ស្ទឹងត្រែង រតនគិរី ៖ នៅថ្ងៃទី១៣ខែសីហាឆ្នាំ២០១៨ វេលាម៉ោង ២និង៣០នាទីរសៀល លោក ស៊ឹម លីន បានដឹកនាំកម្លាំងចម្រុះ សហការនឹងរដ្ឋបាលព្រៃឈើក្រសួង និងរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចុះចាប់កន្លែងស្តុកឈើមួយ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តរតនគិរី ។ វត្ថុតាងដែលប្រមូលបានមានឈើប្រហែល៦ម៉ែត្រគូប ហើយទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែវ ដើម្បីធ្វើការវាស់វែងនៅពេលក្រោយ។
ចំណែកនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨ កំលាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រែកមាស នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានចុះសហការ ជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ហុង គឹមសាន ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តស្ទឹង ត្រែង បានចុះឆែកឆេរផ្ទះមួយកន្លែងនៅភូមិខិះស្វាយ ឃុំព្រែកមាស ដែលមានរក្សាទុកឈើប្រណិតប្រភេទឈើ (ធ្នុង) ខុសច្បាប់ជាច្រើនម៉ែត្រគូប ទើបបញ្ជាឲ្យជំនាញរឹបអូសដឹកយករក្សាទុក វាស់វែងរហូតថ្ងៃទី១៣ សីហា ទើបរួចរាល់ ដែលមានចំនួន១៣១៩ដុំ ស្នើ១០,៧០១ម៉ែត្រគូប ហើយវត្ថុតាងបានរក្សាទុកនៅផ្នែករដ្ឋបាលព្រែឈើព្រែកមាស ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ