Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ផ្តល់អនុសាសន៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ រហូតដល់ស្ថានភាពកកស្ទះចរាចរណ៍ត្រឡប់​មកសភាពធម្មតាវិញ ​ទើបដកកម្លាំងចេញ

spot_img

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ អំទ្បុងម៉ោងត្រូវទៅ និងចេញពីបម្រើការងារ (Rush Hour) រហូតដល់ស្ថានភាពកកស្ទះចរាចរណ៍ត្រឡប់​មកសភាពធម្មតាវិញ​ទើបដកកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ។

នាព្រឹកថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយស្ពានអាកាសនេះ ត្រូវបានប្រសិទ្ធនាម ថា «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត»។

មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសភ្លោះនេះ គឺជាគម្រោងថ្មីបន្ថែមមួយទៀត សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបានកើតចេញពីអនុសាសន៍ប្រកបដោយ​អត្ថន័យ​​​​យ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន គឺ «យកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹក​ត្នោតខ្ចប់ស្ករត្នោត» តាមរយៈការប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍កោះនរាមួយផ្នែក និងមួយផ្នែកទៀត បានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល សម្រាប់យកមកស្ថាបនាស្ពានអាកាសថ្មីនេះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាលំហូរចរាចរក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ និងដើម្បីតភ្ជាប់ទៅនឹងប្រព័ន្ធឡូជីស្ទីកនៃគម្រោងអាកាសយានដ្ឋានតេជោអន្តរជាតិ និងគម្រោង «ព្រែកជីកហ្វូណនតេជោ» ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សម្រាប់​ជា​ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជន ។

ក្នុងពិធីនោះផងដែរ សម្តេចធិបតី បានផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួនដល់ក្រសួង ស្ថាប័នជំនាញ និង​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប និងឆ្លើយតបទៅនឹងការកើនឡើងនៃ​នគរូបនីយកម្ម ដែលក្នុងនោះរួមមាន៖

ទី១. បន្តអនុវត្តការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុងដោយឈរលើគោលការណ៍ជាអាទិភាព ២ គឺ ១). បង្កើនល្បឿនការអភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការវិនិយោគស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ ២០៣៥ និង ២). ផ្តើមគិតពីកិច្ចការសាងសង់សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ទី២. បន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប វៃយឆ្លាត និងសន្សំសំចៃខ្ពស់ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យ​ប្រវត្តិ​នៅតាមសួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្ដិសមជាទីក្រុងឆ្លាតអាស៊ាន។

ទី៣. បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ។

ទី៤. បន្តខិតខំជំរុញការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង នៅតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះ បន្តចុះពិនិត្យដោះស្រាយប្រព័ន្ធបណ្ដាញលូ អណ្ដូងលូ និងប្រឡាយរំដោះទឹក ព្រមទាំងត្រៀមជាស្រេច ដើម្បីធ្វើអន្តរាគមន៍ចំពោះករណីជំនន់​ទឹកភ្លៀង និងប្រធានសក្តិនានា ដែលអាចកើតមានជាយថាហេតុ ។

ទី៥. បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និង ក្មេងទំនើងទាំងតាមសាលារៀន និង ក្នុងសហគមន៍ ។ ល ។) ធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានល្អប្រសើរ ពោលគឺ ត្រូវបន្តចាត់វិធានការឱ្យបាន​ជា​ប្រចាំ​ និងជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវលើកលែងឡើយ ។ និង

ទី៦. បន្តយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុង​ឱ្យ​ខាង​តែ​បាន ដើម្បីសម្រួល​ចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ថែមលើនេះ ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងត្រូវទៅ និង ចេញពីបម្រើការងារ (Rush Hour) រដ្ឋបាលរាជធានីភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់​មកសភាពធម្មតាវិញ​ទើបដកកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក៏ដូចជាបណ្ដាអង្គភាពពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការល្អជាមួយគ្នា និងសម្របសម្រួលរាល់កិច្ចការទាំងឡាយ រហូតឈានដល់ការបើកការដ្ឋានសាងសង់គម្រោងស្ពានអាកាសនេះ ៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

spot_img
×