Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ៖ ពេលប្រឡងជ្រើសរើស​ នាយទាហាន ពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើស​ នាយទាហាន ពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ។

នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧​ នៃរដ្ឋសភានេះ គឺរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូន អតីតយុទ្ធជនដោយបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការជារឿយៗជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជំហរមិនគាំទ្រការកំណែទម្រង់ផ្សេងៗ ដែលប៉ះពាល់ដល់អតីតយុទ្ធជន។ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់អតីតយុទ្ធជន ក្នុងការវិលត្រឡប់មកបំពេញការងារ តាមរយៈតួនាទីជាក្រុមប្រឹក្សា ឬតួនាទីនៅមូលដ្ឋាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងការងារ គិតគូរដល់អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នៅពេលរើសកម្លាំង ត្រូវផ្ដល់ឱកាសឲ្យកូនចៅអតីតយុទ្ធជននៅមូលដ្ឋានតែម្ដង កុំយកពីរាជធានីភ្នំពេញ ឬបណ្ដាខេត្តផ្សេងៗទៅ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន មិនមែនមានន័យថា យុវជនដែលជាកូនចៅប្រជាពលរដ្ឋធម្មតាមិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ដែល លោកតា លោកយាយ, អ៊ំ ពូ មីង, បងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ប្រារព្ធខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋជាទីស្នេហានៃយើង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលិកម្មប្រកបដោយស្មារតី ស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របាន រួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី, ការកសាងសុខសន្តិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និង ប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធទិវានេះ ក្នុងស្មារតីសម្តែងការចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុងឧត្តមរបស់វីរយុទ្ធជន, វីរយុទ្ធនារី, ប្រជាជន និង អ្នកស្នេហាជាតិ ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បី រំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និង រីកចម្រើនរហូតដល់សព្វថ្ងៃ ។

ទិន្នន័យអតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់ គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានូវប្រសិទ្ធភាព និង សុវត្ថិភាពក្នុងការបើកផ្ដល់ របបសន្តិសុខសង្គមប្រចាំខែ ។

អនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះបីជារាជរដ្ឋាភិបាលមានការគិតគូរ និងបានដាក់ចេញនូវវិធានការគ្រប់ជ្រុង ជ្រោយ, សម្តេចធិបតី បានផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិស ធានា ដល់ការសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដូចខាង
ក្រោម៖
ទី១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈ- កម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ត និង បន្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម
និងតម្រូវការរបស់ អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ និងរៀបចំកម្មវិធីអភិវឌ្ឍ សហគមន៍អតីតយុទ្ធជនឱ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់នូវសេវាគាំពារសុខុមាលភាពអតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ។
ទី២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាព ក្នុងការបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន និងប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់ឧបត្ថម្ភបូជាសព និងប្រាក់ឧបត្ថម្ភមួយលើក, តាមរយៈ មូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។
ទី៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីត- យុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បន្ត ជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីត
កងកម្លាំងប្រដាប់អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ទី៤. សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ត្រូវបន្តពង្រឹង ពង្រីកសកម្មភាព សមាគមតាមស្មារតីនៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតតំណាងសមាគម អតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី២។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជនក្នុងសង្គម និងលើក ទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងការចូលរួមឱ្យបានសកម្មក្នុងចលនា ប្រឡងប្រណាំង ៣ ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ។
ទី៥. ក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន, ជាពិសេស ត្រូវយកចិត្ត ទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព បសស ជូនជនមានពិការភាព និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ និង បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់ សៀវភៅធនាគាររបស់គ្រួសារជនពលី និង គ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និង ព្យាបាលជំងឺនៅមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ បសស ដោយមិនបង់ប្រាក់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គោលបំណង៣ដែលរាជរដ្ឋាភិបាលកម្ពុជា គិតគូរដល់អតីតយុទ្ធជន រួមមាន កិត្តិយស ជីវភាព និងឱកាស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវបំផុសស្មារតីដឹងគុណជានិច្ចដល់អតីតយុទ្ធជន។ អតីតយុទ្ធជន នៅតែជាគ្រួសារតែមួយរបស់កងកម្លាំងប្រដាប់អាវុធ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជីវភាពរបស់អតីតយុទ្ធជន ត្រូវតែបន្ដគិតគូរ មិនមែនចេញពីជួរហើយឈប់គិតនោះទេ។ សម្ដេចច្រានចោលសំណើដែលធ្លាប់លើកឡើង ឲ្យកាត់ចោលអតីតមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល ទុកចោលអតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការតម្លើងប្រាក់ឧបត្ថម្ភដល់អតីតយុទ្ធជនម្នាក់៥ម៉ឺនរៀល រាជរដ្ឋាភិបាលចំណាយ១លានដុល្លារមួយខែ ស្មើនឹងមួយឆ្នាំ១០លានដុល្លារ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភ និងកសាងផ្ទះជូនអតីតយុទ្ធជន។ សម្ដេចអរគុណទេសរដ្ឋមន្ដ្រី គន់ គីម ដែលបន្ដគៀរគរដល់សប្បុរសជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពចំពោះអតីតយុទ្ធជន ដែលធ្លាប់វាយប្រហារគ្នាក្នុងជំនាន់សង្គ្រាម ហើយពេលនេះអាចមករស់នៅក្នុងភូមិជាមួយគ្នា ផ្ទះក្បែរគ្នា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយច្រើនណាស់ ចំពោះគ្រួសារអតីតយុទ្ធជន ពិសេសបេឡាជាតិរបបសន្ដិសុខសង្គម។ ពេទ្យយោធា ពេទ្យភូមិភាគ ព្យាបាលជូនដល់អតីតយុទ្ធជនដោយមិនគិតថ្លៃ ដោយប្រើប្រាស់ប័ណ្ណបសស បូកជាមួយពេទ្យរដ្ឋផ្សេងទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×