ភ្នំពេញ៖ បើយោងតាមរបាយការណ៍បង្ហាញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថាបច្ចេកវិទ្យា AI ឬការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) បាន នឹងកំពុងផ្លាស់ប្តូរពិភពលោករបស់យើង។ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ បច្ចេកវិទ្យា AI ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើការងារចំនួន ១,២ពាន់លាននាក់ និងប្រាក់ឈ្នួលប្រមាណ ១៤,៦ទ្រីលានដុល្លារអាមេរិក នៅទូទាំងពិភពលោក ដែលនឹងប៉ះពាល់ ៥០%នៃសេដ្ឋកិច្ចពិភពលោក។

ទន្ទឹមនឹងនេះ បច្ចេកវិទ្យា AI នឹងធ្វើឲ្យអាស៊ានផ្លាស់ប្តូរ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយ ជាមួយនឹងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបពី ១០ទៅ ១៨% ដែលមានតម្លៃប្រមាណ ១ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០។
នៅក្នុងការបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម» ដល់សិក្ខាកាមជាង ២០០នាក់ មកពីអាជីវកម្មផ្សេងគ្នា ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា នាថ្ងៃទី ២០ខែមិថុនា ឆ្នាំ ២០២៤ បានចែករំលែកនូវចំណេះដឹងដល់ម្ចាស់អាជីវកម្ម អាជីវករ និងនិស្សិត ពាក់ព័ន្ធការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាព ក្នុងការបង្កើនផលិតភាព និងទទួលបានការប្រកួតប្រជែងខ្ពស់។

លោក សុខ សុភមង្គល នាយកប្រតិបត្តិក្រុមហ៊ុន Codingate និងជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យាប្រចាំ VMOVE បានលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ដែលយើងគ្រប់គ្នាគួរតែធ្វើការប្រើប្រាស់នូវបច្ចេកវិទ្យាមួយនេះ នៅក្នុងការធ្វើអាជីវកម្ម និងការងារប្រចាំថ្ងៃរបស់ខ្លួន ដោយសារវាមានល្បឿនលឿន ប្រសិទ្ធភាព ស្តង់ដារ និងអភិបាលកិច្ចល្អ។

លោកបន្តថា ប្រសិនបើសហគ្រាសធុនតូច និងមធ្យម ប្រើប្រាស់បច្ចេកវិទ្យា AI វានឹងជួយកាត់បន្ថយការចំណាយ រក្សាការប្រកួតប្រជែង ចំណេញពេលវេលា និងមានប្រសិទ្ធជាងមុនទ្វេដង ដែលធ្វើឲ្យអាជីវកម្មកាន់តែរីកចម្រើន និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ។

ទោះបីជាបច្ចេកវិទ្យា AI ជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់មនុស្ស និងការធ្វើអាជីវកម្មឲ្យកាន់តែងាយស្រួលក៏ពិតមែន តែអ្នកជំនាញផ្នែកបច្ចេកវិទ្យាលោក សុខ សុភមង្គល ចង់ឲ្យបច្ចេកវិទ្យា AI មានការគ្រប់គ្រងត្រឹមត្រូវ ការប្រើប្រាស់ឲ្យសមស្រប ជាមួយនឹងទីផ្សារប្រទេសកម្ពុជា ព្រោះថា ការប្រើប្រាស់ AI បើមិនមានការគ្រប់គ្រងត្រឹមត្រូវទេ វាក៏អាចបង្កផលប៉ះពាល់មកវិញដែរ។

លោកឧកញ៉ា ងួន ម៉េងតិច បានមានប្រសាសន៍ថា នៅក្នុងរបត់នៃការវិវត្តន៍យ៉ាងឆាប់រហ័ស បញ្ញាសិប្បនិមិ្មត (AI) បានក្លាយជាឧបករណ៍ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញឱ្យការគ្រប់គ្រងអាជីវកម្ម ទទួលបានប្រសិទ្ធភាពខ្ពស់។ បញ្ញាសិប្បនិមិ្មត (AI) មានសារៈសំខាន់សម្រាប់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា សហគ្រាសធុនតូច និងមធ្យម ដើម្បីរក្សាការប្រកួតប្រជែង និងបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងពិភពលោកផងដែរ។

លោកឧកញ៉ា បានបន្ថែមថា ក្រៅពីរាជធានីភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម» ទៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។ ការបណ្តុះបណ្តាលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការបំពាក់ឱ្យម្ចាស់អាជីវកម្ម ទទួលបាននូវចំណេះដឹង និងបញ្ញាសិប្បនិម្មិត ដើម្បីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តាមរយៈដៃគូសហការជាមួយក្រុមហ៊ុន Codingate Technology ដែលមានអ្នកជំនាញបានធ្វើបទបង្ហាញអំពីបច្ចេកវិទ្យា GateMaster.ai ដែលជាឧបករណ៍អភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ដំបូងគេ ដែលតម្រូវសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕
