ភ្នំពេញ ៖ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោក មិនមានការពាក់ពន្ធ័ផលប្រយោជន៍អ្វីពីក្រុមហ៊ុនភូមិ មរតកខេត្តស្វាយរៀងឡើយ ចំណែកការចេញផ្សាយរបស់សារព័ត៌មានមួយចំនួន លោកថាបានមួលបង្កាច់ទម្លាក់កំហុសលើរូបលោកថាជាជនទុច្ចរិតឆបោក គឺជាសកម្មភាពល្មើសបរិហារបង្កាច់កេរ្តិ៍ដ៏ធ្ងន់ធ្ងរ
យោងតាមការចេញមកបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៤ មិថុនា ម្សិលមិញ ឯកឧត្តម ដួង តារា បានបញ្ជាក់ថា “រូបលោក មិនមានការពាក់ពន្ធ័ផលប្រយោជន៍អ្វីពីក្រុមហ៊ុនភូមិ មរតកខេត្តស្វាយរៀងឡើយ ចំណែកការចេញផ្សាយរបស់សារព័ត៌មានមួយចំនួន លោកថាបានមួលបង្កាច់ទម្លាក់កំហុសលើរូបលោកថាជាជនទុច្ចរិតឆបោក ដែលជាសកម្មភាពល្មើសបរិហារបង្កាច់កេរ្តិ៍ដ៏ធ្ងន់ធ្ងរទៅលើរូបលោកធ្វើអោយបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក ហើយលោកនឹងចាត់ការតាមនីតិវិធីច្បាប់។
ឯកឧត្តម ដួង តារា បញ្ជាក់យ៉ាងដូច្នេះថា: បងប្អូនជាទីគោរពស្រឡាញ់! មួយរយះពេលថ្មីៗកន្លងមកនេះ មានបុគ្គលនិងសារព័ត៍មានមួយចំនួនបង្កើត “ព័ត៍មានមិនពិត Fake News” មានចេតនាលាបពណ៍បំភ្លៃមួលបង្កាច់ទម្លាក់កំហុសមកលើខ្ញុំដោយប្រើពាក្យថាជា ”ជនទុច្ចរិត“បានចូលរួមបោកប្រជាពលរដ្ឋជាមួយក្រុមហ៊ុនភូមិមរតកខេត្តស្វាយរៀងដែលមាន លោក សោម សុធា ជាម្ចាស់ក្រុមហ៊ុន។
ខ្ញុំមិនតបតហើយកំពុងរងចាំមើលការបង្ហាញភស្តុតាងពិតប្រាកដដែលពួកគេរៀបចំបង្កើតឡើងយកមកផ្សព្វផ្សាយបំភ័ន្តភ្នែកមហាជន។ គឺមិនមានអ្វីក្រៅពីរូបថតដែលខ្ញុំបានចូលរួមចែកស្បៀងអាហារជួយពលរដ្ឋខ្វះខាត និងរូបថតខ្ញុំបានចូលរួមអាហារសាមគ្គីជាមួយពួកគាត់តែប៉ុណ្ណោះ។
កន្លងមក ខ្ញុំបានចូលរួមកម្មវិធីមួយចំនួនទាំងជាមួយព្រះសង្ឃ, សមាគមយុវជន, សិស្សនិស្សិត និង ក្រុមហ៊ុនឯកជនជាដើម…។ ក្នុងនោះក៏បានចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៍ក្រុមហ៊ុនភូមិមរតក លោក សោម សុធា ផងដែរ។ ការចូលរួមរបស់ខ្ញុំគឺបង្ហាញពីការគាំទ្រវិស័យឯកជន និងលើកទឹកចិត្តក្រុមហ៊ុនរកស៊ីសុចរិត មានការទទួលខុសត្រូវ និងចេះចូលរួមជួយសង្គមជាតិ។
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានស្គាល់ លោក សោម សុធាក្នុងអំឡុងពេលគាត់បង្កើតក្រុមហ៊ុនរកស៊ីដីធ្លីឈ្មោះ “ភូមិមរតក” ដែលមានមនុស្សមួយចំនួនបានដាក់ទុនរកស៊ីជាមួយជាមួយគាត់រួចមកហើយនោះដែរ។ ទោះបីខ្ញុំស្គាល់ក្រុមហ៊ុននៅពេលក្រោយមែន ក៏ខ្ញុំមិនដែលបានទៅនិយាយធានាអះអាងអ្វីចំពោះមុខអ្នកដាក់ទុនរកស៊ីជាមួយគ្នាគាត់ទាំងអស់នោះដែរ។
នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមហ៊ុនបានរៀបចំអាហារសាមគ្គីនិងប្រគល់ប័ណ្ណដីនិងផ្តល់ផ្ទះជូនដល់អ្នកទិញដីក្នុងគម្រោងភូមិមរតកខេត្តស្វាយរៀង ខ្ញុំពិតជាបាននិយាយបញ្ជាក់ជូនបងប្អូនអតិថិជនដោយក្តីត្រេកអរព្រោះបានឃើញក្រុមហ៊ុនប្រគល់ប័ណ្ណដីកម្មសិទ្ធិ និងបានប្រគល់ផ្ទះជូនអ្នកទិញពិតប្រាកដមែន។ ពាក្យដែលខ្ញុំនិយាយគឺនៅពេលនោះ ក្នុងកម្មវិធីប្រគល់ទទួលប្លង់ដីនិងផ្ទះថ្ងៃនោះតែប៉ុណ្ណោះ។ ប៉ុន្តែមានសារព័ត៌មាននិងបុគ្គលមួយចំនួនយកសំដី ខ្ញុំទៅបកស្រាយបំភ័ន្តភ្នែកសាធារណៈថាខ្ញុំនិយាយធានាជាមួយអ្នកវិនិយោគទៅវិញគឺមិនពិតទេ។
តើមានមន្រ្តីឬបុគ្គលណាចូលរួមសម្ពោធក្រុមហ៊ុនបែរជានិយាយថា កុំជឿក្រុមហ៊ុន ក្រុមហ៊ុននោះ មិន ល្អ ឬជាក្រុមហ៊ុនបោក? ហើយក៏មិនមានចែងក្នុងច្បាប់ថាការលើកទឹកចិត្តនិងផ្តល់អនុសាសន៍ល្អៗទៅក្រុមហ៊ុននិងប្រជាពលរដ្ឋនៅពេលក្រុមហ៊ុនដំណើរការអាជីវកម្មទៅមិនបានជោគជ័យ ឬមានកំហុសដោយប្រការណារមួយ គឺមន្រ្តីដែលបានចូលរួមក្នុងពិធីឬបានថតរូបជាមួយត្រូវចេញ លុយសងជំនួសក្រុមហ៊ុន ឬមួយត្រូវមានទោសជំនួសក្រុមហ៊ុននោះដែរ។ សូមឈប់លាបពណ៌ ទម្លាក់កំហុសបំភ័ន្តភ្នែកសាធារណៈ និងថ្នាក់ដឹកនាំតទៅទៀតទៅ។
ខ្ញុំសូមបញ្ជាក់ជាសាធារណៈជាលើកទី២ថា ខ្ញុំមិនមានជាប់ពាក់ព័ន្ធផលប្រយោជន៍អ្វីពីក្រុមហ៊ុនភូមិ មរតកខេត្តស្វាយរៀងឡើយ។
ការផ្សព្វផ្សាយព័ត៌មានដោយបុគ្គលនិងសារព័ត៌មានមួយចំនួនកន្លងមកនេះបានមួលបង្កាច់ទម្លាក់កំហុសលើខ្ញុំថាជាជនទុច្ចរិតឆបោកដែលជាសកម្មភាពល្មើសបរិហារបង្កាច់កេរ្តិ៍ដ៏ធ្ងន់ធ្ងរមកលើរូបខ្ញុំ ធ្វើអោយបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរដែលខ្ញុំនឹងចាត់ការតាមនីតិវិធីច្បាប់”។
សូមរំលឹកថា លោក សោម សុធា ប្រធានក្រុមហ៊ុនភូមិមរតក នៅខេត្តស្វាយរៀង ដែលពលរដ្ឋជាច្រើនអះអាងថា បោកប្រាស់ពួកគាត់នោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ជាប់ពាក់ព័ន្ធនឹងករណីឆបោកពលរដ្ឋ ។
ប្រភពបានបន្ថែមថា បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនលោក សោម សុធា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហេីយ ។
សូមបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះអាចដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បេីសិនបងប្អូនរងគ្រោះដោយអំពេីឆបោកពិតប្រាកដមែន ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






