Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រម៉ៅការដេរបន្ត ដើរតួនាទីមួយផ្នែកក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ជាប្រភពចំណូលសម្រាប់ការចិញ្ចឹមជីវិតដ៏សំខាន់ សម្រាប់កម្មករនិយោជិតរាប់ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងយុវនារី

ភ្នំពេញ ៖ អង្គការអុកស្វាម រៀបចំវេទិកាថ្នាក់ជាតិស្តីពី កិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា» នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា បានបន្តតួនាទីជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចប្រទេសដែលជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជារាប់ម៉ឺនកន្លែង។ ដោយផ្តោតលើការផលិតសម្លៀកបំពាក់ ប្រទេសកម្ពុជាបានដើរតួនាទីជាតួអង្គដ៏សំខាន់មួយនៅក្នុងទីផ្សារវាយនភណ្ឌពិភពលោក ដោយទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍឧស្សាហកម្មពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីជាមានបញ្ហាប្រឈមដូចជាការព្រួយបារម្ភអំពីសិទ្ធិការងារ និងការប្រែប្រួលតម្រូវការសកលក៏ដោយ ក៏ឧស្សាហកម្មនេះនៅតែបន្តរីកចម្រើន និងទទួលបានការគាំទ្រដោយគំនិតផ្តួចផ្តើមលើកកម្ពស់និរន្តរភាព និងការអនុវត្តផលិតកម្មប្រកបដោយក្រមសីលធម៌ ពីរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ។ វិស័យកាត់ដេររបស់កម្ពុជាមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ក្នុងការនាំចេញប៉ុណ្ណោះទេ វិស័យនេះក៏នៅបន្តជាប្រភពចំណូលសម្រាប់ការចិញ្ចឹមជីវិតដ៏សំខាន់សម្រាប់កម្មករនិយោជិតរាប់ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងយុវនារី។ ទាំងនេះសបញ្ជាក់ពីសារៈសំខាន់របស់វិស័យនេះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

រោងចក្រម៉ៅការដេរបន្តដើរតួនាទីមួយផ្នែកក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ដែលផ្តល់ឱកាសការងារដល់កម្មករនិយោជិត (ស្ត្រី) ជាច្រើននាក់នៅទូទាំងប្រទេស។ រោងចក្រទាំងនេះ ភាគច្រើនជាខ្នាតតូច ដែលមានជំនាញជាក់លាក់ទៅលើផ្នែកនានានៃចង្វាក់ផលិតកម្មកាត់ដេរ ចាប់ពីការដេរ រហូតដល់ការតុបតែងដើម្បីបំពេញតម្រូវការផ្សេងៗ របស់អតិថិជនជាសកល។
ខណៈពេលដែលការងារម៉ៅការនិងកិច្ចសន្យាបន្តផ្តល់នូវភាពបត់បែន និងប្រសិទ្ធភាព វាក៏បង្កើនការព្រួយបារម្ភទាក់ទងនឹងស្តង់ដារ និងលក្ខខណ្ឌការងារ និងការទទួលបាននូវរបបសន្តិសុខសង្គម ក្នុងចំណោមកម្មករនិយោជិតផងដែរ។ ដោយហេតុនេះហើយ ទើបបានជាមានកិច្ចខិតខំប្រឹងប្រែងជាច្រើនពីក្រសួង និងភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យមានតម្លាភាព និងគណនេយ្យភាពនៅទូទាំងខ្សែសង្វាក់ម៉ៅការដេរបន្ត ក្នុងគោលបំណងលើកកម្ពស់សិទ្ធិកម្មករ និងលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងវិស័យកាត់ដេររបស់កម្ពុជា។

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម មានប្រសាសន៍ថា «អង្គការអុកស្វាម មានបេសកកម្មរួមចំណែកកសាងសង្គមមួយដែលគ្មានភាពក្រីក្រ និងអយុត្តិធម៌។ យើងប្តេជ្ញាសហការ និងគាំទ្រ
រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងដោះស្រាយវិសមភាព ក្នុងចំណោមកម្មករ-និយោជិត ក្រុមប្រជាជនងាយរងគ្រោះ និងគ្រួសារជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។ ការស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញពីចំណុចមួយចំនួនដែលយើងត្រូវបន្តសហការជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុនបញ្ជាទិញ អ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថា កម្មករនិយោជិតនៅតាមរោងចក្រម៉ៅការដេរបន្តទទួលបានការងារសមរម្យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គមដូចគ្នាទៅនឹងកម្មករនិយោជិតធ្វើការនៅតាមរោងចក្រសហគ្រាសដែលបានចុះបញ្ជីការដែរ»។

អង្គការអុកស្វាមបានអញ្ជើញវាគ្មិន និងភ្ញៀវកិត្តិយសសរុប ប្រមាណជា១៦០នាក់ មកពីស្ថាប័នជិត៨០ផ្សេងៗគ្នា ដើម្បីចូលរួមក្នុងវេទិកាកិច្ចពិភាក្សាគោលនយោបាយជាតិ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវនេះ។ វាគ្មិន និងភ្ញៀវកិត្តិយសទាំងនោះមានសមាសភាពដូចជា អ្នកតាក់តែងគោលនយោបាយ តំណាងក្រសួងជំនាញរបស់រដ្ឋាភិបាល អ្នកជំនាញការ ដៃគូអភិវឌ្ឍន៍ និងសមាជិកនៃអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិ សហជីពនិងតំណាងកម្មករនិយោជិត អង្គទូត ស្ថាប័នស្រាវជ្រាវ និងអ្នកសារព័ត៌មាន រួមទាំងតំណាងនិយោជក និងក្រុមហ៊ុនបញ្ជាទិញផងដែរ។ បន្ទាប់ពីបញ្ចប់វេទិកានេះ អង្គការអុកស្វាមនឹងផលិតរបាយការណ៍ រួចដាក់ជូន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិចារណាស្វែងរកកិច្ចអន្តរាគមន៍ផ្នែកគោលនយោបាយ និងការកែលម្អលទ្ធភាពនានា ដើម្បីធានាការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មករនិយោជិត (ស្ត្រី) នៅក្នុងរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា។

នៅក្នុងប្រទេសកម្ពុជា គោលគំនិតនៃការងារសមរម្យ គឺសំដៅលើការខិតខំប្រឹងប្រែងដ៏សំខាន់សម្រាប់ធានានូវឱកាសការងារប្រកបដោយសមធម៌ ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព។ នៅពេលដែលកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ការងារសមរម្យគឺកាន់តែមានភាពចាំបាច់ ក្នុងគោលបំណងលុបបំបាត់ការអនុវត្តការងារកេងប្រវ័ញ្ច និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការងារប្រកបដោយបរិយាប័ន្ន។ ជាក់ស្តែង សកម្មភាព និងការផ្តួចផ្តើមជាច្រើន ត្រូវបានដាក់ឱ្យអនុវត្ត ដោយផ្តោតលើការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញ ជំរុញភាពជាសហគ្រិន និងការពង្រឹងច្បាប់ការងារដើម្បីការពារសិទ្ធិកម្មករ។ ជាមួយនឹងការសង្កត់ធ្ងន់ជាពិសេសលើវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យកាត់ដេរ និងវាយនភណ្ឌ និងកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែង ដើម្បីធានាថា កម្មករនិយោជិតគ្រប់រូបទទួលបានការងារថ្លៃថ្នូរ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសង្គម។

កិច្ចគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា ដែលជាសសរស្តម្ភស្នូលមួយនៃការងារសមរម្យ បានរួមបញ្ចូលនូវគោលនយោបាយ និងកម្មវិធីជាតិសំខាន់ៗជាច្រើន ក្នុងន័យដើម្បីកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះក្នុងចំណោមប្រជាជនកម្ពុជា។ ទោះបីកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏ប្រជាជនកម្ពុជាជាច្រើននៅតែប្រឈមមុខនឹងបញ្ហាដូចជា កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព ការអប់រំ និងរបបសន្តិសុខសង្គមមានកម្រិត។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងជំនាញ ដោយមានការគាំទ្រពីអង្គការជាតិ និងអន្តរជាតិ បាននិងកំពុងធ្វើការពង្រីកវិធានការគាំពារសង្គម រួមទាំងគម្រោងធានារ៉ាប់រងសុខភាពសាធារណៈជាសកល អត្ថប្រយោជន៍មាតុភាព កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារងាយរងគ្រោះ និងរបបប្រាក់សោធនសម្រាប់មនុស្សវ័យចាស់ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងលើកកម្ពស់សមធម៌សង្គម លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស អ្នកជួបការលំបាកបំផុត នៅកម្ពុជា។

អង្គការអុកស្វាម និងអង្គការដៃគូ បានបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់ទាំងអស់គ្នា កម្ពុជា។ តាមរយៈការដាក់ឱ្យអនុវត្តន៍គំនិតផ្តួចផ្តើមកន្លងមក ភាគីពាក់ព័ន្ធរំពឹងថានឹងជួយកម្ពុជាឱ្យកាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដូចជាលុបបំបាត់ភាពក្រីក្រ ការមានសុខភាព និងសុខុមាលភាពល្អ សមភាពយេនឌ័រ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមទាំងនេះ បានដើរទន្ទឹមគ្នាជាមួយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគោលនយោបាយចម្បងរបស់រដ្ឋាភិបាលឆ្នាំ ២០២៣-២០២៨ «យុទ្ធសាស្ត្របញ្ចកោណ» ដែលមានកោណសំខាន់ៗមួយចំនួន បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងប្រព័ន្ធគាំពារសង្គម និងការសម្រេចឱ្យបាននូវការគ្រប់ដណ្តប់ការថែទាំសុខភាពជាសកល នៅកម្ពុជា។

អង្គការអុកស្វាមបានជ្រើសរើសក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Nottingham ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើ លទ្ធភាពទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គម ក្នុងចំណោមកម្មការិនី នៅតាមរោងចក្រម៉ៅការដេរបន្ត នៅកម្ពុជា។ វេទិកានេះមានគោលបំណងចែករំលែកការរកឃើញចម្បងៗ និងអនុសាសន៍នានាទៅកាន់អ្នកតាក់តែងគោលនយោបាយ និងក្រសួងជំនាញ តំណាងនិយោជក និងកម្មករនិយោជិត ក្រុមហ៊ុនបញ្ជាទិញអន្តរជាតិ និងអ្នកពាក់ព័ន្ធ សម្រាប់ស្វែងរកកិច្ចអន្តរាគមន៍គោលនយោបាយ សមសម្របណាមួយ។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការអុកស្វាម និងអង្គការដៃគូ ដើម្បីគាំទ្រដល់ការពង្រីកវិសាលភាពគ្របដណ្តប់នៃគោលនយោបាយគាំពារសង្គម និងគណនេយ្យភាពសង្គមនៅក្នុងប្រព័ន្ធគាំពារសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសសម្រាប់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរនិងវាយនភណ្ឌនៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×