Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការបោះឆ្នោតនៅកម្ពុជា រយៈពេល១០ឆ្នាំចុងក្រោយ បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ពោលគឺគ្មានឡើយ អំពើហិង្សានយោបាយ ឬការបង្កហេតុផ្សេងៗ

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅភោជនីយដ្ឋានសមភាពថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ ផ្ដល់តម្លៃខ្ពស់ចំពោះមរតកនៃការខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា របស់ថ្នាក់ដឹកនាំជំនាន់មុន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍បន្តថា ការបោះឆ្នោតនៅកម្ពុជា ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ទាំងការបោះឆ្នោតសកល និងអសកល ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទាំងអ្នកសង្កេតការណ៍ និងប្រជាពលរដ្ឋកម្ពុជាផ្ទាល់ ទទួលស្គាល់ជាឱឡារិកថាបានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ពោលគឺគ្មានឡើយ អំពើហិង្សានយោបាយ ឬការបង្កហេតុផ្សេងៗ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍គូសបញ្ជាក់ថា ក្នុងជានាមអ្នកបន្តវេនដែលក៏ទទួលខុសត្រូវលើកិច្ចការសន្តិសុខបោះឆ្នោត ឯកឧត្តម នឹងបន្តផ្ដល់កិច្ចសហការឱ្យបានល្អជាមួយ គ.ជ.ប. ដើម្បីបន្តធានាអនុវត្តរដ្ឋធម្មនុញ្ញ ពិសេសគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលប្រជាពលរដ្ឋ មានភាពជាម្ចាស់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ជាទៀតទាត់ស្របតាមច្បាប់។

ជាមួយគ្នានោះឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅជាបន្តបន្ទាប់ក្នុងបរិយាកាសដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយ នៅកម្ពុជាមានការវិត្តន៍ល្អប្រសើរ ពិសេសគណបក្សនយោបាយ និងអង្គការជាតិ និងអន្តរជាតិភាគច្រើន បានសេញ សេចក្ដីថ្លែងការណ៍គាំទ្រ និងកោតសរសើរ។

ឯកឧត្តម បានធ្វើមូលវិចារការវាយតម្លៃជារួមរបស់ភាគីពាក់ព័ន្ធថាការបោះឆ្នោតទាំង២ចុងក្រោយនេះ មានបរិយាកាសសន្តិសុខ និងរបៀបរៀបរយល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ពិសេសបានប្រព្រឹត្តទៅដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ និងមានតម្លាភាព។ ឯកឧត្តម បានថ្លៃងអំណរគុណគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ដែលផ្ដល់កិច្ចសហការយ៉ាងល្អលើការងារសន្តសុខបោះឆ្នោត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×