ភ្នំពេញ៖ បើតាមរបាយការណ៍របស់មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ចំនួនអ្នកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤នេះ មានកំណើនទ្វេគុណ បើធៀបនិងឆ្នាំដំបូង ដែលទិវានេះ បានរៀបចំឡើងកាលពីឆ្នាំ២០១៨។
នៅឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាលើកទី៧ ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលពិធីបើកនៅថ្ងៃទី១៥ មិថុនា បានរៀបចំធ្វើឡើងក្រោមអធិបតីឯកឧត្តម ហង្ស ជួនណារ៉ុន ឧប្បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងប្រកាសបិទនាថ្ងៃទី១៦ ខែមិថុនា ក្រោមវត្តមានឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្នុងទិវានេះ ក្រសួងការងារ បានរៀបចំឱ្យមានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ ខ្សែសង្វាក់ផលិតកម្ម ការធ្វើតេស្តវាយតម្លៃសមត្ថភាព ព្រមទាំងសមិទ្ធផល និងស្នាដៃផ្សេងៗ បង្កប់នូវគំនិតឆ្នៃប្រឌិត និងការបង្កើតថ្មីជាច្រើន ជាពិសេស ការបង្ហាញជូនដល់សាធារណជនបានទស្សនាដោយផ្ទាល់នូវរ៉ូបូតផលិតដោយក្រុមនិស្សិតខ្មែរ ដែលមានសមត្ថភាពអាចនិយាយឆ្លើយឆ្លងគ្នាបានរហូតដល់ ៦ភាសា។
ជាមួយគ្នានេះ ក្រសួង ក៏បានរៀបចំការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាទាក់ទងនឹងប្រធានបទសំខាន់ៗជាច្រើន ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានអំពីឱកាសទទួលបានជំនាញ និងអត្ថប្រយោជន៍ផ្សេងៗពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ។
ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញរបាយការណ៍ថា អ្នកដែលបានចូលរួមទិវាជាតិ ក្នុងឆ្នាំនេះ មានចំនួនសរុបប្រមាណ ៦ម៉ឺន ៥ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំដំបូង ដែលមានអ្នកចូលរួមប្រមាណតែ ៣ ម៉ឺននាក់ប៉ុណ្ណោះ ហើយកំណើនទ្វេគុណនេះ បានបង្ហាញឱ្យយើងឃើញថា សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ជាពិសេសសិស្សានុសិស្ស បាននិងកំពុងងាកមកចាប់អារម្មណ៍លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVETនេះ កាន់តែច្រើនជាងមុន។
ថ្លែងបិទទិវានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាន៍ថា TVET ជាស្ពាន ជាថ្នាល ដែលអាចធ្វើឱ្យជីវិត របស់ប្រជាពលរដ្ឋម្នាក់ៗ ដែលគ្មានជំនាញពីមុនក្លាយទៅជាអ្នកមានជំនាញមួយយ៉ាងតិចនៅក្នុងជីវិត។ ចំណែកអ្នកដែលធ្លាប់មានហើយក៏ដោយ ក៏អាចធ្វើការផ្លាស់ប្តូរជំនាញដើម្បីឱ្យខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ មានជំនាញមានផលិតភាពស្របតាមតម្រូវការទីផ្សារការងារ ស្របតាមរចនាសម្ព័ន្ធនៃសេដ្ឋកិច្ច និងការវិនិយោគថ្មីៗ។
ឯកឧត្តម បានថ្លែងថា៖ «យើងសង្ឃឹមថា យុវជន ដែលទើបតែដល់វ័យ ចូលទីផ្សារការងារ រើសជំនាញ TVETមួយ ដែលទីផ្សារកំពុងត្រូវការ ជំនាញដែលប្រើប្រាស់បច្ចេកវិទ្យា ជាជំនាញដែលប្រើប្រាស់បច្ចេកទេស ហើយធ្វើឱ្យខ្លួនគាត់អាចចាប់យកឱកាសការងារ ប្រាក់ខែខ្ពស់ មានលក្ខខណ្ឌការងារល្អជាងមុន មិនប្រើកម្លាំងបាយដូចមុន។»
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាទី៧ ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស ដោយនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕