Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសមាគមសិល្បករខ្មែរអំពាវនាវ៧ចំណុចដល់សិល្បករ ជុំវិញបញ្ហាមរោគអេដ៍-ជំងឺអេដស៍

ភ្នំពេញ ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការអប់រំផ្សព្វផ្សាយមេរោគអេដស៍ និងជំងឺអេដស៍ ជូនដល់សិល្បករ-សិល្បការិនី” ដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

នៅក្នុងសុន្ទរកថាខ្លី អ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកឡើងថា រហូតមកដល់ពេលនេះ មេរោគអេដស៍នៅតែមិនទាន់មានថ្នាំបង្កានៅឡើយ ហើយជំងឺអេដស៍នៅតែមិនទាន់មានឱសថសម្រាប់ព្យាបាលឱ្យបានជាសះស្បើយនៅឡើយដែរ។ បន្ថែមលើនេះ មេរោគអេដស៍ និងជំងឺអេដស៍ កំពុងបន្តបង្កផលលំបាកដល់ស្ថានភាពសង្គម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចផងដែរ។ អត្រានៃការឆ្លងនៅចំណោមយុវជនវ័យក្មេង និងអត្រានៃអ្នកស្លាប់ដោយសារជំងឺអេដស៍នៅតែជាការព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្ដោតការយកចិត្តទុកដាក់ និងចូលរួមប្រយុទ្ធទប់ស្កាត់ឱ្យសកម្មបំផុត។

ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើការអំពាវនាវ៧ចំណុចជូនដល់សិល្បករ-សិល្បការិនី ដូចតទៅ៖

ទី១.សិល្បករ-សិល្បការិនី ទាំងអស់ ចូលរួមស្វែងយល់ពីមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានស៊ីជម្រៅ និងបញ្ជ្រាបការយល់ដឹងទាំងនេះក្នុងគ្រប់ទម្រង់សិល្បៈឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាជនយើង ជាពិសេសក្រុមយុវជនបង្កាខ្លួនចៀសផុតពីការឆ្លងមេរោគអេដស៍ ។

ទី២.នៅគ្រប់វេទិការនៃការសម្ដែងសូមគ្រប់ពិធីករ-ពិធីការិនី តារាសម្ដែង តារាកំប្លែងលើកអំពីសារខ្លីៗដែលអប់រំពីមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានជាប់ជាប្រចាំ។

ទី៣.សូមអ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតដឹកនាំរឿងខ្លីស្ដីពីការអប់រំការបង្កា និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។

ទី៤. សូមសិល្បករ-សិល្បការិនី បញ្ចៀសការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ តាមការស្មោះស្ម័គ្រស្នេហាប្រពន្ធមួយ-ប្ដីមួយ ឬគូសង្សារតែមួយ ឬប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវជាប់ជាប្រចាំនៅពេលរួមភេទជាមួយដៃគូផ្សេង។

ទី៥.សូមសិល្បករ-សិល្បការិនី ដែលសង្ស័យថា បានប្រព្រឹត្តប្រឈមទៅនឹងការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ សូមរួសរាន់ទៅទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលថែទាំ។

ទី៦. សូមសិល្បករ-សិល្បការិនី ចូលរួមលុបបំបាត់ការមាក់ងាយ និងការរើសអើងលើគ្រប់ទម្រង់ភេទនៃអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយចាត់ទុកអ្នករងគ្រោះទាំងអស់ជាមិត្តភក្ដិបងប្អូនរបស់យើង ត្រូវជួយគ្នា និងលើកទឹកចិត្តគ្នា ធ្វើការរួមគ្នា ដើម្បីភាពសុខដុមនៃសង្គមជាតិយើង។

ទី៧. សូមសិល្បករ-សិល្បការិនីទាំងអស់ ចាត់ទុកថា មានភារកិច្ចសំខាន់មួយទៀតរបស់យើង ក្រៅពីការផ្ដល់ការកម្សាន្ត និងភាពរីករាយ គឺការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដោយធ្វើជាគម្រូដល់អ្នកគាំទ្រទាំងឡាយអំពីមេរោគអេដស៍ និងជំងឺអេដស៍។

ក្នុងនាមសិល្បករ-សិល្បការិនី អ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរបានប្រកាសជាឱឡារិកថា យើងទាំងអស់គ្នា មានមោទនភាពបំផុត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×