Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាងថ្នាំចិនសែ លួចលាក់ជួញដូរថ្នាំខុសច្បាប់ជាច្រើនប្រភេទ ជាពិសេសថ្នាំសម្រើប មានមន្ត្រីប៉ូលិសជាន់ខ្ពស់កាងទៀតផង

spot_img

រាជធានីភ្នំពេញ ÷ ហាងថ្នាំចិនសែពីរកន្លែងជាប់គ្នា ដែលគេមើលពីមុខទៅឃើញថា ជាហាងថ្នាំចិនសែស្របច្បាប់មែន ប៉ុន្តែខាងក្នុងវិញ គឺធ្វើសកម្មភាពលួចលាក់ជួញដូរថ្នាំខុសច្បាប់ជាច្រើនប្រភេទ ជាពិសេសថ្នាំសម្រើប ថ្នាំប៉ូវក្រលៀន និងថ្នាំធ្វើឱ្យកិលេសរោលរាល ជាច្រើនប្រភេទគ្មានបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាល សម្រាប់អតិថិជន ឬបុគ្គលណាម្នាក់ យកទៅប្រើប្រាស់លេងជាមួយដៃគូ ជាពិសេសលេងសប្បាយនៅក្នុងក្លិបកម្សាន្ត ឬបន្ទប់សប្បាយ, ហើយហាងទាំងពីរនេះលក់ដូរកាក់កបយូរឆ្នាំមកហើយ អត់មានសមត្ថកិច្ចណាបង្ក្រាបបាននោះទេ។ 

សូមបញ្ជាក់ថា ហាងថ្នាំចិនសែពីរកន្លែងជាប់គ្នានេះ មានឈ្មោះច្បាស់លាស់របស់គេ ប៉ុន្តែ CEN សូមមិនទាន់បញ្ចេញឈ្មោះនោះទេ ដោយសូមប្រាប់ត្រឹមថា នៅប្លុកអូរឫស្សី រាជធានីភ្នំពេញ ( យើងសូមបញ្ជាក់អត្ថន័យហាងនេះបន្តិចចុះ ហាងទី១ មានន័យថា ជាអមនុស្សប្រោសសត្វលោក, ហាងទី២ មានន័យថា ជាប្រភេទរុក្ខជាតិយកធ្វើថ្នាំពូកែខាងសុខភាពរឹងមាំ)។ អ្វីដែលយើងមិនចង់ប្រាប់ឈ្មោះត្រង់នេះ គឺយើងសាកល្បងសមត្ថភាពជាមួយសមត្ថកិច្ចបន្តិចមើល៎ ថាតើសមត្ថកិច្ចមានលទ្ធភាព សមត្ថភាព អាចរកហាងថ្នាំចិនសែល្មើសច្បាប់ ទាំងពីរខាងលើនេះឃើញដែរ ឬអត់? បើរកឃើញ គឺចាត់ទុកថា ជាសមត្ថកិច្ចពោរពេញទៅដោយមានបទពិសោធន៍ ពូកែ ខ្លាំង , និងពេញសមត្ថភាពតែម្ដង… ប៉ុន្តែបើរកមិនឃើញទេ គឺត្រូវចាត់ទុកថា ជាសមត្ថកិច្ចដែលអន់ ស្របតាមពលរដ្ឋហៅថា ប៉ូលសឃីស និងប៉ូលិសមាន់ស្ងោរតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក៏យើងមិនចង់បន្ទោសមន្ត្រីប៉ូលិសថ្នាក់មូលដ្ឋាន ឬមន្ត្រីប៉ូលិសដែលមានមុខតំណែងទ្រើសល្មមៗនោះដែរ ព្រោះថា ហាងថ្នាំចិនស្រែទាំងពីរកន្លែងជាប់គ្នាខាងលើនេះ មានលំដាប់មន្ត្រីប៉ូលិសជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ ជាអ្នកកាងឯណោះ… អាណិតប៉ូលិសតូចៗណាស់។ បានជាថា អាណិតប៉ូលិសមូលដ្ឋាន ឬក៏ប៉ូលិសដែលមានមុខតំណែងទ្រើសល្មមៗមិនហ៊ានបង្ក្រាបនោះ ព្រោះថា ឱ្យតែហ៊ានចុះទៅសួរនាំហាងថ្នាំចិនសឺទាំងពីរនេះ គឺម្ចាស់ហាង គេទាក់ទងទៅប៉ូលិសជាន់ខ្ពស់ ហើយប៉ូលិសជាន់ខ្ពស់នោះ ក៏ទូរស័ព្ទទាក់ទងមកប៉ូលិសជាន់ទាបវិញ ប្រាប់ថា ពួកឯងដកខ្លួនថយទោវិញទៅ កន្លែងនេះរបស់អញទេ… ឬជារបស់មេនេះ មេនោះ។

ឮបែបនេះ ប៉ូលិសជាន់ទាប គ្នាមិនហ៊ានទេ ក៏ដកថយទៅវិញត្រុយ បន្សល់ទុកឱ្យម្ចាស់ហាងថ្នាំចិនសែ លក់ដូរថ្នាំល្មើសច្បាប់ ដូចជា ថ្នាំសម្រើប ថ្នាំប៉ូវក្រលៀន និងថ្នាំធ្វើឱ្យកិលេសរោលរាលជាច្រើនប្រភេទទៀតយ៉ាងសេរីនៅខាងក្នុងហាងជាបន្តទៀត និងលក់ដូរដាច់ច្រើន កាក់កបយូរឆ្នាំមកហើយ។ 

តាមប្រភពព័ត៌មានថា ថ្នាំសម្រើប ក៏ដូចជាថ្នាំធ្វើឱ្យរោលរាលអារម្មណ៍ផ្លូវភេទបុរស-នារីជាច្រើនប្រភេទ ត្រូវបានគេដឹងថា លក់ឱ្យអតិថិជនក្នុង១បន្ទះ ខ្លះមាន ៤គ្រាប់ ខ្លះមាន ១០គ្រាប់ ខ្លះដប កំប៉ុង ជាដើម មានតម្លៃ ៥០ដុល្លារ, ១០០ដុល្លារ , ២០០ដុល្លារ និងខ្លះទៀត ក៏មានតម្លៃខ្ពស់ជាងនេះទៀត។ ម្ចាស់ហាងខាងលើនេះ និយាយអួតថា សុទ្ធតែថ្នាំពូកែៗ កម្មង់បានតាមចិត្ត… គ្មានអ្នកណាហ៊ានចូលចាប់ ឬហ៊ានបង្ក្រាបទេ  ព្រោះគេបង់លុយឱ្យមេៗនៅខាងលើ គឺមន្ត្រីជាន់ខ្ពស់ប៉ូលិសក្រសួងមហាផ្ទៃនោះរួចរាល់អស់ទៅហើយ ដោយក្នុងមួយខែៗរាប់ម៉ឺនដុល្លារឯណោះ។

CEN មិនទាន់សួរនាំសម្ភាសន៍មន្ត្រីប៉ូលិសជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលកាងហាងថ្នាំចិនសែទាំងពីរខាងលើនេះនៅឡើយទេ ព្រោះថា បើសួរនាំ ឬសម្ភាសន៍ទៅ ក៏គេគង់តែឆ្លើយថា មិនដឹង មិនស្គាល់ មិនមែនខ្លួនកាង… ដដែលហ្នឹង។ ដូច្នេះ ក្នុងការចេញផ្សាយនេះ ចាត់ទុកថា ជាការជូនដំណឹងទៅដល់មន្ត្រីប៉ូលិសជាន់ខ្ពស់ដែលកាងហាងថ្នាំចិនសែខាងលើនេះផង សូមប្រញាប់រួសរាន់ចាត់វិធានការបង្ក្រាបហាងថ្នាំនេះតាមពេលវេលាសមស្របចុះ បើពុំដូច្នោះទេ នៅពេលចេញផ្សាយលេខបន្តបន្ទាប់របស់ CEN គឺយើងនឹងបង្ហាញអាសយដ្ឋានទីតាំងច្បាស់លាស់ ផ្ទះលេខ ផ្លូវលេខ សង្កាត់ ខណ្ឌ… ជូនសាធារណជន និងប្រាប់អំពីឈ្មោះមន្ត្រីប៉ូលិសជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលកាងហាងថ្នាំខាងលើនេះ ជាមិនខាន កុំឱ្យម្ចាស់ហាងអួតពេក និងប្រព្រឹត្តល្មើសច្បាប់នៃការលក់ដូរថ្នាំខុសច្បាប់ ដូចជា ថ្នាំសម្រើប ថ្នាំប៉ូវក្រលៀន និងថ្នាំធ្វើឱ្យកិលេសរោលរាល។ 

សូមបញ្ជាក់ថា ដោយសារមានសេវាលក់ថ្នាំប្រភេទខុសច្បាប់ខាងលើនេះ ទើបបានគេសង្កេតឃើញនៅតាមនៅក្លិបកម្សាន្តខ្មែរ-ចិន ខារ៉ាអូខេចិន បារចិន និងកន្លែងកម្សាន្តផ្សេងៗទៀត ដែលមានស្រីៗស្អាតៗជាច្រើន ដូចជា ស្រីខ្មែរភាគតិច, ប៉ុន្តែ ស្រីចិន និងស្រីវៀតណាម ភាគច្រើន មូលមីរ ពពាក់ពពូន លេងថ្នាំសម្រាប់នេះ ឬត្រូវពួកបុរសៗដាក់ថ្នាំសម្រើប កើតចេញជាអារម្មណ៍ឥតអៀននខ្មាស រាំទទ្រាក់ទទ្រើក គ្រវីគុម្ពកន្ទុយ ខ្លះរាំពត់ពេន អេនអនរាងកាយ យ៉ាងទន់ល្វត់ល្វន់ បង្ហាញភាពស្រើបស្រាល ទាក់ទាញរោលរាលអារម្មណ៍មនុស្សប្រុសយ៉ាងខ្លាំង, ហើយថ្នាំនេះបង្កឱ្យមានបទល្មើសផ្សេងៗជាច្រើនផងដែរក្នុងសង្គម។

គួរបញ្ជាក់ថា កន្លងមក កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពី ការទប់ស្កាត់ការផ្សព្វផ្សាយ, ការលក់ដូរផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ និងនៅតាមអាជីវកម្មដ្ឋានផ្សេងៗ។ ការហាមនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍ ដូចជា តាមបណ្តាញសង្គម Facebook, TikTok, Telegram, Instagram, YouTube និង Website យ៉ាងអនាធិបតេយ្យ។ ការផ្សព្វផ្សាយទាំងនោះធ្វើឱ្យ ក្រសួងសុខាភិបាល ពិបាកស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោស តាមច្បាប់ ដូច្នេះដើម្បីគេចផុតពីការចោទប្រកាន់ផ្លូវច្បាប់ និងការដាក់ទោសទណ្ឌតាមច្បាប់ជាធរមាននោះ សូមប្រជាពលរដ្ឋមេត្តាចៀសឱ្យផុត កុំធ្វើការលក់ដូរផលិតផលទាំងនោះ។

ថ្មីៗនេះទៀត ក្រសួងសុខាភិបាលបានជម្រាបជូនដល់សាធារណជន ថា ក្រសួងបានពិនិត្យឃើញមានផលិតផលបំប៉នសុខភាពមួយចំនួនដែលគ្មានបញ្ជិកា ត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសូមប្រកាស ហាមលក់ដូរ ជួញដូរ ដាច់ខាត ចំពោះថ្នាំសម្រើប ថ្នាំបង្កើនឱ្យមានអារម្មណ៍រោលរាលផ្លូវភេទទាំងបុរស-នារី។ ក្រសួងសុខាភិបាលបញ្ជាក់ថា អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផល ត្រូវមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវមានលេខបញ្ជិកាត្រឹមត្រូវ បើពុំដូច្នោះទេ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ទៅលើជនណា ឱសថស្ថានណាដែលចែកចាយ ឬលក់ដូរ ជួញដូរ ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកា, (នេះបើយោងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពី ការហាមឃាត់ការចែកចាយ ឬលក់ផលិតផលបំប៉នសុខភាព គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤)។

សូមរំលឹកបន្តិចថា ដោយសារមេៗប៉ូលិសជាន់ខ្ពស់ខូចៗមួយចំនួន បានកាងអាជីវកម្មដ្ឋាន ឱសថស្ថាន ឃ្លាំងស្តុកទំនិញផ្សេងៗ ដែលមិនមានលេខចុះបញ្ជិកាពាណិជ្ជកម្ម ឬបញ្ជិកាក្រសួងសុខាភិបាល ពោលគឺខុសច្បាប់នាពេលកន្លងមកនោះ ទើបអធិការកិច្ចក្រសួងមហាផ្ទៃ បានស្រាវជ្រាវរកឃើញស្ថាប័ន” គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រព្រឹត្តសកម្មភាពពុករលួយ ខុសក្រមសីលធម៌ វិជ្ជាជីវៈ ក៏ផ្អាកសកម្មភាពស្ថាប័ននេះមួយរយៈកាល ដាក់ទោសអូសពិន័យ ដល់មន្ត្រីមួយចំនួន ខ្លះស្រាល ខ្លះធ្ងន់ អស់បុណ្យ អស់ស័ក្ដិ នាពេលកន្លងមក ក៏ដូចជាពេលថ្មីៗនេះផងដែរ រហូតដល់ក្រសួងមហាផ្ទៃ រៀបចំសមាសភាពជាថ្មីឡើងវិញលើគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ, ហើយ CEN តែងចូលរួមផ្សព្វផ្សាយអំពីក្រសួងមហាផ្ទៃ លាងជម្រះសមាសភាពមន្ត្រីខូចៗទាំងនោះ ជារឿយៗ ជាបន្តបន្ទាប់ , ត មកនេះ CEN សង្ឃឹមថា សមាសភាពថ្មី នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងស្រាវជ្រាវធ្វើការបង្ក្រាបចំពោះសកម្មភាពជួញដូរ អាជីវកម្មដ្ឋាន ឱសថស្ថាន ឃ្លាំងស្តុកទំនិញខុសច្បាប់ គ្មានបញ្ជិកាត្រឹមត្រូវ ឱ្យបានល្អ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ មានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងសង្គមជាតិ៕ ពិសិដ្ឋ CEN

spot_img
×