ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ជនសង្ស័យជនជាតិចិនចំនួន ៦នាក់ ដែលបានផ្សព្វផ្សាយមុខរបរម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទ ត្រូវបាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបានហើយ។
លោកឧត្តមសេនីយ៍ទោ បន្តថា សកម្មភាពចុះបង្ក្រាប បានធ្វើឡើងកាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានសហការគ្នា ស្រាវជ្រាវឆ្មក់ចាប់បានជនជាតិចិន ដែលជាអ្នកដេីរផ្សព្វផ្សាយចែកខិត្តប័ណ្ណម៉ាស្សាឬាំងនោះ បានចំនួន៦នាក់ និង ដកហូតបានខិត្តប័ណ្ណជាច្រើនសន្លឹកទៀត។
លោកស្នងការ ជួន ណារិន្ទ ក្រោយការបង្ក្រាប ហើយសមត្ថកិច្ចបានហៅអ្នកជំនាញមកធ្វេីការបកប្រែភាសាចិន ក្នុងខិត្តប័ណ្ណទាំងនោះ មានន័យត្រឹមតែ សេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែរូបភាព បានបង្កប់ ទៅជាការ ផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬ ពេស្យាចារ ដែលជាអំពេីខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។
លោកស្នងការ បានបន្ថែមថា បុរសជនជាតិចិនទាំង៦នាក់នោះ ត្រូវនគរបាលបានធ្វេីការអប់រំ ឲ្យធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះទាំងស្រុង ពីព្រោះវាជាអំពេីខុសច្បាប់នៅកម្ពុជា៕ ដោយ ៖ ដែនសីមា