្ធផលជាច្រើនមកកម្ពុជា ដូចជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេដែលគ្រោងនេះនឹងបើកការដ្ឋាននាពេលខាងមុខនេះ។ជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាច្រើនទៀត។ដោយឡែកសម្រាប់រាជធានីភ្នំពេញ ប្រទេសកូរ៉េបានបន្តនៅកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញជាច្រើនផងដែរ។ ជាក់ស្តែងពេលនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមន្ត្រីភាពជាមួយនឹងទីក្រុងជេជូ ដើម្បីឱ្យទំនាក់ទំនងនៃទីក្រុងទាំងពីរកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ពិសេសគឺការបន្តទំនាក់ទំនងកាន់តែល្អ ទៅក្មេងជំនាន់ក្រោយៗទៀត។
ឯកឧត្តមបានបន្តទៀតថា កន្លងមកនេះ រាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)របស់ប្រទេសកូរ៉េ ដោយបានផ្តល់ជាជំនួយលើវិស័យសុខាភិបាល មករាជធានីភ្នំពេញ ក្នុងការជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដែលមានទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារអាមេរិក។
ក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេង ក៏បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំទន្លេបួនមុខ មានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា៣លាននាក់ ដែលធ្វើឲ្យរាជធានីភ្នំពេញ ប្រឈមទៅនឹងការកកស្ទះចរាចរណ៍ ជាមួយនឹងការជនលិចដោយជំនន់ទឹកភ្លៀងផងដែរ។ ជាមួយនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការលិចលង់នេះ។
ឯកឧត្តមបានបន្តថា៖ រាជធានីភ្នំពេញមាន សុខ សន្តិភាពពេញលេញ ទទួលបាននូវការជឿជាក់ពីអ្នកវិនិយោគទុន បានមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញយ៉ាងច្រើន។ រាជធានីភ្នំពេញក៏នៅតែបន្តទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញបន្ថែមទៀត។
ឯកឧត្តមអូ យ៉ុងហ៊ុន បានមានប្រសាសន៍លើកឡើងដែរថា៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចហ៊ុនម៉ាណែតជាអ្នកកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសកូរ៉េនិងប្រទេសកម្ពុជា។ សម្ដេចបវរធិបតីបានបង្កើតជាដៃគូយុទ្ធសាស្ត្រជាមួយនឹងប្រទេសកូរ៉េ ដោយនៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៤ ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េ បានជួបប្រជុំជាមួយសម្ដេចសម្ដេចបវរធិបតីហ៊ុនម៉ាណែត។ ដោយឡែកខេត្តជេជូ បានជួបជាមួយសម្ដេចនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៤ នៅទីក្រុងទីក្រុងសេអ៊ូល ជាលទ្ធផលយើងបានចុះMOUជាមួយរាជធានីភ្នំពេញ។
ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ ទីក្រុងជេជូមានប្រជាពលរដ្ឋត្រឹមតែ៧០ម៉ឺននាក់ប៉ុណ្ណោះ។ តែទីក្រុងមួយនេះបានទាក់ទាញភ្ញៀវទេសចរប្រមាណជា១៥លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងការវិនិយោគបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។ តាមរយៈទំនាក់ទំនងនៃប្រទេសទាំងពីរយើងនឹងជំរុញលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពលជាមួយកម្ពុជា។ យើងនឹងអនុវត្តទៅតាមផែនការជាមួយនឹងការផ្លាស់ប្ដូរទំនាក់ទំនងកាន់តែល្អ រវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តម អូ យ៉ុងហ៊ុន ក៏បានអញ្ជើញឯកឧត្តមឃួង ស្រេងនិងប្រតិភូរាជធានីភ្នំពេញ ទៅទស្សនកិច្ចនៅកោះជេជូផងដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី