ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានវិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្រ ឱ្យបានកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ពិធីចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន ក្រោមសហអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ «ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមានដូចជាការអភិវឌ្ឍវិស័យឧស្សាហកម្ម, សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ការផ្គត់ផ្គង់ទឹកស្អាត, វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងមាតិកាព័ត៌មានទាំងឡាយដែលនឹងផ្តល់ សារប្រយោជន៍ដល់ទស្សនិកជនគោលដៅ ឱ្យបានកាន់តែជ្រួតជ្រាបអំពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។»
ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការនេះថា៖ «រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងរយៈពេល១០ខែកន្លងមកនេះ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានស្តីពីសមិទ្ធផលទាំងនេះទៅកាន់សាធារណជននៅមានកម្រិតនៅឡើយ។ ក្រសួងព័ត៌មានមានតួនាទីជួយគាំទ្រដល់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បី ធានាបាននូវការផ្សព្វផ្សាយទូលំទូលាយអំពីសមិទ្ធផលទាំងនេះ ក្នុងស្មារតីសហការគ្នា ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។»
តាមរយៈការប្រើប្រាស់បណ្តាញផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន អនុស្សរណៈនេះមានគោលបំណងផ្តល់ជូនពលរដ្ឋកម្ពុជានូវតថភាពពិត ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដែលនឹងជំរុញវប្បធម៌ចូលរួម នវានុវត្តន៍ និងពន្លឿនវឌ្ឍនភាពរបស់យើង។
បន្ថែមលើកិច្ចសហការផ្សព្វផ្សាយព័ត៌មាន ភាពជាដៃគូនេះនឹងពិនិត្យលទ្ធភាពក្នុងការផលិតមាតិកាដែលមានភាពទាក់ទាញ និងមានសារៈប្រយោជន៍ ដូចជាបទយកការណ៍ និងការចែករំលែកចំណេះដឹងនានា។
ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមការងារនៃក្រសួងទាំងពីរ សហការផលិតមាតិកាព័ត៌មានដែលដើរទាន់សភាពការណ៍ និងឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចនិន្នាការនៃចំណីព័ត៌មានក្នុងយុគសម័យថ្មី រួមទាំងការផលិតកម្មវិធី Talk Show ដែលអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវអាចពិភាក្សាលើបញ្ហាសំខាន់ៗ និងនិន្នាការអនាគត តាមរបៀបដែលសាធារណជនអាចយល់ និងអាចចូលរួមបាន។ ឯកឧត្តមបានលើកយកឧទាហរណ៍នៃនវានុវត្តន៍ក្នុងខ្សែច្រវាក់ផលិតកម្ម ដូចជាការផលិតបន្ទះឈីបសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនធំៗ ឬបច្ចេកវិទ្យាផ្គុំ និងដំឡើងយានយន្ត ជាប្រភេទនៃមាតិកាដែលគួរសហការផលិត។
អនុស្សរណៈនៃការយោគយល់នេះក៏រួមបញ្ចូលគំនិតផ្តួចផ្តើមកសាងសមត្ថភាពរួមគ្នា ដូចជាការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម និងការបណ្តុះបណ្តាលជំនាញអ្នកនាំពាក្យជាដើម។ គំនិតផ្តួចផ្តើមទាំងនេះមានគោលដៅពង្រឹងសមត្ថភាពរបស់ក្រសួងទាំងពីរ ក្នុងការផ្តល់ព័ត៌មាន និងបញ្ជូនសារប្រកបដោយប្រសិទ្ធភាពជូនដល់សាធារណជន ដើម្បីជំរុញលើកកម្ពស់សង្គមដែលពលរដ្ឋមានការយល់ដឹង និងមានការចូលរួមខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី









