ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំតំបន់អន្ទង់អាំង (ភ្នំ១៥០០)ឱ្យទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោង៖ ព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពី ច្បាប់តំបន់ការពារធម្មជាតិ លិខិតលេខ ៧៨៥ សជណ ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការរៀបចំ ដោះស្រាយតំបន់អន្ទង់អាំង (ភ្នំ១៥០០) ឱ្យទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់
រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូន ប្រជាពលរដ្ឋទាំង ៩៨គ្រួសារ ដែលពាក់ព័ន្ធ នឹងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជ្រាបថា៖ ដើម្បីអនុវត្តតាមស្មារតី នៃលិខិតលេខ ៧៨៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង ទាំង៩៨គ្រួសារដូចខាងក្រោម៖
១. សម្រាប់ប្រជាពលរដ្ឋទាំង ៦៧គ្រួសារ ដែលយល់ព្រមចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ត្រូវបន្តសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ដើម្បីត្រៀមរុះរើចាកចេញពីតំបន់អន្ទង់អាំង ទៅទីតាំងថ្មី ដែល រដ្ឋបាលខេត្ត ទទួលបានការអនុញ្ញាតក្នុងការរៀបចំគោលនយោបាយដីធ្លី ពីរាជរដ្ឋាភិបាល ជូនទាំង ៦៧គ្រួសារ ព្រមទាំងត្រូវចូលរួមដាំដើមឈើស្តារឡើងវិញ នៅតាមចន្លោះដីដែលគ្មានដំណាំ ឬដីទំនេរដែលធ្លាប់កាន់កាប់កន្លងមក។
២. សម្រាប់ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដែលយល់ព្រមចាកចេញ ហើយទទួលបានគោលការណ៍ អនុញ្ញាតបន្តប្រមូលផលទុរេនរយៈពេលបីឆ្នាំ ដើម្បីរំលោះទុនដែលបានវិនិយោគ ដោយត្រូវចូលរួមដាំដើមឈើនៅ ចន្លោះដីដែលគ្មានដំណាំ និងមិនត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែម ប៉ុន្តែអាចកាន់កាប់ និងអាស្រ័យផលនៅ ទីតាំងថ្មីជាបណ្តោះអាសន្ន លុះត្រាបោះបង់ទីតាំងចាស់ ទើបមានសិទ្ធស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងថ្មីបាន។
៣. សម្រាប់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង ត្រូវពិចារណាសម្រេចចិត្ត ក្នុងរយៈពេល៣០ថ្ងៃ (ចាប់ពីថ្ងៃជូនដំណឹង) ក្នុងការយល់ព្រមចាកចេញ ហើយដាក់ពាក្យ ស្នើសុំគោលនយោបាយដីធ្លី មករដ្ឋបាលខេត្តពោធិ៍សាត់។ ករណីផុតកំណត់រយៈពេល៣០ថ្ងៃ នៅតែមិនព្រមសម្រេចចិត្ត រុះរើចាកចេញ ឬដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លីទេ ការខាតបង់ផលប្រយោជន៍ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋជាការទទួល ខុសត្រូវដោយខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








