Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាលើការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន៨០០នាក់

ភ្នំពេញ ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន ៨០០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ជាច្រើនរូប។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានរម្លឹកពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ២៥០នាក់កន្លងទៅ ក្រសួងមុខងារសាធារណៈបានអនុវត្តរៀបចំដំណើរការប្រឡងគឺទទួលបានសមិទ្ធផលគួរជាទីមោទនភាព ដោយបានអនុវត្តឈរលើគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» និងឈរលើស្មារតី «ចេះ គឺជាប់»។ ទន្ទឹមនោះតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ពីវឌ្ឍនភាពនៃការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន២៥០នាក់កន្លងទៅ ដោយក្រសួងបានសម្រេចការងារមួយចំនួនដូចជា៖ ធ្វើការប្រកាសតែងតាំងមន្រ្តីកសិកម្មឃុំ ការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ការរៀបចំសលាកបត្រមន្រ្តីរាជការ ការបណ្តុះបណ្តាលបន្ថែមវគ្គសិក្សាមួយចំនួន និងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទៅតាមប៉ុស្តិ៍រដ្ឋបាលនីមួយៗជាដើម។

អង្គប្រជុំបានពិភាក្សាទៅលើរបៀបវារៈ៖ ១)ការរៀបចំយន្តការការងារលើដំណើរការរៀបចំការប្រឡងប្រជែង ដើម្បីធ្វើការជូនដំណឹងនិងផ្សព្វផ្សាយ ២)ការកំណត់មុខតំណែង គុណវុឌ្ឍិ ឯកទេសជំនាញ និងតម្រូវការមន្រ្តីជំនាញពិតប្រាកដដោយមានការបញ្ជាក់ច្បាស់លាស់ពីរដ្ឋបាលឃុំ និងស្រុក។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកំណត់ឱ្យអង្គភាពជំនាញរបស់ក្រសួងទាំងពីរសហការរៀបចំការងារដែលបានបែងចែកតាមស្មារតីអង្គប្រជុំ ដើម្បីបន្តយន្តការក្នុងការកំណត់ស្តង់ដាររួម ដាក់ជូនរាយការណ៍ថ្នាក់ដឹកនាំពិនិត្យសម្រេច៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×